លោក រ៉ា​ហ៊ុល គ​ន្ធី លាលែង​ពី​តំណែង​ប្រធាន​បក្សប្រឆាំង​ឥណ្ឌា​

598
ចែករម្លែក

កាលពី​ថ្ងៃ​ពុធ​ទី​៣​កក្កដា លោក រ៉ា​ហ៊ុល គ​ន្ធី បាន​លាលែង​ពី​តំណែង​ប្រធាន​គណបក្សប្រឆាំង​របស់​ឥណ្ឌា​គឺ​បក្ស​សមាជ ដែល​ដឹកនាំ​ជា​យូរ​មកហើយ​ដោយ​ក្រុមគ្រួសារ​មានអំណាច​ខាង​នយោបាយ​របស់គាត់ ដើម្បី​ទទួលខុសត្រូវ​ចំពោះ​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​ក្នុងការ​បោះឆ្នោត​នាពេល​ថ្មីៗ​នេះ​។​

​លោក​គ​ន្ធី​បានប្រកាស​លាលែង​ពី​តំណែង​របស់លោក​នៅលើ Twitter ដោយ​និយាយថា លោក​ចុះ​ចេញពី​តំណែង ដោយសារតែ​គណនេយ្យភាព​គឺជា​រឿង​សំខាន់​សម្រាប់​ការរីកចម្រើន​របស់ “​គណបក្ស​របស់​យើង​នាពេល​អនាគត​”​។ គាត់​និយាយថា ការស្ថាបនា​គណបក្ស​ឡើងវិញ គឺ​ទាមទារ​ការសម្រេចចិត្ត​ដ៏​លំបាក ហើយ “​មនុស្ស​ជាច្រើន​នឹងត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​បរាជ័យ​នេះ​”​។​

​លោក​គ​ន្ធី​បាន​និយាយ​នៅក្នុង​លិខិត​លាលែង​ពី​តំណែង​របស់លោក​ថា “​វា​នឹង​ជា​រឿង​អយុត្តិធម៌​ដែល​ចាប់​អ្នកដទៃ​ឱ្យទទួល​ខុសត្រូវ ប៉ុន្តែ​មិន​អើពើ​នឹង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ក្នុងនាម​ជា​ប្រធាន​គណបក្ស​”​។​

​គេ​នៅ​មិន​ច្បាស់​ទេ​ថា​តើ​គណបក្ស​ឆ្វេងនិយម​កណ្តាល​មួយ​នេះ​នឹង​ទទួលយក​ការលាលែង​ពី​តំណែង​របស់គាត់​ឬ​អត់​។​

​ក្រុមគ្រួសារ​ត្រកូល​គ​ន្ធី ដែល​ចាប់ផ្តើម​ជាមួយ​ជីតា​ទួត​របស់គាត់​ឈ្មោះ ចា​វ៉ា​ហា​ឡា​ល់ នេ​រុ (Jawaharlal Nehru) បាន​ផលិត​នាយករដ្ឋមន្ត្រី​បីនាក់​។ ពីរ​នាក់​ក្នុងចំណោម​នោះ គឺ ជីដូន​របស់គាត់​ឈ្មោះ អ៊ី​ន​ឌី​រ៉ា គ​ន្ធី (Indira Gandhi) និង​ឪពុក​របស់គាត់ ឈ្មោះ រ៉ា​ជីវ គ​ន្ធី (Rajiv Gandhi) ត្រូវបាន​គេ​ធ្វើឃាត​ក្នុងពេល​កំពុងកាន់​តំណែង​។​

​លោក​រ៉ា​ហ៊ុល គ​ន្ធី​បាន​បាត់បង់​កៅអី​ផ្ទាល់​របស់គាត់ ដែលជា​មូលដ្ឋាន​នៃ​គណបក្ស​សមាជ​នៅក្នុង​ការបោះឆ្នោត​នាពេល​ថ្មីៗ​នេះ ដោយ​កត់សម្គាល់​ពី​ទីបញ្ចប់​នៃ​សម័យកាល​មួយ​សម្រាប់​វង្ស​ត្រកូល​នយោបាយ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ឥណ្ឌា​សម័យ​ទំនើប​។ ទោះយ៉ាងណា គាត់​បានឈ្នះ​អាសនៈ​មួយ​ពី​មណ្ឌលបោះឆ្នោត​មួយ​ផ្សេងទៀត​។​

​លោក​គ​ន្ធី​បាន​និយាយ​អំពី​ការចុះ​ចេញពី​តំណែង ចាប់តាំងពី​លទ្ធផល​នៃ​ការបោះឆ្នោត​បានប្រកាស​កា​លពី​ខែឧសភា ប៉ុន្តែ​មន្ត្រី​គណបក្ស​បាន​ជំរុញ​ឱ្យ​គាត់​បន្ត​កាន់តំណែង​។

​កាលពី​ថ្ងៃ​អង្គារ សកម្មជន​បក្ស​សមាជ​ម្នាក់​បាន​ព្យាយាម​ចងក​សម្លាប់ខ្លួន​ពី​ដើមឈើ​មួយ​ដើម​នៅ​ខាងក្រៅ​ការិយាល័យ​គណបក្ស​សមា​ជ​ក្នុង​ទីក្រុង​ញូ​វ​ដេលី ប៉ុន្តែ​ត្រូវបាន​សង្គ្រោះ​ដោយ​បុគ្គលិក​របស់​គណបក្ស​។ អ្នកគាំទ្រ​បក្ស​សមាជ​រាប់សិប​នាក់​ទៀត​បាន​ចូលរួម​ធ្វើ​កូដកម្ម​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​លោ​កគ​ន្ធី​កុំ​លាលែង​ពី​តំណែង​៕ ដោយ៖ កញ្ញាដាលីស

លោក រ៉ា​ហ៊ុល គ​ន្ធី បាន​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សមាជ

ទីតាំងផ្សាយពាណិជ្ជកម្ម