គូប្រជែង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​គ្រោង​នឹង​ជួបចរចា​គ្នា​នៅ​កាតា​ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​សន្តិភាព​

594
ចែករម្លែក

​ក្រុមមន្ត្រី​និយាយថា គូប្រជែង​អា​ហ្វ​ហ្គា​នី​ស្ថាន​នានា​នឹង​ជួបប្រជុំគ្នា ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​ខាងមុខ​នៅ​ប្រទេស​កាតា ក្នុងការ​ប៉ុនប៉ង​ថ្មី​បំផុត​ដើម្បី​ទម្លាយ​ភាពទាល់ច្រក​ខាង​នយោបាយ ខណៈ​សហរដ្ឋ​អាម៉េរិក​ស្វះ​ស្វែងរក​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ជាមួយ​ពួក​តា​លី​បង់​ក្នុង​រយៈពេល​បី​ខែ​ទៀត​។​

​ពួក​តា​លី​បង់​បាន​បដិសេធ​ធ្វើការ​ចរចា​ជាមួយ​ប្រធានាធិបតី​លោក​អា​ស្រា​ហ្វ ហ្គា​នី និង ការប៉ុនប៉ង​កាលពីមុន​ដើម្បី​នាំ​ពួក​ឧទ្ទាម​នេះ​ជួបគ្នា​ជាមួយ​ក្រុមមន្ត្រី​រដ្ឋាភិបាល​នៅ​ទីក្រុង​ដូ​ហា​បាន​ដួលរលំ​កាលពី​ខែមេសា​ក្នុង​ជម្លោះ​ជុំវិញ​អ្នកចូលរួម​។​

​អាល្លឺម៉ង់ ដែលជា​អ្នកដើរតួ​សំខាន់​ក្នុងការ​គាំទ្រ​ជា​អន្តរជាតិ​សម្រាប់​រដ្ឋាភិបាល​ក្រោយ​សម័យ​តា​លី​បង់ និង​កាតា ដែល​រក្សា​ទំនាក់ទំនង​ជាមួយ​ពួក​សកម្មប្រយុទ្ធ បាន​និយាយថា ពួកគេ​បានរួម​គ្នា​ពង្រីក​ការអញ្ជើញ​សម្រាប់​កិច្ចពិភាក្សា​មួយ​នៅក្នុង​ទីក្រុង​ដូ​ហា​នៅ​ថ្ងៃអាទិត្យ​និង​ថ្ងៃ​ចន្ទ​ខាងមុខ​។​

​លោក​ម៉ា​គូស ផូ​ត​ហ្សែ​ល (Markus Potzel) អ្នកតំណាង​ពិសេស​របស់​អាល្លឺម៉ង់​សម្រាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ប៉ា​គី​ស្ថាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១​កក្កដា​ដោយ​សហរដ្ឋ​អាម៉េរិក​ថា “​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹងចូលរួម​តែ​ក្នុង​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ​និង​ឈរលើ​ចំណុច​ស្មើភាព​គ្នា​ប៉ុណ្ណោះ​”​។​

​លោក​បាន​និយាយថា “​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​ឈរ​នៅក្នុង​ឱកាស​ដ៏​សំខាន់​សម្រាប់​វឌ្ឍនភាព​ឆ្ពោះទៅរក​សន្តិភាព​”​។​

​លោក​និយាយថា “​សមាសភាព​សំខាន់​នៃ​ដំណើរការ​ណាមួយ​ដែល​នាំទៅដល់​គោលបំណង​នេះ គឺជា​ការចូលរួម​ដោយផ្ទាល់​រវាង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​”​។​

​ដំណឹង​អំពី​កិច្ចប្រជុំ​នេះ​កើតឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេ​វ បានធ្វើ​ដំណើរ​ដោយ​មិន​ប្រកាស​ជាមុន​ទៅកាន់​ទីក្រុង​កា​ប៊ុល​កាលពី​សប្តាហ៍​មុន កន្លែង​ដែល​លោក​បង្ហាញ​ក្តី​សង្ឃឹមថា​នឹងមាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុម​តា​លី​បង់​នៅមុន​ថ្ងៃទី​១​កញ្ញា​។​

​ការកំណត់​ពេលវេលា​ដ៏​មហិច្ឆតា​នេះ​អាច​នឹង​អនុញ្ញាត​ឱ្យមាន​កិច្ចព្រមព្រៀង​មួយ មុនពេល​អា​ហ្វ​ហ្គា​នី​ស្ថាន​រៀបចំ​ការបោះឆ្នោត​នៅក្នុង​ខែកញ្ញា ដែល​ក្រុមមន្ត្រី​លោកខាងលិច​បារម្ភ​ថា​អាច​នឹង​នាំមក​នូវ​អស្ថិរភាព​ថ្មី​មួយទៀត​។​

​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ចង់​ដក​ទាហាន​អាម៉េរិក​ទាំងអស់​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​ជឿជាក់ថា​សង្គ្រាម​ដ៏​យូរ​របស់​អាម៉េរិក ដែល​បានចាប់ផ្តើម​បន្ទាប់ពី​ការវាយប្រហារ​នៅ​ថ្ងៃទី ១១ កញ្ញា ឆ្នាំ​២០០១ លែងមាន​ហេតុផល​ខាង​យោធា​ឬ​ហិរញ្ញវត្ថុ​ទៀតហើយ​៕ ដោយ៖ កញ្ញាដាលីស

ពួក​តា​លី​បង់​បដិសេធ​ធ្វើការ​ចរចា​ជាមួយ​ប្រធានាធិបតី​លោក​អា​ស្រា​ហ្វ ហ្គា​នី

ទីតាំងផ្សាយពាណិជ្ជកម្ម