ទាហានជើងទឹក​រុស្ស៊ី​១៤​នាក់​ស្លាប់ ​ក្រោយ​អគ្គិភ័យ​ឆាបឆេះ​ក្នុង​នាវាមុជទឹក​នុយគ្លេអ៊ែរ​

919
ចែករម្លែក

​ទាហានជើងទឹក​រុស្ស៊ី​១៤​នាក់ ត្រូវបាន​សម្លាប់​នៅ​ក្នុង​នាវាមុជទឹក​សម្ងាត់​មួយ នៅពេល​អគ្គិភ័យ​បាន​ឆាបឆេះ​ក្នុង​នាវា​របស់​គេ​នៅ​សមុទ្រ​អាកទិ​កកាល​ពី​ថ្ងៃ​ចន្ទទី​១​កក្កដា​។​

​នាវា​ស្រាវជ្រាវ​នេះ​បាន​កំពុង​ធ្វើ​ការអង្កេត​បាត​សមុទ្រ​កាលពី​ថ្ងៃ​ចន្ទ និង​នាវិក​បាន​ស្លាប់​ដោយសារ​ឈ្លក់ផ្សែង​, ​នេះ​បើ​តាម​ក្រសួង​ការពារជាតិ​រុស្ស៊ី​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​។​

​ក្រសួង​មិន​បាន​ប្រាប់​ឈ្មោះ​នាវា​ដែល​ឆេះ​នេះ​ទេ និង​សារព័ត៌មាន​រុស្ស៊ី បាន​រាយការណ៍​ថា វា​ជា​នាវាមុជទឹក​សម្ងាត់​បំផុត​របស់​ប្រទេស គឺ​នាវា​ដើរ​ដោយ​ថាមពល​នុយគ្លេអ៊ែរ​​សម្រាប់​បេសកកម្ម​សំខាន់​និង​សម្ងាត់​នៅក្នុង​ជម្រៅមហា​សមុទ្រ​។​

​ទោះជា​វា​ត្រូវបាន​គេ​និយាយថា មាន​ភារកិច្ច​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ក៏​ពួក​អ្នកវិភាគ​យោធា​បាន​លើកឡើង​ថា ​បេសកកម្ម​មួយ​របស់​វា​អាច​រំខាន​ខ្សែ​កាប្ល៍​ទូរគមនាគមន៍​​នៅ​បាតសមុទ្រ​។​

​ចំពោះ​ឧបទ្ទវហេតុ​នេះ ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​លុបចោល​កម្មវិធី​មួយ និង​បាន​កោះហៅ​រដ្ឋមន្ត្រី​ការពារ​ជាតិ​មក​ស្តាប់​ការពន្យល់​ហេតុការណ៍​។​លោកពូ​ទីន​ បាន​ប្រាប់​​រដ្ឋមន្ត្រី​ការពារជាតិ សយ​ហ្គូ ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រុង សេវេ​រ៉ូ​ម័សក៍ កន្លែង​ដែល​នាវា​នេះ​តាំងនៅដើម្បី​រក​មូលហេតុ​នៃ​ឧបទ្ទវហេតុ​នេះ និង​បន្ទាប់​មក​រាយការណ៍​ជូន​លោក​។​

​ចំណែក​អាជ្ញាធរ​សារធាតុ​វិទ្យុសកម្ម​នុយគ្លេអ៊ែ​រន័រ​វេស្ស បាន​និយាយ​ថា​ សម​ភាគី​រុស្ស៊ី​បាន​ប្រាប់​ពួកគេ​ថា ការផ្ទុះ​ហ្គាស​បាន​កើតមាន​នៅក្នុង​នាវា​មុជទឹក​។​គេ​បាន​តាមដាន​មើល ​​តែ​មិន​បាន​សង្កេតឃើញ​កម្រិត​ជាតិ​វិទ្យុសកម្ម​ខ្ពស់​មិន​ប្រក្រតី​ទេ​។​

​ទោះជា​យ៉ាងណា អគ្គិភ័យ​ត្រូវ​បាន​ពន្លត់​និង​នាវា​ត្រូវបាន​នាំ​ត្រឡប់​ទៅ​កាន់​មូលដ្ឋាន​កង​នាវា​រុស្ស៊ី​ខាងជើង​នៅ​ក្រុង​សេវេ​រ៉ូ​ម័សក៍ នៅ​សមុទ្រ​បារែន​៕​ដោយ​៖​វាសនា​/Ha

នាវាមុជទឹក​រុស្ស៊ី​ដែល​ត្រូវបាន​ដាក់​ឲ្យចូល​និវត្តន៍​នៅ​មូលដ្ឋាន​មូលដ្ឋាន​កង​នាវា​រុស្ស៊ី​ខាងជើង​នៅ​ក្រុង សេវេ​រ៉ូ​ម័សក៍ នៅ​សមុទ្រ​បា​រ៉ែ​ន កាលពី​ឆ្នាំ​១៩៩៨

ទីតាំងផ្សាយពាណិជ្ជកម្ម