ចិន​និង​អង់គ្លេស​ឆ្លើយឆ្លង​សម្តី​គ្នា​អំពី​បាតុកម្ម​នៅ​ហុងកុង​

989
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​ពុធ​ទី​៣​ក្កដា​ បាន​ព្រមាន​ឲ្យអង់គ្លេស​កុំឲ្យជ្រៀតជ្រែក​ការតវ៉ា​ប្រឆាំង​នៅ​ហុងកុង បើ​ពុំនោះ​ទេ​នឹង​ប្រឈម​«​ការធ្វើឲ្យ​ខូចខាត​បន្ថែមទៀត​»​ដល់​​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។​

​ចិន​ទំនងជា​ខឹង​នឹង​ការរិះគន់​ជា​សាធារណៈ​ដោយ​អង់គ្លេស អំពី​បាតុកម្ម​ប្រឆាំង​ចិន​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ​ដែល​មិន​ធ្លាប់​មាន​នៅ​ហុងកុង​។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង់គ្លេស​លោក​លីវ ស៊ា​វ​មី​ញ បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា​«​ខ្ញុំ​សង្ឃឹមថា រដ្ឋាភិបាល​អង់គ្លេស​នឹង​ដឹង​អំពី​ផលវិបាក​និង​…​អត់ធ្មត់​កុំ​ជ្រៀតជ្រែក​​បន្តទៀត ដែល​វា​នឹង​នាំ​ឲ្យ​កាន់តែ​ខូចខាត​ទំនាក់ទំនង​»​។​

​ក្រោយ​លោក​លីវ​បាន​ធ្វើ​សន្និសីទកាសែត​ចោទប្រកាន់​ ​រដ្ឋាភិបាល​អង់គ្លេស​កា​លពី​ថ្ងៃ​ពុធ​ក៏បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​រូប​នេះ​មក​ស្តាប់​ការតវ៉ា​ប្រឆាំង​បន្ទាប់​ពី​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង​ចោទប្រកាន់​អង់គ្លេស​ថា​ជ្រៀតជ្រែក​នៅក្នុង​កិច្ចការ​ហុងកុង​។​

​លោក​ឯកអគ្គរដ្ឋទូត​លីវ ស៊ា​វ​មី​ញ​បាន​ចោទប្រកាន់​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស ជេរេ​មី ហា​ន់ ថា​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ហុងកុង និង​គាំទ្រ​«​ពួក​រំលោភ​ច្បាប់​ហិង្សា​»​។​លោក​លីវ​​បាន​ព្រមាន​លោកជេរេ​មី ហា​ន់ ដែល​កំពុង​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស ឲ្យចេះ​គោរព​អធិបតេយ្យភាព បូរណភាព​ទឹកដី​និង​មិន​ជ្រៀត​​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​។​

​លោក​លីវ បាន​និយាយថា ពួក​ដែល​បាន​ចូល​កាន់កាប់​សភា​ហុងកុង​គួរ​ត្រូវបាន​«​ថ្កោលទោស ថា​ជា​អ្នក​រំលោភ​ច្បាប់ តែ​ផ្ទុយទៅវិញ​គេ​បែរជា​គាំទ្រ បង្ហាញ​សមានចិត្ត​អាណិត​​ពួក​រំលោភ​ច្បាប់​ទាំងនោះ​ទៅវិញ​»​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួងការបរទេស​អង់គ្លេស​បាន​និយាយថា ខ្លួន​បន្ត​ធ្វើការ​បញ្ជាក់​ច្បាស់​ទៅកាន់​រដ្ឋាភិបាល​ចិន ទាំង​ក្នុង​ពិធី​សាធារណៈ​និង​ឯកជន ថា​សិទ្ធិ​របស់​អ្នកក្រុង​​ហុងកុង​ត្រូវតែ​ត្រូវបាន​គេ​គោរព​យ៉ាង​ពេញលេញ​។​

​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះដែរ នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រេសា មេ បាន​និយាយថា លោកស្រី​បាន​លើក​ការព្រួយបារម្ភ​របស់លោក​ស្រី​ទៅកាន់​មេដឹកនាំ​ចិន​ដោយ​ផ្ទាល់​នៅ​ជំនួប​G20​។​​លោកស្រី​បាន​ប្រាប់​ពួក​សមាជិកសភា​អង់គ្លេស​ថា «​វា​សំខាន់​ដែល​កម្រិត​ស្វ័យភាព​និង​សិទ្ធិ​សេរីភាព​នៅ​ហុងកុង​កំណត់​ក្រោម​សេចក្តីប្រកាស​រួម​ចិន​-​អង់គ្លេស ត្រូវបាន​គោរព​»​។​

​សូមបញ្ជាក់​ថា លក្ខខណ្ឌ​នៃ​ការប្រគល់​ទឹកដី​ហុងកុង​នេះ​ឲ្យចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧ ហុងកុង​រីករាយ​នឹង​សិទ្ធិ​និង​សេរីភាព​ដែល​មិន​មាន​នៅ​ចិន​ដីគោក​។​តែ​ពួក​អ្នកប្រ​​ឆាំង​តវ៉ា​ចោទ​ចិន​ថា​បំភ្លេច​ការសន្យា ដោយ​មាន​ជំនួយ​ពី​ក្រុម​មេដឹកនាំ​ហុងកុង​ដែល​មិន​ឆ្លងកាត់​ការបោះឆ្នោត​ថែម​ទៀត​៕ដោយ៖វាសនា/Ha

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង់គ្លេស​លោក​លីវ ស៊ា​វ​មី​ញ ប្រើ​សម្តី​ខ្លាំងៗ​ដាក់​អង់គ្លេស​និង​ត្រូវ​អង់គ្លេស​កោះហៅ​ទៅ​ស្តាប់​ការតវ៉ា​

ទីតាំងផ្សាយពាណិជ្ជកម្ម