​សូម​ប្រុងប្រយ័ត្ន​!​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅក្នុង​ឃុំ​មៀនស្រុក​អូររាំងឪ

727
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​មៀនស្រុក​អូររាំងឪ​ខេត្ត​ត្បូងឃ្មុំ​ដែល​កំពុង​ទទួលរង​នូវ​ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​អំពាវនាវ​យ៉ាងទទូច​ដល់​មន្ត្រី​ជំនាញ​នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​សូម​ចាត់វិធានការ​បន្ទាន់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដ៏​សាហាវ​នេះដែ​លអាច​ធ្វើឱ្យប៉ះពាល់​ដ​ល់​សុខភាព​សាធារណៈ​ផង​។​

​ជំងឺ​នេះ​អាចធ្វើឱ្យ​ប៉ះពាល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដោយសារតែ​អាចធ្វើឱ្យ​មុខរបរ​ចិញ្ចឹម​ជ្រូក​របស់​ពលរដ្ឋ​ប្រឈមមុខ​នឹង​ការខាតបង់​ដើមទុន​កាន់តែខ្លាំង​។​ការអំពាវនាវ​នេះ​ធ្វើឡើង​នៅ​អំឡុងពេល​នៃ​ជំនួប​ផ្ទាល់​ជាមួយ​ក្រុមការងារ​ចុះជួយ​ស្រុក​អូររាំងឪ​ដឹកនាំ​ដោយ​លោក​អ៊ាង​សុផល្លែត​កាលពី​រសៀល​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ ២០១៩ នេះ​។​

​លោក​អ៊ាង​សុផល្លែត​បាន​ជំរាបជូន​បងប្អូន​ប្រជាកសិករ​ជាពិសេស​អ្នក​ចិញ្ចឹម​ជ្រូក​អំពី​វិធី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដូចជា​:១.​បំបែក​សត្វ​ដែល​សង្ស័យថា​ឈឺ​ចេញ​ឱ្យ​ឆ្ងាយ​ពី​ហ្វូង​ជាបន្ទាន់ ។​២.​កុំឱ្យ​ជ្រូក​ស៊ី​កាកសំណល់​ផ្ទះបាយ​និង​ដុត​កម្ទេច​សត្វ​ដែល​ងាប់​រួច​ជីក​កប់​ដី​ឱ្យ​ជ្រៅ​ដោយ​សុវត្ថិ​ភា​។​

៣.​ធ្វើ​អនាម័យ​ទ្រុង​ជ្រូក​ឱ្យ​ស្អាត​ជាប្រចាំ​រំងាប់​មេរោគ​ដោយ​ប្រើ​ថ្នាំ​ដែល​ណែនាំ​ដោយ​អ្នកជំនាញ​ខាង​ពេទ្យសត្វ​។​៤.​បញ្ឈប់​សកម្មភាព​ចល័ត​សត្វ​និង​សាច់សត្វ​ពី​កន្លែង​មាន​ផ្ទុះ​ជំងឺ​ទៅ​កន្លែង​ផ្សេងៗ​ដែល​កំពុងមាន​សុវត្ថិភាព និង​នៅមាន​វិធីសាស្ត្រ​បង្ការ និង​ទប់ស្កាត់​ជាច្រើន​ផ្សេងទៀត ។​

​លោក​ក៏បាន​ណែនាំ​ពី​វិធី​ការពារ​ជំងឺ​ផ្សេងៗ​ទៀត​តាមរយ​:​គោល​ការ​រណ៍​ចិញ្ចឹមសត្វ​ល្អ (Good Animal HusbandaryPractives,GAHP)​ដែល​រួមមាន​៖១.​ការថែទាំ​ទូទៅ​៖​គឺ​ទ្រុង​ត្រូវមាន​ទីតាំងនៅ​ឆ្ងាយ​ពី​ទីប្រជុំជន និង​មាន​ទំហំ​ធំ​ល្មម ដែល​អាច​ការពារ​សត្វ​ពី​ភ្លៀង​និង​កំដៅ​។​

អ្នក​ចិញ្ចឹម​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា សម្អាត​សត្វ​និង​ទ្រុង​ជាប្រចាំ​និង​ត្រូវមាន​ប្រព័ន្ធ​បង្ហូរទឹក​និង​កន្លែង​ទុកដាក់​កាកសំណល់​និង​លាមក​សត្វ​ឱ្យបាន​ត្រឹមត្រូវ​។ចំពោះ​ករណី​ជ្រូក​៖​ត្រូវ​ចាក់​វ៉ាក់សាំង​ជំងឺ​សំខាន់ៗ​តាម​កាលវិភាគ​។​ក្នុងករណី​មាន​សត្វ​ឈឺ​ត្រូវ​បំបែក​សត្វ​ឈឺ​ចេញពី​ហ្វូង​។​ជាមួយនេះ​អ្នក​ចិញ្ចឹម​ត្រូវមាន​សៀវភៅ​កត់ត្រា​ពី​អត្តសញ្ញាណ​សត្វ​និង​កាលវិភាគ​ផ្សេងៗ​ដូចជា​អាយុ​សត្វ​ថ្ងៃខែ​ចាក់​វ៉ាក់សាំង​សត្វ​ពេលវេលា​បង្កាត់​និង​ចំនួន​សត្វ​ងាប់​ឬ​លក់​ជាដើម​។​

២.​ការផ្ដល់​ទឹក​និង​ចំណី​៖​អ្នក​ចិញ្ចឹម​ត្រូវ​ផ្តល់​ទឹកស្អាត​និង​ចំណី​មាន​គុណភាព​គ្រប់គ្រាន់​ជាប្រចាំ​ដល់​សត្វ និង​ត្រូវ​ប្រើប្រាស់​ចំណី​ផ្សេងគ្នា​ទៅតាម​ប្រភេទ​សត្វ​និង​អាយុ​សត្វ​។​ប្រសិនបើ​ប្រើប្រាស់​ចំណី​សម្រេច​ពី​ទីផ្សារ​ត្រូវ​ប្រើប្រាស់​ចំណី​ដែលមាន​ចុះបញ្ជី​ត្រឹមត្រូវ​មិន​ផុតកំណត់​ប្រើប្រាស់​និង​មានតម្លៃ​ប្រកួតប្រជែង​។​

ប្រសិន​ប្រើប្រាស់​ចំណី​ផ្សំ​ខ្លួនឯង​ត្រូវ​រក្សា​និង​ទុកដាក់​វត្ថុធាតុដើម​និង​ឧបករណ៍​ផ្សំ​ចំណី​ឱ្យបាន​ត្រឹមត្រូវ​។​៣.​ការជ្រើសរើស​ពូជ​៖​ប្រើប្រាស់​ពូជ​នាំចូល​ឬ​ក្នុងស្រុក​ដែល​ផ្តល់​សាច់​ឬ​កូន​ច្រើន​។​ជ្រើសរើស​ចិញ្ចឹម​ជ្រូក​ដែលមាន​ប្រវត្តិ​ច្បាស់លាស់​និង​ជៀសវាង​ការប្រើប្រាស់​ជ្រូក​ជាន់​ឈាម​។​

​គួរ​បញ្ជាក់ថា ក្រៅពី​ការកំណត់​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ថា ភូមិ​កំពូល​សេរី និង​ភូមិ​សោយ​ក្នុង​ឃុំ​មៀនស្រុក​អូររាំងឪ​ជា​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។​កន្លែង​មួយចំនួនទៀត​ត្រូវបាន​គេ​រាយការណ៍​នៅលើ​បណ្តាញសារព័ត៌មាន​ថា​មាន​សត្វ​ជ្រូក​ងាប់​ដែល​សង្ស័យថា​មាន​ពាក់ព័ន្ធ​នឹង​ជំងឺប៉េស្ត​ជ្រូក​ដែរ​។​

ដូចជា​នៅ​ស្រុក​អង្គរបុរី​ខេត្តតាកែវ​និង​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​មួយចំនួនទៀត​ដែល​ចាំបាច់​ត្រូវការ​ចំណាត់ការ​ជាបន្ទាន់​ពី​មន្ត្រី​ជំនាញ​របស់​ក្រសួងកសិកម្ម​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​គ្រប់គ្រង​មហន្តរាយ​នៃ​ជំងឺ​នេះ​កុំឱ្យ​រីក​រាលដាល​ខ្លាំង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម