សហភាព​អឺរ៉ុប​បារាំង​អាល្លឺម៉ង់​និង​ចក្រភព​អង់គ្លេស​ជំរុញ​ឱ្យ​អ៊ីរ៉ង់​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​អំពី​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​

693
ចែករម្លែក

​ប្រមុខ​ការទូត​នៃ​សហភាព​អឺរ៉ុប​បារាំង​អាល្លឺម៉ង់​និង​ចក្រភព​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២​កក្កដា​ថា​ពួកគេ “​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​” ហើយ​បាន​ជំ​រុញឱ្យ​អ៊ីរ៉ង់​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​របស់ខ្លួន​ក្នុងការ​រំលោភ​លើ​ដែន​កំណត់​នៃ​ការ​ស្តុក​ទុក​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ចម្រាញ់​រួច​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥​។​

​សេចក្តីថ្លែងការណ៍​រួម​ដែល​ចុះហត្ថលេខា​ដោយ​មេដឹកនាំ​ការទូត​សហភាព​អឺរ៉ុប​លោកស្រី ហ្វេ​ដេ​រី​កា ម៉ូ​ហ្គើ​រី​នី និង​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំងបី​គឺ​លោក ហ្ស​ង់​យី​វ៉េ​ស ឡឺ​ដេ​រី​យ៉ង់ មកពី​ប្រទេស​បារាំង លោក ហី​កូ ម៉ា​អាស មកពី​អាល្លឺម៉ង់ និង​លោក ជេ​រ៉េមី ហាន់ មកពី​អង់គ្លេស បាន​និយាយថា “​យើង​ជំរុញ​ឱ្យ​អ៊ីរ៉ង់​បញ្ចៀស​ជំហាន​មួយ​នេះ​និង​បញ្ឈប់​វិធានការ​បន្ថែមទៀត ដែល​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​”​។​

​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ខ្លួន​គោរព​តាម​ការព្រមាន​របស់ខ្លួន​ថា​ខ្លួន​នឹង​រំលោភ​លើ​ដែន​កំណត់​អំពី​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ក្នុងការ​ឆ្លើយតប​ទៅនឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​បោះបង់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កាលពី​ឆ្នាំមុន​និង​បាន​វាយប្រហារ​ទៅលើ​ការនាំចេញ​ប្រេង​ដ៏​សំខាន់​និង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​អ៊ីរ៉ង់​ជាមួយនឹង​ការដាក់ទណ្ឌកម្ម​។​

​អ៊ីរ៉ង់​ដែល​បាន​ព្យាយាម​ដាក់​សម្ពាធ​លើ​ភាគី​នៅ​សេសសល់​ដើម្បី​សង្គ្រោះ​កិច្ចព្រមព្រៀង​នេះ បានប្រកាស​នៅ​ថ្ងៃទី ៨ ឧសភា​ថា ខ្លួន​នឹង​លែង​គោរព​តាម​ដែន​កំណត់​លើ​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​និង​អុកស៊ីត​ធ្យូងថ្ម​ចម្រាញ់​។​

​អ៊ីរ៉ង់​គំរាម​បោះបង់ចោល​ការប្តេជ្ញាចិត្ត​អំពី​នុយក្លេអ៊ែរ​បន្ថែមទៀត ដរាបណា​ដៃគូ​នៅ​សេសសល់​ដូចជា​អង់គ្លេស​ចិន​បារាំង​អាល្លឺម៉ង់​និង​រុស្ស៊ី​ជួយ​ខ្លួន​បញ្ចៀស​ការដាក់ទណ្ឌកម្ម ជាពិសេស​ការលក់​ប្រេង​របស់ខ្លួន​។​

​សេចក្តីថ្លែងការណ៍​រួម​កាលពី​ថ្ងៃ​អង្គារ​បានឱ្យដឹងថា “​យើង​បាន​យល់ស្រប​និង​មាន​ភាពច្បាស់​ថា​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​គឺ​អាស្រ័យ​លើ​ការអនុលោម​តាមច្បាប់​ពេញលេញ​របស់​អ៊ីរ៉ង់​។ យើង​សោកស្តាយ​ចំពោះ​ការសម្រេចចិត្ត​ដោយ​អ៊ីរ៉ង់ ដែល​បង្ក​មន្ទិលសង្ស័យ​អំពី​ឧបករណ៍​ដ៏​សំខាន់​នៃ​ការមិន​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​”​។​

​សេចក្តីថ្លែងការណ៍​រួម​នេះ​បាន​បន្ថែមថា ក្រុម​ប្រទេស​ទាំងនេះ​កំពុង​ពិចារណា​បន្ទាន់​អំពី​ជំហាន​បន្ទាប់​នៅក្រោម​កិច្ចព្រមព្រៀង ដែល​ឃើញ​អ៊ីរ៉ង់​ប្តេជ្ញាចិត្ត​មិន​ផលិត​គ្រាប់បែកបរមាណូ ទទួលយក​ដែន​កំណត់​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន និង បញ្ជូន​ការត្រួតពិនិត្យ​ឱ្យទៅ IAEA ដើម្បី​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​ជា​អន្តរជាតិ​៕ ដោយ៖ កញ្ញាដាលីស

ពីឆ្វេង​ទៅ​ស្តាំ ៖ ប្រមុខ​ការទូត​នៃ​សហភាព​អឺរ៉ុប​បារាំង​អាល្លឺម៉ង់​និង​ចក្រភព​អង់គ្លេស ថតរូប​កាលពី​ខែឧសភា ឆ្នាំ​២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម