មនុស្ស​៤៥​នាក់​ស្លាប់​ដោយ​ការ ផ្ទុះ​ឆេះ​រថយន្ត​ដឹក​ប្រេង​នៅ​នី​ហ្សេ​រី​យ៉ា​

568
ចែករម្លែក

​ក្រុម​អ្នក​សង្គ្រោះបាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២​កក្កដា​ថា​ យ៉ាងហោច​ណាស់​មនុស្ស​៤៥​នាក់​បាន​ស្លាប់​និង​ជាង​១០០​នាក់​បាន​រងរបួស ​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា នៅពេលដែល​​រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង​មាន​គ្រោះថ្នាក់​ចរាចរ​ណ៍ ហើយ​បាន​ផ្ទុះ​ឆេះនៅពេល​មាន​មនុស្ស​ច្រើន​នាក់​បាន​មក​ប្រមូលយក​ប្រេង​ដែល​ហូរ​ចេញពី​រថយន្ត​ដឹក​ប្រេង​នោះ​។​

​រថយន្ត​ដឹក​ប្រេង​នេះ បាន​ក្រឡាប់​នៅ​ជិត​ហាង​លក់ទំនិញ ខណៈ​ដែល​វា​បាន​កំពុង​ធ្វើដំណើរ​ឆ្លងកាត់​ភូមិ Ahumbe ក្នុង​រដ្ឋ Benue កាលពី​ថ្ងៃ​ចន្ទ​។​

​ពួក​អ្នកស្រុក​បាន​ប្រញាប់ប្រញាល់​ទៅ​កន្លែងកើតហេតុ​នោះ​និង​បាន​ប្រមូល​យក​ប្រេង​ដែល​លេច​ធ្លាយ​អស់​រយៈពេល​ជាង​មួយ​ម៉ោង នៅ​មុនពេល​ដែល​ប្រេង​បាន​ឆាបឆេះ​​ដោយ​បណ្តាល​ឱ្យ​មាន​ការផ្ទុះ​ឆេះ​នៅ​ជុំវិញ​តំបន់​នោះ​។​

​លោក Aliyu Baba មេបញ្ជាការ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​នៅ​រដ្ឋ​Benue បាន​ប្រាប់​សារព័ត៌មាន AFP ថា​”​យើង​បាន​រកឃើញ​សាកសព​៤៥ នាក់​ ហើយ​មនុស្ស​១០១​នាក់ បាន​រងរបួស​ដោយ​ឆេះ​រលាក​ធ្ងន់ធ្ងរ​”​។​

​លោក Aliyu Baba បាន​និយាយថា អគ្គិភ័យ​បាន​ឆេះ​ផ្ទុះឡើង​នៅពេល​រថយន្តក្រុង​ដឹក​អ្នកដំណើរ​​មួយ​គ្រឿង​បាន​បើក​ឆ្លងកាត់​កន្លែងកើតហេតុ​ហើយ​បំពង់ផ្សែង​របស់​​រថយន្តក្រុង​នេះ បាន​កកិត​នឹង​ផ្លូវ​នោះ ដោយ​បង្ក​ឱ្យមាន​ផ្កាភ្លើង​បង្ក​ជា​អគ្គិភ័យ​។​

​លោក បាន​និយាយថា អ្នកដំណើរ​ចំនួន​១៦​នាក់​នៅក្នុង​រថយន្ត​ក្រុង​នោះ​ត្រូវបាន​ឆេះ​រលាក​រហូតដល់​ស្លាប់​ភ្លាមៗ នៅ​កន្លែង​កើតហេតុ​នេះ​៕ដោយ៖សុខា/sn/Ha

រថយន្ត​ដឹក​ប្រេង​បាន​ក្រឡាប់​លេច​ធ្លាយ​ប្រេង​មុន​ពេល​វា​ផ្ទុះ​ឆេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម