បាឋកថា​ស្ដីពី​ទំនាក់ទំនង​ច្រើនបែប​យ៉ាង​រវាង​មរតក​រូបី​និង​អរូបី​

557
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ បាឋកថា​ស្ដីពី​”​ទំនាក់ទំនង​ច្រើនបែប​យ៉ាង​រវាង​មរតក​រូបី​និង​អរូបី​” បានរៀបចំ​ឡើង​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី លោក​សាស្ត្រាចារ្យ អាំង ជូ​លាន នរ​វិទូ​និង​ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បម្រើការ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា និង​មាន​អ្នក​អញ្ជើញ​ចូលរួម​ស្តាប់​ពី​បុគ្គលិក មន្ត្រីរាជការ យុវជន ព្រះសង្ឃ និស្សិត និង​មគ្គុទ្ទេសក៍​ទេសចរណ៍​។​

លោក អាំង ជូ​លាន បាន​ពន្យល់​ពី​និយមន័យ​ទូទៅ​នៃ​ពាក្យ «​មរតក​ធន​» ដែល​បាន​ចារ​ក្នុង​សិលាចារឹក​តាំងពី​សតវត្ស​ទី​១១​មកម្ល៉េះ មានន័យថា «​ជា​ទ្រព្យ​នៃ​អ្នកស្លាប់​»​។​

លោក​សាស្ត្រាចារ្យ​បាន​លើក​បង្ហាញ​លម្អិត​អំពី​ទំនាក់ទំនង​ដែល​ពុំ​អាច​កាត់ផ្តាច់​គ្នា​បាន​រវាង​មរតក​រូបី និង​មរតក​អរូបី​។ ទំនាក់ទំនង​ទាំងនោះ​រួមមាន​៖ មរតក​អរូបី​និង​រឿងនិទាន​, រូបរាង​និង​ន័យ​, ការរៀបចំ​លំហ​, បុរាណ​ដ្ឋា​ន​និង​កសិកម្ម​, ទឹក កសិកម្ម និង​ការព្យាបាល​រោគ​។​

លោក​សាស្ដ្រាចារ្យ​ក៏បាន​លើក​នូវ​ពិធីបុណ្យ​ប្រពៃណី​សាសនា​មួយចំនួន​មក​ធ្វើ​បទ​បង្ហាញ​និង​ជា​ឧទាហរណ៍​ដល់​អ្នកចូលរួម​ដូចជា​ការគោរព​អ្នកតា ការ​បន់ស្រន់​សុំ​ទឹកភ្លៀង ពិធី​កោរ​ជុក​។​ល​។ មរតក​ទាំងនោះ គឺ​ផ្សារភ្ជាប់​គ្នា​រវាង​មរតក​រូបី​និង​អរូបី ដែល​មនុស្ស​នៅ​បន្តធ្វើ​និង​គោរព​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​។​

លោក​សាស្ដ្រាចារ្យ បាន​បញ្ជាក់ថា មរតក​វប្បធម៌​គឺមាន​តម្លៃ​ជាស​កល មិនមែនជា​រឿង​ថ្មី​ទេ ហើយ​ត្រូវ​ចាប់ផ្តើម​គិតពី​តម្លៃ​ទាំងនេះ ព្រោះ​តាំងពីដើម​មក​មនុស្ស​តែង​គោរព​មរតក​វប្បធម៌ មនុស្ស​តែង​គោរព​អ្វីដែល​កើតមុន មនុស្ស​តែង​គោរព​អ្វី​ដែលជា​បុរាណកាល ទើប​តម្លៃ​និង​ការគោរព​បាន​បន្ត​ជាប់​គ្នា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​មិន​ដាច់​។​

កញ្ញា សេង ស្រី​មល បាន​និយាយថា ខ្លួន​បាន​យល់ច្បាស់​និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​មរតក​វប្បធម៌​ទាំង​រូបី​និង​អរូបី និង​បានទទួល​ចំណេះដឹង​បន្ថែម​យ៉ាងច្រើន​ទាក់ទង​នឹង​មរតក​រូបី​និង​អរូបី​។​

កញ្ញា​បន្ថែមថា ក្នុងនាម​ជា​កូន​ខ្មែរ​មួយរូប យើង​គួរ​គប្បី​ជួយ​អភិរក្ស​មរតក​ទាំងនេះ តែ​សំណូមពរ​ដល់​សាធារណជន​គួរ​យល់ដឹង​និង​មាន​ជំនឿ​ច្បាស់លាស់​ដោយ​មិនត្រូវ​ធ្វើ​អ្វី​ខុសពី​ទំនៀម​ដើម​នៃ​វប្បធម៌​ទាំងនោះ​ឡើយ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម