​ប្រដាល់​សាកល ត្រៀម​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ King-Cup នៅ​ស្រុកថៃ​

666
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: គ្រូ​ប្រដាល់​សាកល ជម្រើសជាតិ​កម្ពុជា គឺ​លោក វ៉ែន សុផល បាន​និយាយ​ឲ្យ​ដឹងថា នៅក្នុង​ខែកក្កដា​នេះ សហព័ន្ធ នឹង​បញ្ជូន​កីឡាករ ៤ រូប និង​កីឡាការិនី ២ រូប ទៅ​ចូលរួម​ប្រកួត ដណ្ដើម​ពានរង្វាន់ ព្រះមហាក្សត្រ​ថៃ (King Cup) នាទី​ក្រុង​បាងកក ប្រទេស​ថៃ ។​

​លោក​បាន​អះអាងថា រូបលោក និង​គ្រូបង្វឹក​ជនជាតិ​គុយបា Rolando Castellano Rodriquez គឺជា​អ្នកដឹកនាំ ទៅ​ចូលរួម​ប្រកួត ។ ការប្រកួត​នេះ អាច​នឹងមាន​ប្រទេស ចូល​រូ​ល​រួម​ចំនួន ៤០ ដែល​មកពី​គ្រប់​ទ្វីប​ទាំងអស់ ។ ពេលនេះ សហព័ន្ធ កំពុងតែ​ប្រវេរ​ប្រវារ រកលុយ ដើម្បី​ទៅ​ចូលរួម​ប្រកួត​។​

លោក វ៉ែន សុផល និង​លោក Rolando

​ប្រដាល់​សាកល​កម្ពុជា ពេលនេះ កំពុងតែ​ធ្លាក់ចុះ​ខ្លាំងណាស់ ។ ដោយសារ​បញ្ហា​ក្រពះ កីឡាករ​ខ្លះ បាន​លួច​ទៅ​វ៉ៃ​គុន​ខ្មែរ តាម​ស្ថានីយ៍ទូរទស្សន៍​នានា ខ្លះ​លួច​ឆ្លងដែន ដោយ​គ្មាន​ការអនុញ្ញាត ទៅ​វ៉ៃ​យុទ្ធសិល្ប៍​ចម្រុះ (Mixed Martial Art) នៅក្រៅ​ប្រទេស ដោយសារតែ​ស្ថានីយ៍ទូរទស្សន៍​នានា មិនមាន​កម្មវិធី ប្រដាល់​សាកល ។​

​លោក វ៉ែន សុផល ហាក់​មិនមាន​ជំនឿ​ចិត្ត ក្នុងការ​ប្រជែង យក​មេដាយ​ពី ព្រឹត្តិការណ៍​នេះឡើយ ។ លោក​បង្ហាញ​ពី​ការខកចិត្ត របស់​កីឡាករ​មួយចំនួន ដែល​គ្រាន់តែ​ក្នុងស្រុក គ្មាន​ដៃគូ​ប្រកួត​សោះ ក៏​តាំងខ្លួន​ជា​តួឯក ហើយ​មក​ហ្វឹកហាត់ មិនបាន​ដិតដល់​ទៀតផង ។ ខ្លះទៀត សូម្បីតែ​លួច​ទៅ​ប្រកួត នៅក្រៅ​ប្រទេស ក៏​មិន​ឲ្យ​គ្រូ​ដឹងផង ។​

​កីឡាករ ៤ រូប ដែល​ត្រូវ​ទៅ​ប្រកួត​នោះ មាន សៅ រង្សី ប្រកួត​ទម្ងន់ ៥២ គីឡូក្រាម បាន ណុន ទម្ងន់ ៥៦ គីឡូក្រាម ណាត សៀក​និ​ន ដែល​គេ​ស្គាល់​ជាទូទៅ​ថា ពេជ្រ ម្ទេសខ្មាំង នោះ ប្រកួត​ទម្ងន់ ៦០ គីឡូក្រាម និង យ៉ុ​ន ដា​រ័ត្ន ប្រកួត​ទម្ងន់ ៦៤ គីឡូក្រាម ។ រីឯ​កីឡាការិនី ២ រូប​វិញ​នោះ មាន​កីឡាការិនី នូវ ស្រី​ពៅ ទម្ងន់ ៥១ គីឡូក្រាម និង កីឡាការិនី វី ស្រី​ខួច វ៉ៃ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v

លោក វ៉ែន សុផល និង​លោក Rolando