វិនិយោគ​ប្រមាណ​១០​លាន​ដុល្លារ​លើ​ការងារ​ទឹកស្អាត​ពលរដ្ឋ​នឹង​បាន​ប្រើប្រាស់​គ្រប់គ្រាន់​ចាប់ពី​ចុងឆ្នាំ​២០១៩​តទៅ​

829
ចែករម្លែក

ដោយ​បូកគោ​/​កំពត​:​ដោយ​ការទម្លាក់​ទុនវិនិយោគ​ប្រមាណ​១០​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​អាន​កូ​វ៉​ត​ធើ​សឹ​ប​ផ្លា​យ​ដើម្បី​ផលិត​ទឹកស្អាត​នៅ​ទីតាំង​ទំនប់​ប្រទាក់ក្រឡា​នៃ​ភូមិសាស្ត្រ​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត​និង​ចំណាយ​លើ​ការបំពាក់​ឧបករណ៍​សម្ភារៈ​នានា​រួច​បញ្ជូនបន្ត​តាម​បំពង់​មេ​ឆ្ពោះទៅ​ទឹកដី​ខេត្ត​កែប​ចាប់ពី​ចុងខែ​ធ្នូ​ឆ្នាំ​២០១៩​តទៅ​ពលរដ្ឋ​ក្រុងកែប​នឹង​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​ដូច​បណ្តា​អ្នក​ទី​រួម​ខេត្ត​ទូទាំងប្រទេស​។​

ថ្លែង​ក្នុង​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​របស់​ក្រុមហ៊ុន​អាន​កូ​វ៉​ត​ធើ​រសឹប​ផ្លា​យ នៅ​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ត្រី​ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និង​សិប្ប​កម្មបាន​មានប្រសាសន៍ថា​រាជរដ្ឋាភិបាល​បានចាត់ទុក​បញ្ហា​ទឹកស្អាត​ជា​អាទិភាព​ក្នុង វិស័យ​ទាំង​បួន​គឺ​ទឹក ភ្លើង ផ្លូវ ធនធានមនុស្ស​។

កម្ពុជា​បានកំណត់​ក្នុង​ទស្សនវិស័យ​ថា​ប្រជាជន​រស់នៅ​ទីប្រជុំជន​គ្រប់រូប​ត្រូវតែ​ទទួលបាន​នូវ​ទឹកស្អាត​ដែលមាន​គុណភាព​ល្អ តម្លៃ​សមរម្យ និង​ប្រកបដោយ​ចីរភាព​មួយរយ​ភាគរយ​ត្រឹម​ឆ្នាំ​២០២៥​។ ក្នុងនោះ ៩០​ភាគរយ​ទទួល​ទឹកស្អាត​តាម​បំពង់ និង​១០​ភាគរយ​ពី​ប្រភព​ផ្សេងៗ​។

លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា​បច្ចុប្បន្ន​គ្រប់​ទី​រួម​ខេត្ត​ទូទាំងប្រទេស​គឺ​ប្រជាពលរដ្ឋ​មាន​ទឹកស្អាត​ប្រើប្រាស់​ដែល​ផ្តល់​សេវា​ផ្គត់ផ្គង់​ដោយ អង្គភាព​រដ្ឋាករទឹក​សាធារណៈ និង​ក្រុមហ៊ុន​ទឹកស្អាត​ឯកជន​។ លើកលែងតែ​ក្រុងកែប​មួយ​ប៉ុណ្ណោះ​ដែល​ពុំទាន់​មាន​ទឹកស្អាត​ប្រើប្រាស់​។​ដូច្នេះ​ជា​មោទនភាព​មួយ​ដែល​ក្រុមហ៊ុន​អាន​កូ​វ៉​ត​ធើ​សឹ​ប​ផ្លា​យ​វិនិយោគ​ផ្នែក​ទឹកស្អាត​ដើម្បី​ផ្តល់ជូន​អ្នកក្រុង​កែប​បាន​ប្រើប្រាស់​នាពេល​ឆាប់ៗ​ខាងមុខ​នោះ​។​

តាម​របាយការណ៍​រប​ស់​តំណាង​ក្រុមហ៊ុន​អាន​កូ​វ៉​ត​ធើ​សឹ​ប​ផ្លា​យ​បាន​បញ្ជាក់ថា​ដើម្បី​ធ្វើ​និរន្ត​ភាព​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កែប​ក្រុមហ៊ុន​បានសម្រេច​យក​ប្រភពទឹក​គឺ​ទំនប់ទឹក​ប្រទាក់ក្រឡា​ដែលមាន​ទីតាំង​ផលិត​ក្នុង​ឃុំ​កូន​សត្វស្រុក​ទឹកឈូ​ខេត្តកំពត​ហើយ​បញ្ជូនទៅ​ក្រុងកែប​។​
នា​ចុងខែ​ធ្នូ​ឆ្នាំ​២០១៩​ដំណើរការ​ផ្គត់ផ្គង់​នឹង​ចាប់ផ្តើម​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​អូរ​ក្រសារ សង្កាត់​ព្រៃធំ​និង​សង្កាត់​កែប​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​ដោយ​ក្រុមហ៊ុន​មាន​សមត្ថភាព​ផលិត​បាន​ពីរម៉ឺន​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ​និង​អាង​ស្តុក​ទឹក​ចំណុះ​មួយ​ពាន់​ម៉ែត្រត្រីគុណ​។​
របាយការណ៍​ដដែល​បាន​បញ្ជាក់ថា​ជាមួយនឹង​ដំណើរការ​អាជីវ​កម្មនេះ​ក្រុមហ៊ុន​គ្រោង​វិនិយោគទុន​សរុប​ប្រមាណ​១០​លាន​ដុល្លារ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម