ហែល​ទឹក​ជ្រើសរើស​ជើងឯក យុវជន​អាស៊ាន លើក​ទី​៤៣ កម្ពុជា មិនបាន​មេដាយ តែ​គុណ​ផល​ល្អ​ជាង​មុន​

1006
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ព្រឹត្តិការណ៍ ប្រកួត​កីឡាហែលទឹក ជ្រើសរើស​ជើងឯក យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី​៤៣ “(43 rd South East Asia Age Group Swimming Championship 201 9)” ដែល​ធ្វើឡើង នៅ​ពហុ​កីឡដ្ឋាន មរតក​តេ​ជោ ពីថ្ងៃ​ទី ២៨ មក​នោះ បានបញ្ចប់​ហើយ នៅ​ថ្ងៃទី​៣០ មិថុនា ។​

​ប្រទេស​ចំនួន ១០ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ចូលរួម​នោះ មាន​ប្រទេស​តែ ៤ ប៉ុណ្ណោះ ដែល​មិនបាន​មេដាយ ដែល​ក្នុងនោះ​មាន​កម្ពុជា មួយ​ដែរ ។ ប្រទេស​ដែល​មិនបាន​មេដាយ​នោះ មាន​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​ប្រទេស​ព្រុយ​ណេ ដា​រុយ​ហ្សា​ឡឹម ។​

បំពាក់​មេដាយ ដល់​ជ័យលាភី​

​វៀតណាម តាំងពី​ថ្ងៃ​ដំបូង រហូតដល់​ថ្ងៃ​បញ្ចប់ គឺ​ឈរ​នៅ​កំពូល​តារាង រហូត ដោយ​ដណ្ដើមបាន​មេដាយ ចំនួន ១០៩ គ្រឿង ក្នុងនោះ មាស​៤៣​គ្រឿង ប្រាក់​៤១​គ្រឿង និង​សំរិទ្ធ​៤១​គ្រឿង ។ ប្រទេស​ថៃ ឈរ​នៅ​លំដាប់​ទី​២ ដោយ​រកបាន​មេដាយ​សរុប ចំនួន​៧៦​គ្រឿង ក្នុងនោះ មាស​២៨​គ្រឿង គ្រឿង ប្រាក់​១៨​គ្រឿង និង​សំរិទ្ធ​១៨​គ្រឿង​។​

​ប្រទេស​សិង្ហបូរី ដណ្តើម​មេដាយ​៤៣​គ្រឿង ដោយមាន​មេដាយមាស ១១​គ្រឿង ប្រាក់​១៨​គ្រឿង និង​សំរិទ្ធ​១៨​គ្រឿង​។ ប្រទេស​ឥណ្ឌូណេស៊ី ដណ្តើម​មេដាយ ២០​គ្រឿង ក្នុងនោះ មេដាយមាស ១០​គ្រឿង ប្រាក់ ៣​គ្រឿង និង​សំរិទ្ធ ៧​គ្រឿង​។ ប្រទេស​ហ្វីលីពីន ដណ្ដើមបាន​មេដាយ សរុប​ចំនួន ៣០​គ្រឿង ក្នុងនោះ មេដាយមាស ៨​គ្រឿង ប្រាក់ ១៣​គ្រឿង និង​សំរិទ្ធ ៩​គ្រឿង ។ ប្រទេស​ម៉ាឡេស៊ី ដណ្តើមបាន​មេដាយ ៣៧ គ្រឿង ក្នុងនោះ មេដាយមាស ៧​គ្រឿង ប្រាក់ ១៣​គ្រឿង និង​សំរិទ្ធ ១៧​គ្រឿង ។​

បំពាក់​មេដាយ ដល់​ជ័យលាភី​

​វិញ្ញាសា​ប្រកួត គឺមាន​សរុប​ទាំងអស់​ចំនួន ១០៥ វិញ្ញាសា ដែល​រួមមាន​ក្រុមទី ១ គឺ​អាយុ​ក្រោម​១៣ ឆ្នាំ​កីឡាករ មាន ១៦ វិញ្ញាសា និង​កីឡាការិនី ១៦ វិញ្ញាសា​។ ក្រុមទី​២ អាយុ​ចាប់ពី​១៤ ដល់​១៥​ឆ្នាំ កីឡាករ មាន​ចំនួន ១៦ វិញ្ញាសា​កីឡាការិនី ១៦ វិញ្ញាសា និង​វិញ្ញាសា​ជា​ក្រុម មាន​ចំនួន ៩ វិញ្ញាសា ។ ក្រុមទី​៣ អាយុ​ចាប់ពី ១៦ ដល់ ១៨ ឆ្នាំ​កីឡាករ មាន​១៦ វិញ្ញាសា និង​កីឡាការិនី​មាន ១៦​វិញ្ញាសា ។ ក្នុងការ​ប្រកួត មាន​មន្ត្រី​គណៈកម្មការ បច្ចេកទេស​អន្តរជាតិ ចំនួន​១៥​នាក់ មន្ត្រី​គណៈកម្មការ​បច្ចេកទេស​កម្ពុជា ចំនួន​១០០ នាក់ ។​

​មន្ត្រី​បច្ចេកទេស​កម្ពុជា ចំនួន ២ រូប បាន​ក្លាយជា​មន្ត្រី​ឆ្នើម ដោយបាន​ទទួល​ការសរសើរ ពី​ប្រធាន​សហព័ន្ធ​កីឡាហែលទឹក​អាស៊ាន ទៀតផង ។​

​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ ខ្មែរ​កីឡាហែលទឹក ទទួលស្គាល់ថា កម្ពុជា ពិតជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​មួយ លំបាក​មែន​។ កីឡាករ -​កីឡាការិនី វ័យក្មេង​កម្ពុជា មានគុណ​ផល (Perfomance) ល្អ​ជាង​មុន ដោយបាន​បំបែក​នូវ ពេលវេលា​ចាស់ បង្កើតឡើង​នូវ​ពេលវេលា​ថ្មី ដែល​ប្រសើរ​ជាង​មុន ។ នេះ​ជា​មេរៀន ដែល​យើង​ត្រូវតែ​បង្កើន ការខិតខំ​ឲ្យ​កាន់តែខ្លាំង​ជាង​នេះ ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម