កូរ៉េខាងជើង​និយាយថា​ត្រាំ​ព្យាយាម​បំផ្លាញ​សន្តិភាព​ ជាមួយ​ការដាក់ទណ្ឌកម្ម​

751
ចែករម្លែក

​បី​ថ្ងៃ​បន្ទាប់ពី​មេដឹកនាំ​អាម៉េរិក​និង​កូរ៉េខាងជើង​បានរៀបចំ​កិច្ចប្រជុំ​លើក​ទី​បី​ជា​ប្រវត្តិសាស្ត្រ បេសកកម្ម​ទូត​កូរ៉េខាងជើង​ប្រចាំ​អ​.​ស​.​ប​បាន​ចោទប្រកាន់​រដ្ឋបាល​ត្រាំ​ កាលពី​ថ្ងៃ​ពុធ​ទី​៣​កក្កដា​ថ ា​និយាយ​អំពី​ការចរចា​មែន ប៉ុន្តែ​នៅតែ​បន្តធ្វើ​សកម្មភាព​អរិភាព​មកលើ​កូរ៉េខាងជើង​ដដែល​។​

​សេចក្តីថ្លែងការណ៍​ព័ត៌មាន​ពី​បេសកកម្ម​ទូត​នេះ​បាន​ចង្អុល​ម្រាមដៃ​ដាក់​កិច្ចប្រឹងប្រែង​របស់​សហ​រដ្ឋ​អាម៉េរិក​ដើម្បី​ប្រើ “​សម្ពាធ​យ៉ាងខ្លាំង​” និង​ប្រាប់​ឱ្យ​ប្រទេស​នានា​លើ​ពិភពលោក​អនុវត្ត​ន៍ការដាក់ទណ្ឌកម្ម​របស់​អ​.​ស​.​ប​។​

​សេចក្តីថ្លែងការណ៍​ព័ត៌មាន​នោះ​និយាយថា ជាដំបូង សហរដ្ឋ​អាម៉េរិក​និង​ប្រទេស ២៣ ផ្សេងទៀត​បាន​ផ្ញើលិខិត​មួយ​ទៅ​គណៈកម្មាធិការ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​ដែល​ត្រួតពិនិត្យ​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ដោយ​ទាមទារ​ឱ្យធ្វើ​សកម្មភាព​បន្ទាន់ “​ក្រោមលេស​មិន​សម​ហេតុផល​” ថា មាន​បរិមាណ​ប្រេង​ចម្រាញ់​នាំចូល​ច្រើន​ហួសប្រមាណ​។​

​សហរដ្ឋ​អាម៉េរិក​និង​បណ្តា​ប្រទេស​ដទៃទៀត​បាន​ចោទប្រកាន់​កូរ៉េខាងជើង​ថា​បាន​រំលោភ​លើ​ការដាក់ទណ្ឌកម្ម​ដោយ​នាំចូល​ប្រេង​លើស​ដែន​កំណត់​ប្រចាំឆ្នាំ ៥០០.០០០ បារ៉ែល ដែលជា​កត្តា​សំខាន់​សម្រាប់​សេដ្ឋកិច្ចរ​បស់​ខ្លួន​។ ប៉ុន្តែ​កាលពី​ខែ​មុន រុស្ស៊ី​និង​ចិន​បាន​រារាំង​គណៈកម្មាធិការ​ទ​ណ្ឌ​កម្មនេះ មិនឱ្យ​ប្រកាសថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​រំលោភ​លើ​ដែន​កំណត់​នាំចូល​ប្រេង​ប្រចាំឆ្នាំ​នោះទេ​។​

​បេសកកម្ម​ទូត​របស់​កូរ៉េខាងជើង​ប្រចាំ​នៅ​អ​.​ស​.​ប​បាន​និយាយថា ​សហរដ្ឋ​អាម៉េរិក​ អង់គ្លេស​ បារាំង​និង​អាល្លឺម៉ង់​ បាន​ចែកចាយ​លិខិត​រួមគ្នា​ទៅកាន់​រដ្ឋ​ជា​សមាជិក​អ​.​ស​.​ប​កាលពី​ថ្ងៃទី ២៩ មិថុនា ដោយ​អំពាវនាវ​ឱ្យធ្វើ​មាតុភូមិនិវត្តន៍​ពលក​រ​កូរ៉េខាងជើង​នៅ​បរទេស​ដើម្បី​ញុះញង់​បរិយាកាស​នៃ​ការដាក់ទណ្ឌកម្ម​និង​ការគាបសង្កត់​ប្រឆាំងនឹង​កូរ៉េខាងជើង​។​

​បេសកកម្ម​ទូត​នេះ​បាន​បន្ថែមថា នេះ​មិន​ត្រឹមតែ​និយាយ​អំពី​ការពិត​ដែលថា​សហរដ្ឋ​អាម៉េរិក​កំពុង​ប្រឹង​ធ្វើ​សកម្មភាព​អរិភាព​ប្រឆាំងនឹង​កូរ៉េខាងជើង​បើទោះបី​និយាយ​អំពី​កិច្ចសន្ទនា​រវាង​កូរ៉េខាងជើង​-​អាម៉េរិក​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​លិខិត​នោះ​ថែមទាំង​ត្រូវបាន​បញ្ជូន​ដោយ​បេសកកម្ម​ទូត​សហរដ្ឋ​អាម៉េរិក​ក្រោម​ការណែនាំ​របស់​ក្រសួងការបរទេស​នៅ​ថ្ងៃ​ដដែល ដែល​លោក​ប្រធានាធិបតី​ត្រាំ​បានស្នើ​ឱ្យមាន​កិច្ចប្រជុំ​កំពូល​ផងដែរ​។​

​នៅថ្ងៃនោះ លោក​ត្រាំ​បាន​អញ្ជើញ​គីម ជុង​អ៊ុន ​ជួបគ្នា​នៅ​តំបន់​គ្មាន​យោធា​រវាង​កូរ៉េ​ទាំងពីរ​។ លោក​គីម​បាន​ទទួលយក​ការអញ្ជើញ​នោះ ហើយ​នៅ​កិច្ចប្រជុំ​កាលពី​ថ្ងៃអាទិត្យ​របស់​មេ​ដឹកនាំ​ទាំងពីរ លោក​ត្រាំ​បាន​ក្លាយជា​ប្រធានាធិបតី​អាម៉េរិក​ក្នុង​តំណែង​ដំបូង​គេដែល​បាន​ជាន់​លើ​ទឹកដី​កូរ៉េខាងជើង នៅពេល​គាត់​ឆ្លងកាត់​ខ្សែបន្ទាត់​កំណត់ព្រំដែន​។​

​លោក​ត្រាំ​និង​លោក​គីម​បាន​យល់ព្រម​នៅឯ​កិច្ចប្រជុំ​នោះ​ដើម្បី​ចាប់ផ្តើម​ការចរចា​ឡើងវិញ ដែល​ធ្វើឡើង​ដើម្បី​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​បានចាត់ទុក​កិច្ចប្រជុំ​នេះ​ថា​ជា “​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​”៕ ដោយ៖ កញ្ញាដាលីស/Ha

លោក​ត្រាំ​និង​លោក​គីម​ជួបគ្នា​នៅ​តំបន់​គ្មាន​យោធា​រវាង​កូរ៉េ​ទាំងពីរ​កាលពី​ថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម