​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ មកដល់​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ីស ប្រកបដោយ​សុ​វត្ថិភាព​

905
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ នៅ​ម៉ោង​ប្រមាណ​១៦:៥៥​នាទី​ម៉ោង​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វ៊ីស (Geneva, Switzerland)​ត្រូវ​នឹង​ម៉ោង២១:៥៥ យប់​ម៉ោង​នៅ​ទីក្រុង​ភ្នំពេញ​ នា​រាត្រី​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​អញ្ជើញ​ដល់ទី​ក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វ៊ីស​ប្រកបដោយ​សុវត្ថិភាព​ហើយ​ដើម្បី​ចូលរួម​កិច្ចប្រជុំ«​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ​ជំនួយ​សម្រាប់ពាណិជ្ជកម្ម ឆ្នាំ​២០១៩» ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣​ដល់​ថ្ងៃទី​៥​ខែកក្កដា ឆ្នាំ​២០១៩នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​។​

​វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅ​អាកាសយានដ្ឋាន​អន្តរ ាតិ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ីសគឺ​ទទួលបាន​ការធ្វើ​គារវកិច្ចស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​,​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ស្វ៊ីស​និង​មន្ត្រីជាន់ខ្ពស់​ការទូតកម្ពុជា​ប្រចាំ​នៅ​ទីក្រុងហ្សឺ​ណែវ​ប្រទេស​ស្វ៊ីស​ជាច្រើនរូប​ផងដែរ​។​

​វត្តមាន​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទៅកាន់​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ីស​នៅពេលនេះ គឺ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល​លើ ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩ នឹង​ប្រារព្វ​ធ្វើឡើង​នៅ​ថ្ងៃទី​៣ និង​ទី​៤​កក្កដា ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺជា​ភ្ញៀវ​ពិសេស​របស់​ឯកឧត្តម រ៉ូ​ប៊ែ​តូ អា​ហ្សេ​វ៉េ​ដូ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​។​សម្តេច​តេ​ជោ​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យឡើងវិញ​ជាស​កល​លើក​ទី​៧​ស្តីពី​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ក្រោម​ប្រធានបទ​ការគាំទ្រ​ដល់​ការធ្វើ​ពិពិធ​កម្ម​និង​ការផ្តល់អំណាច​សេដ្ឋកិច្ច​ប្រកបដោយបរិ​យា​ប័ន្ន​និង​ចីរភាព​តាមរយៈ​ជំនួយ​សម្រាប់​ពាណិជ​កម្ម ដើម្បី​ចែករំលែក​បទពិសោធន៍​របស់​កម្ពុជា​ក្នុងការ​រៀបចំ​គោលនយោបាយ​ពាណិជ្ជកម្ម​និង ជោគជ័យ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ក្រោយ​ពេលដែល​កម្ពុជា​ក្លាយជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កាលពី​ឆ្នាំ​២០០៤​ ព្រមទាំង​តួនាទីរបស់​កម្ពុជា​បច្ចុប្បន្ន​និង​ទៅ​អនាគត​ក្នុងការ​ទ្រទ្រង់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​និង​ការបន្ត​រក្សា​មាគ៌ា​សេរីភាវូបនីយកម្ម​ជាស​កល​នៅ​ទីស្នាក់ការ​កណ្តាល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។ ជាមួយគ្នានេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​ចំនួន​២​ទៀត​ ក្នុងនោះ​ទី​១​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​សង្គម​-​វប្បធម៌​នៅ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង ទី​២​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​លើក​ទី​៤១ ។

ក្នុងឱកាស​នៃ​ការស្នាក់អាស្រ័យ​នៅ​ទីក្រុង​ហ្សឺ​ណែវ​នោះដែរ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ជួប​សន្ទនា​ការងារ​ដាច់ដោយឡែកៗ​ពីគ្នា​ជាមួយ​លោក​បណ្ឌិត រតនា​ការ អា​ឌី​ការី (Ratanakar Adhikari)​នាយក​ប្រតិបត្តិ​នៃ​ក្របខ័ណ្ឌ​ពង្រឹង​សមាហរណកម្ម​ពាណិជ្ជកម្ម ,​លោក វិល ស្គិ​ន​ណា​រី (Ville Skinnari) រដ្ឋមន្ត្រី​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​និង​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេស​ហ្វាំ​ង​ឡង់ ,​លោកស្រី មិ​ឆែ​ល បា​ឆេ​ឡេ (Michelle Bachelet) ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស និងជួប​សន្ទនា​ជាមួយ​ក្រុមហ៊ុន​ធំៗ​ចំនួន​៦​របស់​ស្វ៊ីស​មុននឹង​ជួប​សំណេះសំណាល​ជាមួយ​នឹង​តំណាង​សហគមន៍​ប្រជាពលរដ្ឋ​ សិស្ស​និស្សិត​ខ្មែរ​ប្រមាណ​៧០០​នាក់​រស់នៅ​សហព័ន្ធ​ស្វ៊ីស​និង​មកពី​ប្រទេសមួយ​ចំនួន​របស់​សហ​ភាព​អឺរ៉ុប​៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម