ប្រជុំពិភាក្សា​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ប្រឈម នៅ​ខេត្ត​ព្រះសីហនុ​

1506
ចែករម្លែក

ភ្នំពេញ​: នា​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩ ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ក្រុងព្រះសីហនុ ដែលមាន​លោក តឹក​រ៉េត សំរេច ជា​ប្រធាន​បានរៀបចំ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍ ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ក្រុងព្រះសីហនុ ដើម្បី​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​ចាំបាច់​បន្ទាន់ ចំពោះ​បញ្ហា​ប្រឈម​ធំៗ​មួយចំនួន ដូចជា​៖ សំរាម លូបង្ហូរទឹក​កខ្វក់ និង​ប្រឡាយ​បង្ហូរ​ទឹកភ្លៀង សណ្តាប់ធ្នាប់ សន្តិសុខ ស្លាក​យីហោ សំណង់​អត់​ច្បាប់ ការជួសជុល និង​ធ្វើ​ផ្លូវ​របស់​ក្រុងព្រះសីហនុ​។

​ចំពោះ​បញ្ហា​សន្តិសុខ និង​សណ្តាប់ធ្នាប់ ឯកឧត្តម​ប្រធាន​បាន​ណែនាំ​អោយ​ភាគី​ពាក់ព័ន្ធ អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ និង​ស៊ីជម្រៅ​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩​។

​ពាក់ព័ន្ធ​បញ្ហា​សំរាម និង​ប្រឡាយ​បង្ហូរ​ទឹកភ្លៀង និង​លូទឹកកខ្វក់ អង្គប្រជុំ​បានទទួល​យក​ប្រសាសន៍​ណែនាំ​របស់ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដោយ​ជំរុញ​ឲ្យ​មានការ​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​អោយបាន​ឆាប់រហ័ស ព្រមទាំង​កំណត់​ផែនការ និង​សមត្ថភាព​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​អោយបាន​ច្បាស់​ដាក់ចូល​ក្នុង​កិច្ចសន្យា ដើម្បី​តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​របស់​ក្រុមហ៊ុន ទាំង​សំរាម​តាម​ផ្ទះ និង​សំរាម​ចេញពី​ការដ្ឋាន​សំណង់​នានា​។ ជាងនេះទៀត មន្ទីរ​បរិស្ថាន​ក៏បាន​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​កំណត់​ទីតាំង​ដាក់​កុងតឺន័រ​ផ្ទុក​សំរាម នៅ​សង្កាត់​ទាំង​៤ នៃ​ក្រុងព្រះសីហនុ ដែល​នឹង​ជួយ​សម្រួល​ដល់​ការងារ​ប្រមូល​សំរាម​ក្នុង​ក្រុង​ទាំងមូល​។ ម្យ៉ាងវិញទៀត ក្រសួងបរិស្ថាន​ក៏បានផ្តល់​ទីតាំង​មួយ​នៅ​ជាយក្រុង​ទំហំ​៥​ហិច​តា ដើម្បី​ស្តុក​ទុក​សំរាម ដែល​ប្រមូល​ចេញពី​ក្រុង មុននឹង​ដឹក​បន្ត​យកទៅ​ទីតាំង​ដុត​សំរាម​ដែល​នៅ​ឆ្ងាយ​។ ប្រឡាយ​បង្ហូរ​ទឹកភ្លៀង និង​លូទឹកកខ្វក់​នឹងត្រូវ​បាន​ស្តារ កាយ​យក​សំរាម​ដែល​កកស្ទះ​ចេញ បោះបង្គោល​ព្រំ​ប្រឡាយ​ទៅតាម​កំរិតស្តង់ដារ​របស់​ប្រឡាយ ដើម្បី​ការពារ​ការទន្ទ្រាន និង​រៀបចំ​ប្រព័ន្ធ​លូ​ខ្នែង​ដើម្បី​សម្រួល​ក្នុងការ​លំហូរ​ទឹក​កខ្វក់ ជៀសវាង​ការកកស្ទះ និង​ជន់​លិច​។ ការងារ​ទាំងពីរ​នេះ​នឹងត្រូវ​អនុវត្ត​ក្នុងពេល​ឆាប់ៗ​នេះ​។

​លោក​ប្រធាន​បាន​ជំរុញ​អោយ​អាជ្ញាធរ​ណែនាំ និង​ដាក់បទបញ្ជារ​អោយ​ការដ្ឋាន​សំណង់​ត្រូវ​បិទ​របង និង​ទុកដាក់​សំរាម​អោយបាន​ត្រឹមត្រូវ​។ សំណង់​ដែលមាន​ច្បាប់​ត្រូវ​បិទ​លិខិតអនុញ្ញាត​លើ​ជញ្ជាំង​ការដ្ឋាន​សាងសង់​។ សំណង់​ខុសច្បាប់​នឹងត្រូវ​ចាត់វិធានការ​ម៉ឹងម៉ាត់ នាពេលខាងមុខ​។

​លោក​ក៏បាន​ណែ​នាំអោយ​មន្ត្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ​ណែនាំ​ចុះ​ត្រួតពិនិត្យ និង​កែសម្រួល​ទាំង​ស្លាក​យីហោ​ដែលមាន​ស្រាប់ និង​ដែល​កំពុង​សុំ​ការ​អនុ​ញ្ញ​តិ​លើក​ស្លាក​អាជីវកម្ម ដើម្បី​ធានា​សុក្រឹតភាព និង​ជៀសវាង​មាន​បញ្ហា​អក្ខរា​វា​រុ​ទ្ធ ដែលមាន​លក្ខណៈ​មិន​សមស្រប​ទៅតាម​ច្បាប់ និង​វប្បធម៌​របស់​ខ្មែរ​។

​ចំពោះ​បញ្ហា​ផ្លូវថ្នល់ អង្គប្រជុំ​បាន​ណែនាំ​អោយ​អាជ្ញាធរ​ជំនាញ​ត្រូវ​បញ្ចប់​ការងារ​នេះ យ៉ាងយូរ​ត្រឹម​ដំណាច់​ឆ្នាំនេះ និង​ជំ​រុញអោយ​មន្ត្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ​ណែនាំ ពិនិត្យ​តាម​លទ្ធភាព​ជាក់ស្តែង និង​កំណត់​ជា​អទិភាព​ចំពោះ​ផ្លូវ​ដែល​បាន​ដេញថ្លៃ​រួច​អោយមាន​ដំណើរការ​ប្រព្រឹត្តិ​ទៅបាន​ឆាប់រហ័ស​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម