ហុងកុង​ប្រារព្ធ​ខួប​នៃ​ការប្រគល់​ទីក្រុង​នេះ​ទៅឱ្យ​ចិន​គ្រប់គ្រង នៅពេល​មេដឹកនាំ​សន្យា​ដូរ​ស្ទីល​ដឹកនាំ​

748
ចែករម្លែក

​រដ្ឋាភិបាល​ហុងកុង​បាន​ប្រារព្ធ​ខួប​លើក​ទី​២២​នៃ​ការប្រគល់​ក្រុង​ហុងកុង​ដែល​ធ្លាប់​នៅក្រោយ​អាណានិគម​របស់​អង់គ្លេស​នេះ ឱ្យទៅ​ចិន​គ្រប់​គ្រង់​វិញ ខណៈ​ដែល​ប៉ូលិស​​បាន​ប្រឈម​នឹង​ក្រុមអ្នកតវ៉ា​នៅ​ខាងក្រៅ​កន្លែង​ធ្វើ​ពិធី​នេះ​។​

ប៉ូលិស​ប្រើ​ម្សៅ​ម្ទេស​និង​ដំបង​ដើម្បី​រារាំង​កុំអោយ​អ្នក​ប្រឆាំង​តវ៉ា​ចូល​ជិត​ពិធី​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​

​ពិធី​បង្ហូតទង់ជាតិ​មួយ ត្រូវបាន​ធ្វើឡើង​ក្រោម​ការការពារ​សន្តិសុខ​ដ៏​តឹងរឹង​កាល​ពី​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​(​ទី​១​ខែកក្កដា​) ដោយ​ប៉ូលិស​ប្រើ​ខែល​ការពារ​និង​ម្សៅ​ម្ទេស​ដើម្បី​រុញច្រាន​​ក្រុមបាតុករ​ឱ្យ​ថយក្រោយ ខណៈ​ដែល​ពួកគេ​បាន​បិទផ្លូវ​នៅក្បែរនោះ​។​

​ក្រុម​អ្នកដឹកនាំ​ក្រុង​ហុងកុង​និង​ភ្ញៀវកិត្តិយស​បាន​មើល​ពិធី​នេះ​នៅ​ខាង​ពី​ក្នុង​មជ្ឈមណ្ឌល​សន្និបាត ដោយ​ជំនួស​ការធ្វើ​ពិធី​នៅ​ខាងក្រៅ​ដូច​ដែល​ពួកគេ​ប្រារព្ធ​ធ្វើ​ជា​ធម្មតា​។ ​រដ្ឋាភិបាល​នេះ​បាន​លើក​ហេតុផល​ដោយសារ​អាកាសធាតុ​មិនល្អ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​បន្តិចបន្តួច កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ។​

​ការហែក្បួន​ដែល​គ្រោង​ធ្វើ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ត្រូវបាន​រំពឹងថា​នឹង​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ធម្មតា​ដោយសារតែ​មាន​ការតវ៉ា​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល​​នៅ​ពេល​ថ្មីៗ​នេះ​ដោយសារ​តែ​ប្រជាពលរដ្ឋ​ហុងកុង​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​ថា ចិន​កំពុងតែ​ធ្វើ​ឱ្យ​ធ្លាក់ចុះ​នូវ​សេរីភាព​របស់​ក្រុង​ហុងកុង​។​

​ក្នុង​ពិធី​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ នាយក​ប្រតិបត្តិ​ហុងកុង លោកស្រី ការី ឡាំ បាន​សន្យា​ដូរ​ស្ទីល​ដឹកនាំ​របស់​លោកស្រី ដើម្បី​ធ្វើអោយ​វា​កាន់តែ​«​បើក​ចំហ​និង​ងាយស្រួល​ឡើង​»​។​

​ក្នុង​សុន្ទរកថា ដែល​លោកស្រី​បាន​ទទួលស្គាល់​ការមិនសប្បាយចិត្ត​ក្នុងចំណោម​អ្នក​ប្រឆាំង​តវ៉ា​អំពី​ពង្រាង​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​មួយ លោកស្រី​បាន​សន្យា​«​ជួប​ដោះ​​ស្រាយ​យ៉ាងសកម្ម​ជាមួយ​ក្រុម​មនុស្ស​វ័យក្មេងៗ​មក​ពី​សវ​តា​ផ្សេងៗ​គ្នា​តាមរយៈ​បណ្តាញ​ផ្សេងៗ​ដើម្បី​ស្តាប់​គំនិត​របស់​គេ​»​។​

​ដោយ​ចង់​និយាយ​សំដៅ​ទៅ​រក​ការប្រឆាំង​តវ៉ា​អស់​ពេល​រាប់​សប្តាហ៍​ប្រឆាំងនឹង​ច្បាប់​បត្យាប័ន​ដែល​អនុញ្ញាត​អោយ​ចាប់​បញ្ជូន​មនុស្ស​ពី​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិនដីគោក​ លោកស្រី​បាន​និយាយថា​«​ឧបទ្ទវហេតុ​ដែល​បាន​កើត​នៅ​ប៉ុន្មាន​ខែ​មកនេះ បាន​នាំ​ដល់​បញ្ហា​ប្រទូសរ៉ាយ​និង​ជម្លោះ​រវាង​សាធារណជន​និង​រដ្ឋាភិបាល​។​ហេតុការណ៍​នេះ​នាំអោយ​​ខ្ញុំ​ដឹង​ថា ខ្ញុំ​ជា​អ្នកនយោបាយ​ម្នាក់ ត្រូវតែ​រំលឹក​ខ្លួនឯង​គ្រប់ពេល​អំពី​ការស្វែងយល់​អំពី​អារម្មណ៍​របស់​សាធារណជន​អោយបាន​ត្រឹមត្រូវ​។​ខ្ញុំ​ឥឡូវ​ដឹង​ច្បាស់​ថា​នៅពេល​យើង​មាន​​ចេតនា​ល្អ យើង​នៅ​ត្រូវការ​ការបើកចំហ​និង​ការ​បង្កលក្ខណៈ​ងាយស្រួល​។​នៅពេល​រដ្ឋាភិបាល​ត្រូវ​ធានា​ប្រសិទ្ធភាព​រដ្ឋបាល​វា​នៅ​ត្រូវការ​ស្តាប់​មតិ​របស់​គេ​ដោយ​អត់ធ្មត់​»៕​ដោយ​៖​សុខា​/​វាសនា​

​មេដឹកនាំ​ហុងកុង លោកស្រី​ការី ឡាំ ចាប់ផ្តើម​ការ​កាន់​អំណាច​ឆ្នាំ​ទី​៣​នៅ​ទីក្រុង​នេះ ជាមួយនឹង​ការ​ប្រារព្វ​ខួប​ទី​២២​នៃ​ការប្រគល់​ហុងកុង​អោយ​ចិន​គ្រប់គ្រង​វិញ​

ទីតាំងផ្សាយពាណិជ្ជកម្ម