ស្លាប់​ម្នាក់​ដោយ​ជិះ​ម៉ូតូ​ប៉ះ​ដៃចង្កូត​ខ្ទាត​មនុស្ស​ចូល​ក្រោម​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​កិន​ខ្ទេច​ខ្លួន​

537
ចែករម្លែក

ដោយ​: គ្រញូង​
​បាត់ដំបង​:
បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង កាលពី​រសៀល​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៩ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៣ ចំណុច​ជ្រុង​ខាងលិច​សាលាដំបូង​ខេត្ត ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

​លោក ឆៃ ចន្ទ​ដា​រ៉ា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឃឹម វង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ជិត​វត្ត​រំដួល ស្ថិតក្នុង​ភូមិ​វត្ត​រំដួល សង្កា​ត​ចម្ការ​សំរោង ក្រុង​បាត់ដំបង​។ ចំណែក​តៃកុង​ឡាន​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​បាន​ទុក​រថយន្ត​ចោល​ហើយ​រត់​គេចខ្លួនបាត់​ស្រមោល​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​មាន​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​១​គ្រឿង ពាក់​ស្លាក​លេខ បាត់ដំបង 2A 2967 របស់​ក្រុមហ៊ុន អ៊ុក​លី ហើយ​មាន​អ្នកជិះ​ម៉ូតូ​១​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​បាន​ជិះ​វ៉ា​រថយន្ត ហើយ​ប៉ះ​ដៃចង្កូត​ធ្វើ​ឲ្យ​ម្ចាស់​ខ្ទាតចូល​ក្រោម​ឡាន​កិន​ខ្ទេច​ខ្លួន​ស្លាប់​នៅនឹងកន្លែង​។ ក្រោយ​កើតហេតុ​តៃកុង​ឡាន បាន​ចត​រថយន្ត​ចោល ហើយ​រត់​គេចខ្លួនបាត់​។​
ក្រោយ​ពិនិត្យ​សាកសព​រួច បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក​រថយន្ត និង​ម៉ូតូ ត្រូវ​ប៉ូលិស​ចរាវ​រណ៍​ខេត្ត​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត រង់ចាំ​ហៅ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម