ប្រដាល់​គុន​ខ្មែរ​ចេញដំណើរ​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​

1092
ចែករម្លែក
អ្នក​ដែល​ត្រូវ​ទៅ​ស៊ី​ហ្គេម (​រូប​៖ រ៉ូ​ហ្សា​)

(​ភ្នំពេញ​): ព្រឹក​ថ្ងៃទី​២៥​សីហា អ្នក​ប្រដាល់​គុន​ខ្មែរ​ចំនួន ៥​ប្រភេទ​ទម្ងន់ បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ហើយ ដើម្បី​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ជា​អ្នកដឹកនាំ​ផ្ទាល់​តែម្ដង​។

​គួរ​បញ្ជាក់ថា នេះ​ជា​លើកដំបូង​ហើយ​ដែល​កម្ពុជា​បញ្ជូន​កីឡាប្រដាល់​គុន​ខ្មែរ ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​។ ជាមួយនឹង​ការចេញ​ទៅ​ប្រកួត​នេះ លោក​ប្រធាន​សហព័ន្ធ​បានកំណត់​រយៈពេល​៤៥​ថ្ងៃ ឲ្យ​អ្នក​ប្រដាល់​ដែល​ត្រូវ​ចេញទៅ​ស៊ី​ហ្គេម​ទាំង ៥​រូប រស់នៅ​ជុំគ្នា និង​ហូបបាយ​រួមគ្នា ដោយ​សហព័ន្ធ​ជា​អ្នកចំណាយ​លុយ​លើ​បាយ​ម្ហូប ដោយ​មិន​ឲ្យ​ប៉ះពាល់​លើ​ប្រាក់ខែ ដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា ឧបត្ថម្ភ ១.៨០០.០០០​រៀល ក្នុង​មួយខែ​ឡើយ​។ អ្វីដែល​លោក​ប្រធាន​សហព័ន្ធ​ចង់បាន​នោះ គឺ​មេដាយ​។​

​លោក ឈិ​ត សារឹម ជា​គ្រូបង្វឹក និង​លោក​អេ​ភូ​ថង ដែលជា​គ្រូ​ជំនួយ​បង្ហាញ​នូវ​ជំនឿ​ចិត្ត​ថា នេះ​ជាការ​ចេញទៅ​ប្រកួត​មួយ ដែល​កម្ពុជា​ត្រូវតែ​ដណ្ដើម​មេដាយមាស​ឲ្យ​ខាងតែបាន​។​

​អ្នក​ប្រដាល់​គុន​ខ្មែរ​ទាំង ៥ រូបនោះ​មាន​កីឡាករ ម៉ឺន សុភា​, មឿ​ន សុច​ហ៊ុ​ច​, ឃី​ន ឌី​ម៉ា​, ឡៅ ចិ​ត្រា និង​អ្នក​ប្រដាល់ វ៉ាន់ វឿន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន មិនមាន​បញ្ចេញយោបល់​អ្វី​ទាំងអស់ លោក​គ្រាន់តែ​និយាយថា កីឡាករ​ប្រដាល់​ទាំង ៥​រូប សុទ្ធតែ​ប្ដេជ្ញាចិត្ត​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ព្រោះនេះ​ជា​លើកដំបូង​ហើយ​ដែល​កម្ពុជា​មានឱកាស យក​ក្បាច់គុន​បូរាណ​របស់ខ្លួន ទៅ​ប្រកួត​កីឡា​ថ្នាក់​តំបន់​៕L ដោយ​៖ រ៉ូ​ហ្សា​