ណាហ្គា​វើ​លដ៍​ឧបត្ថម្ភ​សម្ភារៈ​សិក្សា​រយៈពេល​មួយឆ្នាំ​ដល់​សាលារៀន​ចំនួន​៥៥ ក្នុង​ខេត្ត​ចំនួន​១១

1057
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ និង​លើកកម្ពស់​វិស័យ​អប់រំ​ក្នុងប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១ កក្កដា ឆ្នាំ​២០១៩​នៅ​ក្រសួង​អប់រំ​ណាហ្គា​វើ​លដ៍ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ដើម្បី​ឧបត្ថម្ភ​សម្ភារ​សិក្សា​រយៈពេល​មួយឆ្នាំ​ដល់​សាលារៀន​ចំនួន ៥៥ នៅក្នុង​ខេត្ត​ចំនួន​១១​។​

​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ទំនួល​ខុសត្រូវ​ក្នុងសង្គម​របស់​ណាហ្គា​វើ​លដ៍​ដែល​ផ្តោតទៅលើ​ការលើកកម្ពស់​វិស័យ​អប់រំ ការសហការ​នេះ ក៏​នឹង​ផ្តោតទៅលើ​ការលើកកម្ពស់​ការយល់​ដឹង​អំពី​សុវត្ថិភាព​អគ្គីភ័យ និង​ការឧបត្ថម្ភ​បំពង់​ពន្លត់អគ្គីភ័យ​នៅតាម​អនុវិទ្យាល័យ និង​វិទ្យាល័យ​ផងដែរ​។​

​នាយក​គ្រប់គ្រង​ណាហ្គា​វើ​លដ៍ លោក Pern Chen បាន​មានប្រសាសន៍ថា “​យើង​មាន​កិត្តិយស​យ៉ាងខ្លាំង​ដែល​បាន​សហការ​ជាមួយ​ក្រសួង​ដើម្បី​ជួយ​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​អប់រំ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពីព្រោះ​វា​ដើរ​យ៉ាងសំខាន់​ក្នុង​ការកសាង​ប្រទេសជាតិ​។ ចាប់តាំងពី​ឆ្នាំ​២០១៤ យើង​បាន​ចូលរួម​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការសិក្សា​រៀនសូត្រ​ប្រសើរឡើង និង​បានផ្តល់​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​ជាង ១៨១.០០០ នាក់ នៅតាម​សាលារៀន​ជាង ១០០ នៅតាម​ខេត្ត​ចំនួន ១០ ក្នុងប្រទេស​កម្ពុជា​។ ក្នុងឆ្នាំនេះ យើង​បាន​ពង្រីក​គម្រោង​នេះ​ទៅកាន់​ខេត្ត​មួយទៀត​។ យើង​សង្ឃឹមថា ការឧបត្ថម្ភ​របស់​យើង នឹង​ជួយ​គ្រួសារ​ដែលមាន​ជីវភាព​ខ្វះខាត​ឲ្យ​ទទួលបាន​សម្ភារ​សិក្សា​សម្រាប់​កូនៗ​របស់​ពួកគេ​”​។​

“​ក្នុង​រយៈពេល ២ ឆ្នាំ​កន្លងទៅនេះ យើង​បានផ្តល់​សិក្ខាសាលា​ស្តីពី​សុវត្ថិភាព​អគ្គីភ័យ​ផងដែរ​ដែល​បានផ្តល់​ផលប្រយោជន៍​ដល់​សិស្សានុសិស្ស​ប្រមាណ ៥.០០០ នាក់​។ ជាមួយ​អនុស្សរណៈ​យោគយល់​គ្នា​នេះ យើង​ក៏​នឹង​ពង្រីក​កម្មវិធី​លើកកម្ពស់​ការយល់ដឹង​អំពី​សុវត្ថិភាព​អគ្គីភ័យ​នេះ​ទៅដល់​សាលារៀន​ច្រើនជាង​មុន ជាពិសេស​ជួយ​អប់រំ​សហគមន៍​របស់​យើង និង​ការពារ​ពួកគេ​ពី​មហន្តរាយ​នៃ​អគ្គីភ័យ​”​។

លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា “​យើង​សូម​សរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការឧបត្ថម្ភ និង​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ក្នុងការ​ជួយឧបត្ថម្ភ និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​អប់រំ​ក្នុងប្រទេស​កម្ពុជា និង​ផ្តល់​ចំណេះដឹង​សង្គ្រោះ​ជីវិត​ពី​អគ្គីភ័យ​ដល់​សិស្សានុសិស្ស និង​សហគមន៍​របស់​យើង​”​។​

​ការចែក​សម្ភារ​សិក្សា ត្រូវបាន​ធ្វើឡើង​នៅតាម​ទីធ្លា​សាលាបឋមសិក្សា​ដោយមាន​អ្នកស្ម័គ្រចិត្ត​នៃ​ក្រុមការងារ​សង្គម​ណាហ្គា​វើ​លដ៍​បេះដូង​សប្បុរស​ជា​អ្នក​ជួយ​ចែក​សម្ភារ​សិក្សា​ដល់​សិស្សានុសិស្ស​ថ្នាក់​ទី ១-៦ និង​លើកទឹកចិត្ត​ឲ្យ​ពួកគេ​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​អនាគត​ភ្លឺស្វាង និង​សម្រេច​ក្តី​ស្រមៃ​របស់​ពួកគេ​។ ណាហ្គា​វើ​លដ៍ ក៏បានផ្តល់​រង្វាន់​ដល់​សិស្ស​ពូកែ​ផងដែរ​ដើម្បី ឲ្យ​ពួកគេ​កាន់តែ​ខិតខំ​រៀនសូត្រ និង​មិន​បោះបង់​គោលដៅ​ជីវិត​របស់​ពួកគេ​។​

​រីឯ កម្មវិធី​លើកកម្ពស់​ការយល់ដឹង​អំពី​សុវត្ថិភាព​អគ្គីភ័យ​វិញ ត្រូវបាន​ធ្វើឡើង​នៅតាម​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទូទាំង​រាជធានី​ភ្នំពេញ ហើយ​ក្នុងឆ្នាំនេះ ណាហ្គា​វើ​លដ៍​នឹង​ពង្រីក​កម្មវិធី​សង្គ្រោះ​ជីវិត​ដ៏​មាន​សារសំខាន់​នេះ ទៅកាន់​ខេត្តកណ្តាល កំពង់ស្ពឺ និង​ខេត្តតាកែវ​។ ការបណ្តុះបណ្តាល និង​សិក្ខាសាលា ត្រូវបាន​ផ្តល់ជូន​ដោយ​ក្រុមការងារ​ជំនាញ​ពន្លត់អគ្គីភ័យ​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ដើម្បី​អប់រំ​ដល់​សិស្សានុសិស្ស​អំពី​វិធី​បង្ការ​អគ្គីភ័យ និង​សុវត្ថិភាព​អគ្គីភ័យ ព្រមទាំង​ឧបត្ថម្ភ​បំពង់​ពន្លត់អគ្គីភ័យ​ដល់​សាលារៀន​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម