កម្លាំងចម្រុះ​ចុះ​ធ្វើ រដ្ឋបាល​បង្ក្រាប​ជនសង្ស័យ ១៨​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ខណ្ឌឫស្សីកែវ​

597
ចែករម្លែក

ដោយៈសាវ​រក្ស​/​ភ្នំពេញ ​៖ អភិបាលខណ្ឌ​ឫស្សីកែវ ប្រើ​វិធានការ​ក្ដៅ ដើម្បី​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ធ្វើ រដ្ឋបាល​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ក្នុង​ការបង្កា​ទប់ស្កាត់ រក្សា​សន្តិសុខ និង​សុវត្ថិភាព​តាម​មូលដ្ឋាន​សង្កាត់​ទាំង​៧ ហើយ​ជាបឋម​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ ដែល​អាច​ជាប់​ពាក់ព័ន្ធ​ការប្រើប្រាស់​គ្រឿងញៀន ជា​បន្តបន្ទាប់​បាន​ចំនួន​១៨​នាក់ (​ស្រី​៣​នាក់​) ដកហូត​វត្ថុតាង​ថ្នាំញៀន​មួយចំនួន កាលពី​យប់​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩​។​

​ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ ក្នុង​ការរក្សាសន្តិសុខ និង​សុវត្ថិភាព​តាម​មូលដ្ឋាន​សង្កាត់​ទាំង​៧ នៅ​យប់មិញ​នេះ បើតាម​ការបញ្ជាក់​ពី​លោក ជា ពិសី គឺ​បាន​អនុវត្ត​ឡើង​យោងតាម​ស្មារតី​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍ ហើយ​ជាបឋម​នៅក្នុង​កិច្ចសហការ​នេះ កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចម្រុះ បានសម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ដែល​អាច​ជាប់​ព័ន្ធ​ការប្រើប្រាស់​គ្រឿងញៀន ចំនួន​១៨​នាក់ (​ស្រី​៣​នាក់​) ដកហូត​មធ្យោបាយ​ធ្វើ​សកម្មភាព​មាន ម៉ូតូ និង​កង់​៤​គ្រឿង ដែក និង​កាំបិត​០៣​ដើម និង​ថ្នាំញៀន ចំនួន​៧​កញ្ចប់ ជាមួយ​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​លោក ជា ពិសី បាន​បញ្ជាក់ថា ការចុះ​ធ្វើ​រដ្ឋបាល​ក្នុង​ការបង្កា​ទប់ស្កាត់ រក្សា​សន្តិសុខ និង​សុវត្ថិភាព​តាម​មូលដ្ឋាន​សង្កាត់​ទាំង​៧​នេះ រួមមាន​៖ សង្កាត់​ស្វាយប៉ាក ឃាត់ខ្លួន​០២​នាក់ ស្រី​ម្នាក់ ម៉ូតូ​០២​គ្រឿង​, សង្កាត់​ច្រាំង​ចំរេះ​ទី​១ ឃាត់ខ្លួន​ម្នាក់​, សង្កាត់​ច្រាំង​ចំរេះ​ទី​២ ឃាត់ខ្លួន​ម្នាក់ ម៉ូតូ​០១​គ្រឿង​, សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ឃាត់ខ្លួន​ម្នាក់ គ្រឿងញៀន​ពណ៌​ស​ថ្លា ០៤​កញ្ចប់​តូច កង់​០១​គ្រឿង កំបិត​០១ ដែកកេស​០១ និង​សង្កាត់​ទួល​សង្កែ​១ ឃាត់ខ្លួន​១៣​នាក់ ស្រី​០២​នាក់ គ្រឿងញៀន​ពណ៌​ស​ថ្លា ០៣​កញ្ចប់​តូច កាំបិត​០២​ដើម ឧបករណ៍​សម្រាប់​ជក់​ថ្នាំ​មួយចំនួន​។ រីឯ​សង្កាត់​ឫស្សីកែវ និង​សង្កាត់​ទួល​សង្កែ​២ ពុំមាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម