ចិន​ធ្វើ​លំ​ហាត់​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ហុងកុង​នៅពេល​ពួក​បាតុករ​កាន់តែ​ប្រឆាំង​នឹង​រដ្ឋាភិបាល​គាំទ្រ​ចិន​ប៉េកាំង​

884
ចែករម្លែក

ចិន​ធ្វើ​លំ​ហាត់​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ហុងកុង​នៅពេល​ពួក​បាតុករ​កាន់តែ​ប្រឆាំង​នឹង​រដ្ឋាភិបាល​គាំទ្រ​ចិន​ប៉េកាំង​

​បណ្តា​បន្ទាយ​កងទ័ព​រំដោះប្រជាជន​(​កងទ័ព​ចិន​)​នៅ​ហុងកុង​បាន​ធ្វើ​សមយុទ្ធ​ប្រើ​សព្វាវុធ​ពិតៗ​នៅក្នុង​ទីក្រុង​នេះ​កាលពី​សប្តាហ៍​មុន​ក្នុង​ការបង្ហាញ​កម្លាំងយោធា​ចំពេល​​មាន​ការតវ៉ា​ប្រឆាំង​ដ៏​អាក្រក់​មិន​ដែល​ធ្លាប់​មាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​គាំទ្រ​ចិន​ប៉េកាំង​។​

​សមយុទ្ធ ដែល​ធ្វើឡើង​ដោយ​កងទ័ពជើងគោក អា​កាស​និង​ជើង​ទឹក​នៅ​បន្ទាយ​៣​ក្នុង​ទឹកដី​នេះ ជា​ផ្នែក​នៃ​ពិធី​កត់សំគាល់​ខួប​ទី​២២​ឆ្នាំ​នៃ​ការប្រគល់​ទឹកដី​ហុងកុង​មកអោយ​​ចិន​គ្រប់គ្រង​វិញ​។​

​រូបភាព​នៃ​លំ​ហាត់​យោធា​នេះ រួម​មាន​ការហ្វឹកហាត់​ស្វែងរក​និង​សង្គ្រោះ​នៅ​ក្នុង​ទឹក ការដើរ​ដង្ហែ​ក្បួន ការប្រយុទ្ធ​កៀក​និង​លំ​ហាត់​បាញ់​គ្រាប់​ពិត​ដោយ​ប្រើ​កាំភ្លើង​វែង​និង​កាំភ្លើង​​យន្ត​។​

​រូបភាព​ផ្សេង​ទៀត​បង្ហាញ​សមាជិក​ទ័ពជើងទឹក ធ្វើ​ការតាមដាន ឃាត់​និង​ត្រួតពិនិត្យ​នាវា​សង្ស័យ នៅ​ពីមុខ​អាគារ​ខ្ពស់កប់ពពក​នៃ​ទឹកដី​នេះ​។​

​សមយុទ្ធ​យោធា​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ​ទី​២៦​មិថុនា​។​

​បើ​តាម​សារព័ត៌មាន​ដេល្លី​ម៉េល ចិន​ដាក់​ទាហាន​ប្រមាណ​៦០០០​នាក់​នៅក្នុង​អតីត​ទឹកដី​អាណានិគម​អង់គ្លេស​នេះ តែ​ជា​ទូទៅ​មិន​បង្ហាញ​មុខមាត់​និង​កម្រ​ស្លៀកពាក់​ឯក​​សណ្ឋាន​យោធា​នៅ​ទី​សាធារណៈ​។​

​ទូរទស្សន៍​CCTV​បាន​និយាយថា កងទ័ព​ចិន​បាន​និយាយ​ថា​សមយុទ្ធ​នេះ​ត្រូវបាន​រៀបចំឡើង​សំរាប់​ពង្រឹងសមត្ថភាព​ត្រៀម​ប្រយុទ្ធ និង​ឆ្លើយតប​គ្រាអាសន្ន​របស់​ទាហាន​ចិន​​តាំង​នៅ​ហុងកុង​។​

​កាលពី​ថ្ងៃ​ចន្ទ​ទី​០១​កក្កដា ដែល​ជា​ខួប​លើក​ទី​២២​នៃ​ការប្រគល់​ទីក្រុង​ហុងកុង​ឱ្យ​ទៅ​ប្រទេស​ចិន​វិញ​នោះ កំហឹង​បាន​ផ្ទុះ​ឡើងខណៈ​ក្រុមយុវជន​ភាគច្រើន​ជា​បាតុករ​ក្បាលរឹង ​បាន​សម្រុកចូល​ក្នុង​រដ្ឋសភា កន្លែង​ដែល​ពួកគេ​ព្យួរ​ទង់ជាតិ​សម័យ​អាណានិគម​របស់​ហុងកុង និង​បាន​បន្សល់ទុក​ការ​គូរ​ក្រវេមក្រវាម​នូវ​ពាក្យពេចន៍​ប្រឆាំង​ទីក្រុង​ប៉េកាំង​​មុនពេល​ប៉ូលិស​បណ្តេញ​ពួកគេ​ចេញ​។​

​បាតុកម្ម​ចាប់តាំងពី​ដើម​ខែ​មុន បង្ហាញ​ការមិនសប្បាយចិត្ត​ខ្លាំង​ឡើង​នឹង​មេដឹកនាំ​ហុងកុង​លោកស្រី​ការី ឡាំ និង​រដ្ឋាភិបាល​របស់​លោកស្រី​ដោយសារតែ​រដ្ឋាភិបាល​មិន​ឆ្លើយ​​តប​នឹង​ការទាមទារ​របស់​ពួក​សកម្មជន ដែល​ពី​ដំបូង​បង្កឡើង​ដោយសារ​រដ្ឋាភិបាល​ប៉ុនប៉ង​អនុម័ត​ច្បាប់​បត្យាប័ន​។​លោកស្រី​ឡាំ បាន​ផ្អាក​ការពិភាក្សា​អនុម័ត​ច្បាប់​នេះ តែ​មិន​បាន​ព្រម​លុប​វា​ចោល​ជា​រៀងរហូត​តាម​ការទាមទារ​របស់​បាតុករ​ទេ​។​

​សូមបញ្ជាក់​ថា ហុងកុង​បាន​វិល​មក​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ចិន ក្រោម​គោលការណ៍​«​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​» ដែល​អនុញ្ញាត​អោយមាន​សេរីភាព ដែល​ចិនដីគោក​មិនមាន​​រួម​មាន​សេរីភាព​ធ្វើបាតុកម្ម​និង​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ​៕ដោយ៖វាសនា

​សមយុទ្ធ​នេះ ជា​ផ្នែក​នៃ​ពិធី​កត់សំគាល់​ខួប​ទី​២២​ឆ្នាំ​នៃ​ការប្រគល់​ទឹកដី​ហុងកុង​មកអោយ​ចិន​គ្រប់គ្រង​វិញ​

ទីតាំងផ្សាយពាណិជ្ជកម្ម