អង្គភាព​អ្នកនាំពាក្យ​ជម្រាបជូន​នូវ​ចម្លើយ​ដល់​អ្នកសារព័ត៌មាន​ទាក់ទង​ទៅនឹង​កិច្ចប្រជុំ​កំពូល G20

917
ចែករម្លែក

ដោយ​: លីន​ណា
​ភ្នំពេញ​:
អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩​នេះ បានចេញ​នូវ​សេចក្ដីប្រកាស​ព័ត៌មាន​ជម្រាបជូន​នូវ​ចម្លើយ​ដល់​អ្នកសារព័ត៌មាន ក៏ដូចជា​សាធារណជន​ទាំងអស់ ដែល​បាន​តាំង​សំណួរ​ទាក់ទង​ទៅនឹង​ព្រឹត្តិការណ៍ នៃ​កិច្ចប្រជុំ​កំពូល G20 និង​កិច្ចប្រជុំ​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ជាមួយ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េខាងត្បូង​) និង​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ (​កូរ៉េខាងជើង​) ដោយឡែក​ពីគ្នា​។​

​អង្គភាព​អ្នកនាំពាក្យ សូម​ស្វាគមន៍ និង​សាទរ​ចំពោះ​ការយល់ស្រប​ជាគោលការណ៍ ដែល​ធ្វើឡើង​ដោយ​ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក ស៊ី ជី​ង ពីង និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ចេ ត្រាំ នៅក្រៅ​កិច្ចប្រជុំ​ផ្លូវការ​នេះ ក្នុង​កិច្ច​បន្ត​ការចរចា ដើម្បី​ឈានទៅរក​ការពង្រឹង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​។

​អង្គភាព​អ្នកនាំពាក្យ ក៏​យល់ឃើញ​ផងដែរ​ថា ការចូលរួម​របស់​អង្គការសហប្រជាជាតិ ក៏ដូចជា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ថ្នាក់ដឹកនាំ​របស់​ប្រទេស​ឧស្សាហកម្ម​សំខាន់ៗ នៅក្នុង​កិច្ចប្រជុំ​កំពូល G20 ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី ២៩ មិថុនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន បានបង្ហាញ​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​កាន់តែ​ខ្ពស់ ចំពោះ​ការរួមចំណែក​អភិវឌ្ឍ​ពិភពលោក​ដោយ​ចីរភាព​។
​អង្គភាព​អ្នកនាំពាក្យ សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល G20 បាន​គ្របដណ្ដប់​របៀបវារៈ​សំខាន់ៗ​មួយចំនួនទៀត ដូចជា​ពាណិជ្ជកម្ម​សេរី បម្រែបម្រួល​ធាតុអាកាស បច្ចេកវិទ្យា​សម្រាប់​ការអភិវឌ្ឍ ក៏ដូចជា​ការគិតគូ​ទៅដល់​ផ្នែក​បរិស្ថាន និង​ប្រធានបទ​ផ្សេងៗ​ទៀត​។​

​អង្គភាព​អ្នកនាំពាក្យ សម្រាប់​ដំណើរការ​វិវត្តន៍​នៅ​ឧបទ្វីប​កូរ៉េ បាន​យល់ឃើញ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ជំនួប​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ជេ​អ៊ី​ន និង​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ចេ ត្រាំ នៅ​ចុង​សប្ដាហ៍​កន្លងមកនេះ ក៏​បង្ហាញឱ្យឃើញ​នូវ​ការចូលរួម​វិភាគទាន​សម្រាប់​ផលប្រយោជន៍​នៅ​ឧបទ្វីប​កូរ៉េ ក៏ដូចជា​សន្ដិសុខ​ពិភពលោក​ផងដែរ​។ ចំណែកឯ ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ចេ ត្រាំ និង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ (​កូរ៉េខាងជើង​) លោក គីម ជុង​អ៊ុន នៅ​តំបន់​ដែល​គ្មាន​យោធា (DMZ) ក៏​ជាការ​បង្ហាញឱ្យឃើញ​នូវ​សុ​ឆន្ទៈ​ពិតប្រាកដ របស់​មេដឹកនាំ​ទាំងពីរ​រូបនេះ ដើម្បី​ប្រែក្លាយ​ពី​ភាព​ប្រទូសរ៉ាយ​ជា​អចិន្ត្រៃយ៍ ដែល​បានអូសបន្លាយ​អស់​រយៈពេល ៧០​ឆ្នាំ ជំនួស​ដោយ​ការដោះស្រាយ​តាមរបៀប​ការទូត និង​វប្បធម៌​សន្ទនា ដើម្បី​ឈានទៅរក​ដំណោះស្រាយ​ដ៏​សមស្រប​មួយ និង​ប្រែក្លាយ​ឧបទ្វីប​កូរ៉េ​នេះ បានទទួល​នូវ​សន្តិភាព​ពេញលេញ និង​ចីរភាព​ក្នុងការ​អភិវឌ្ឍ​ឧបទ្វីប​នេះ ក៏ដូចជា​ការរួមចំណែក​ដល់​សុខុមាលភាព​ប្រជាជន​ក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល​។​

​អង្គភាព​អ្នកនាំពាក្យ សូម​រំលឹក​ផងដែរ​ថា ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ម៉ឺងម៉ាត់ និង​ប៉ិនប្រសព្វ​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រែក្លាយ​ព្រំដែន​កម្ពុជា​ដោយ​ជោគជ័យ ពី​សមរភូមិ​ទៅជា​ព្រំដែន​សន្តិភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​រួមគ្នា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម