ដើម​ទុរេន​នៅ​ស្រុក​ស្ទឹងត្រង់​ជាសះស្បើយ​ពី​ជំងឺ​អស់ហើយ​តែ​ម្ចាស់​ចម្ការ​ខ្លះ​មិនបាន​ចូល​ស្តាប់​បទ​បង្ហាញ​

583
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ករណី​ដើម​ទុរេន​រងគ្រោះ​ពី​ជំងឺ​សត្វ​ដង្កូវ​ដួង​ស៊ី​ដើម​និង​ជំងឺផ្សិត​រុំ​ព័ទ្ធ​ដើម​ងាប់​អស់​ជាច្រើន​ដើម​នៅ​តំបន់​បែក​អន្លូង​ឃុំ​អារក្ស​ត្នោត​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​ដែល​បណ្តាលឱ្យ​អាជ្ញាធរខេត្ត​នេះ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះជួយ​ព្យាបាល​កាលពី​ខែធ្នូ​ឆ្នាំ​២០១៨​កន្លង​ទៅនោះ​គឺ​បច្ចុប្បន្ន​បានជា​សះស្បើយ​អស់ហើយ​។

​ប៉ុន្តែ​នៅសល់​មួយ​ចម្ការ​ផ្សេងទៀត​មាន​ដើម​ទុរេន​ចំនួន​២២០​ដើម​គឺ​ជំងឺផ្សិត​រាតត្បាត​ងាប់​អស់​នៅសល់​ចំនួន​៦០​ដើម​។​ក្នុង​ចំនួន​នៅរស់​នេះ​សព្វថ្ងៃ​មាន​ដើម​ប្រមាណ​៩០​ភាគរយ​កំពុង​ផ្ទុក​ជំងឺ​មួយ​នេះ​ដោយ​ម្ចាស់​ចម្ការ​មិន​បានមក​ចូលរួម​ទស្សនា​ស្តាប់​បទ​បង្ហាញ​របស់​មន្ត្រី​កសិកម្ម​បាន​ពន្យល់​កន្ល​ង​មក​។​

​លោក​រស់​វី​រ៉េត​មេឃុំ​អារក្ស​ត្នោត​បានឱ្យដឹង​នៅ​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០១៩​ថា​ទូទាំង​ឃុំ​មាន​ម្ចាស់​ចម្ការ​ជា​ដំណាំ​ទុរេន​ចំនួន​ជាង​៩០​គ្រួសារ​លើ​ផ្ទៃដី​ចំនួន​ជិត​៣០០​ហិកតា​។​កន្លងមក​ពិតជា​មាន​ច្រើន​កន្លែង​នៃ​ចម្ការ​ទុរេន​បាន​ប្រឈម​នឹង​ជំងឺ​សត្វ​ដង្កូវ​ដួង​ស៊ី​ដើម​និង​ជំងឺផ្សិត​រុំ​ដើម​វា​បង្ក​ឱ្យ​ងាប់​អស់​ជាច្រើន​ដើម​ប្រាកដ​មែន​។

​ក៏ប៉ុន្តែ​កាលពី​កន្លងទៅ​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​ធ្លាប់បាន​បញ្ជា​និង​បាន​ដឹកនាំ​មន្ត្រី​កសិកម្ម​មក​ធ្វើ​បង្ហាញ​ដល់​ចម្ការ​និង​នៅ​ចំពោះមុខ​កសិករ​ជា​ម្ចាស់​ចម្ការ​បានទទួល​ព័ត៌មាន​ដោយផ្ទាល់​។​

លោក​មេឃុំ​បានឱ្យដឹង​ទៀតថា​តាមរយ​:​បទ​បង្ហាញ​ខាងលើ​បានធ្វើឱ្យ​ម្ចាស់​ចម្ការ​ទុរេន​ដែល​ដើម​របស់​វា​មាន​ជំងឺ​បច្ចុប្បន្ន​បានជា​សះស្បើយ​ពី​ជំងឺ​ទាំងនោះ​អស់ហើយ​។​ពួកគាត់​លែង​ចំណាកស្រុក​ចាកចោល​ចម្ការ​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​ទៀត​។​

ក្រោយពី​ចេះ​វិធី​ព្យាបាល​នោះ​គឺ​នៅសល់​មួយ​ចម្ការ​ដែល​ម្ចាស់​ជា​គ្រូពេទ្យ​នៅ​ភូមិ​បែក​អន្លូង​ជាប់​ព្យាបាល​អ្នកជំងឺ​មិន​បានមក​ចូលរួម​ស្តាប់​ការពន្យល់​ព្យាបាល​ជំងឺ​លើ​ដើម​ទុរេន របស់​មន្ត្រី​ជំនាញ​លើក​នោះ​។​

​លោក លឹម ថា ម្ចាស់​ចម្ការ​ទុរេន​បាន និង​កំពុងមាន​ជំងឺផ្សិត​លើ​ដើម​ច្រើន​ឆ្នាំ​មកហើយ​នៅ​ភូមិ​គីឡូ​ត៍ ១៧​ឃុំ​អារក្ស​ត្នោត​បានលើកឡើង​ថា​លោក​ពិតជា​មិនបាន​ទៅ​ចូលរួម​បទ​បង្ហាញ​ពី​របៀប​ព្យាបាល​ជំងឺ​លើ​ដើម​ទុរេន​ដោយផ្ទាល់​មែន​គឺ​បានឱ្យ​ភរិយា​របស់លោក​ទៅ​ជំនួស។

​គាត់​(​ភរិយា​)​ក៏បាន​យក​ព័ត៌មាន​ពី​ការព្យាបាល​ទាំង​នោះមក​និយាយ​ចម្លង​ប្រាប់​ប្អូនប្រុស​របស់លោក​បន្ត​។​ម្លោះ​ហើយ​ធ្វើឱ្យ​ការព្យាបាល​ជំងឺផ្សិត​នៅ​ចម្ការ​ទុរេន​របស់លោក​ហាក់​មិន​ទទួលផល​ល្អ​ម្យ៉ាង​លោក​បានឱ្យ​អ្នក​ម៉ៅ​ប្រមូល​ផល​ផ្លែ​ទុរេន​លើក​ទី​២​ផង​។​

​ម្ចាស់​ចម្ការ​ទុរេន​បាន​បន្តថា ជា​លទ្ធផល​ជាក់ស្តែង​ដើម​ទុរេន​ចំនួន ២២០ ដើម​ដែលមាន​អាយុ​ជាង ១០​ឆ្នាំ​ក្នុង​ចម្ការ​នៅ​ភូមិ​ខាងលើ​គឺ​នៅសល់​ចំនួន​ប្រហែល​៦០​ដើម​។​ក្នុង​ចំនួន​នោះ​ទៀតសោត​មាន​ប្រមាណ​៩០​ភាគរយ​ផ្ទុក​ជំងឺផ្សិត​កំពុង​រុំ​ដើម​របស់​វា​។​

អាស្រ័យហេតុនេះ​សូម​មន្ត្រី​ជំនាញ​ខាង​កសិកម្ម​មេត្តាជួយ​ព្យាបាល​ធ្វើ​បទ​បង្ហាញ​ម្តងទៀត​ដើម្បីឱ្យ​គ្រួសារ​លោក​អាច​យក​រូបមន្ត​ទៅ​ព្យាបាល​ដើម​ទុរេន​មាន​ជំងឺ​ដទៃទៀត និង​ទុក​ចងក្រង​ជា​ឯកសារ​ទុក​ព្យាបាល​ដោយ​ខ្លួនឯង​នៅ​លើក​ក្រោយៗ​ទៀត​។​

​គួរ​បញ្ជាក់ថា បញ្ហា​ជំងឺ​លើ​ដើម​ទុរេន​នៅ​តំបន់​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់នេះ​លោក គួច ចំរើន​នៅ​ជា​អភិបាល​ខេត្តកំពង់ចាម​កាលពី​ខែកក្កដា​ឆ្នាំ​២០១៨​ធ្លាប់បាន​បញ្ជា​ឱ្យ​មន្ត្រី​កសិកម្ម​ខេត្ត​នេះ​ចុះ​ធ្វើ​បទ​បង្ហាញ​ប្រាប់​ប្រជាពលរដ្ឋ​ជា​ដាំ​ដុះ​ដំណាំ​ទុរេន​នេះ​។​នៅ​ខែធ្នូ​ឆ្នាំ​២០១៨​គឺ​លោក​បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះទៅ​ផ្ទាល់​ធ្វើ​បទ​បង្ហាញ​ពី​លក្ខណ​:​បច្ចេកនៃ​ការព្យាបាល​ជំងឺ​លើ​ដើម​ទុរេន​។​

​ក្នុង​នោះបាន​ជំរុញ​ឱ្យ​អ្នក​ដាំ​ទុរេន​ចំនួន​ជាង ៩០ គ្រួសារ​នៅ​តំបន់​បែក​អន្លូង​នេះ ស្រុះស្រួល​គ្នា​បង្កើត ឬ​ចងក្រង​ជា​សហគមន៍​ដើម្បី​ងាយស្រួល​ផ្តល់​បច្ចេកទេស​និង​ការពារ​កេរ្តិ៍ឈ្មោះ​ទុរេន​បែក​អន្លូង​ដែលមាន​រសជាតិ​ឆ្ងាញ់​ជាងគេ​នេះ​។​

ប៉ុន្តែ​បច្ចុប្បន្ន​សហគមន៍​មួយ​នេះ​នៅ​មិនទាន់បាន​លេច​ជា​រូបរាង​នៅឡើយ​ទេ​ហើយ​លោក​ក៏បាន​ផ្ទេរ​ភារកិច្ច​ទៅកាន់​ជា​អភិបាលខេត្ត​ព្រះសីហនុ​ទៀត សង្ឃឹមថា​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​ថ្មី នឹង​ជំរុញ​បញ្ហា​នេះ​បន្ត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម