ការនាំចេញ​របស់​វៀត​ណា​ម​ទៅកាន់​សហរដ្ឋ​អាម៉េរិក​កើនឡើង​៣៦​ភាគរយ ទាក់ទាញ​ការពិនិត្យ​ពិច័យ​និង​ពន្ធគយ​

663
ចែករម្លែក

​វៀតណាម​ទទួលបាន​អត្ថប្រយោជន៍​ពី​សកម្មភាព​ពាណិជ្ជកម្ម​របស់​អាម៉េរិក​ប្រឆាំងនឹង​បណ្តា​ប្រទេស​អាស៊ី​ដទៃទៀត ប៉ុន្តែ​ពរជ័យ​នេះ​ត្រូវបាន​ក្លាយទៅជា​បណ្តាសា​យ៉ាង​ឆាប់រហ័ស​នៅពេលដែល​ស្ថានភាព​សេដ្ឋកិច្ច​កើនឡើង​របស់​ប្រទេស​នេះ​ទាក់ទាញ​ការពិនិត្យ​ពិច័យ​ខ្លាំង​ឡើង​ពី​រដ្ឋបាល​ត្រាំ​ដែល​កំពុង​ស្រេកឃ្លាន​ពន្ធគយ​។​

​ទិន្នន័យ​ពាណិជ្ជកម្ម​អាម៉េរិក​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី​៣​កក្កដា​បាន​បង្ហាញថា ការ​នាំចូល​ទំនិញ​វៀតណាម​មក​អាម៉េរិក​បាន​កើន​ឡើងដល់ ២៥ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៥ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ ពោលគឺ​កើនឡើង ៣៦ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​ដែលមាន​កំណើន​តែមួយ​ខ្ទង់​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៨ នៅ​អំឡុងពេល​ដូចគ្នានេះ​។​

​វៀតណាម​ជាប់​ចំណាត់ថ្នាក់​ទី ៨ ក្នុងការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ក្នុង​ឆ្នាំ ២០១៩ គឺ​កើនឡើង ៤ លេខ​ធៀប​នឹង​ចំណាត់ថ្នាក់​កាលពី​ឆ្នាំមុន ដោយ​វ៉ា​ដាច់​ប្រទេស​នានា​ដូចជា​ឥណ្ឌា​។​

​ភាគច្រើន​នៃ​ការកើនឡើង​នៃ​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​ក្រុង​ហាណូយ​ជាមួយ​សហរដ្ឋ​អាម៉េរិក​គឺ​ដោយសារតែ​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​កន្លែង​ផ្សេងទៀត​នៅ​អាស៊ី​បង្វែរ​ទិសដៅ​ទំនិញ​តាមរយៈ​ប្រទេស​វៀតណាម​វិញ​ដើម្បី​បញ្ចៀស​ពន្ធ​របស់​អាម៉េរិក​ក៏ដូចជា​ក្រុមហ៊ុន​ផលិតកម្ម​ជាច្រើន​បាន​រើ​ផលិតកម្ម​របស់ខ្លួន​ទៅ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានដឹង​រួចហើយ​អំពី​និន្នាការ​ទាំងពីរ​នេះ​។​

​កាលពី​ថ្ងៃ​អង្គារ ក្រសួងពាណិជ្ជកម្ម​អាម៉េរិក​បាន​វាយ​ពន្ធ ៤៥៦ ភាគរយ​លើ​ផលិតផល​ដែកថែប​នាំ​ចេញពី​វៀតណាម ដែលមាន​ប្រភពដើម​នៅ​កូរ៉េខាងត្បូង​ឬ​តៃវ៉ាន់ បន្ទាប់ពី​វាយ​ពន្ធ​ស្រដៀង​គ្នា​នេះ​ទៅលើ​ដែកថែប​ចិន​ដែល​នាំ​ចេញពី​ប្រទេស​វៀតណាម​។​

​ក្រសួងពាណិជ្ជកម្ម​អាម៉េរិក​បានឱ្យដឹងថា ផលិតផល​ដែកថែប​ទាំងនេះ​ត្រូវបាន​បញ្ជូនទៅ​ប្រទេស​វៀតណាម​សម្រាប់ “​ការកែច្នៃ​បន្តិចបន្តួច​”​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដែកថែប​ពី​កូរ៉េខាងត្បូង​និង​តៃវ៉ាន់​នៅ​ខែធ្នូ​ឆ្នាំ​២០១៥ និង​ខែកុម្ភៈ​ឆ្នាំ ២០១៦​។ ក្រសួង​បាន​និយាយថា​ការដឹកជញ្ជូន​ផលិតផល​ដែកថែប​មួយចំនួន​ពី​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ទៅ​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជាង ៩០០​ភាគរយ ចាប់តាំងពី​ពន្ធ​ថ្មី​ត្រូវបាន​ដាក់ចេញ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏បាន​បន្ថែម​ប្រទេស​វៀតណាម​ទៅក្នុង​បញ្ជី​ឃ្លាំមើល​ការកំណត់​តម្លៃ​លុយ​ដោយ​ខុសច្បាប់​របស់ខ្លួន​ផងដែរ​កាលពី​ខែឧសភា ដោយ​សម្អាងថា​អតិរេក​ពាណិជ្ជកម្ម​កើនឡើង​របស់​ប្រទេស​នេះ​ជាមួយ​អាម៉េរិក​ជាហេតុ​ផល​ត្រូវ​ដាក់ចូល​បញ្ជី​។​

​ការ​រើ​ផលិតកម្ម​របស់​រោងចក្រ​ចិន​ទៅកាន់​ប្រទេស​វៀតណាម​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ដែល​បាន​រិះគន់​វៀតណាម​នៅក្នុង​បទសម្ភាសន៍​កាលពី​សប្តាហ៍​មុន​ជាមួយ​ទូរទស្សន៍ Fox Business Network កន្លែង​ដែល​គាត់​បាន​ហៅ​ប្រទេស​វៀតណាម​ថា​ជា “​អ្នករំលោភ​បំពាន​ដ៏​អាក្រក់​បំផុត​ក្នុងចំណោម​អ្នកដទៃ​”​។​

​លោក​ត្រាំ​និយាយថា “​ក្រុមហ៊ុន​ជាច្រើន​កំពុង​រើ​ទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​វៀតណាម​បាន​កេងចំណេញ​លើ​ពួកយើង​អាក្រក់​ជាង​ចិន​ទៀត​”​។ នៅពេល​សួរថា​តើ​លោក​ចង់​ដំឡើង​ពន្ធ​លើ​ប្រទេស​វៀតណាម​មែន​ទេ លោក​ត្រាំ​បាន​និយាយថា “​យើង​កំពុង​ពិភាក្សា​ជាមួយ​វៀតណាម​”​។​

​ទោះបី​វៀតណាម​ត្រូវបាន​គេ​ចាត់ទុកជា “​អ្នកឈ្នះ​” ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាម៉េរិក​ក៏ដោយ ក៏ប៉ុន្តែ​ធនាគារ Bank of America Merrill Lynch បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា​បាន​រកឃើញ “​ស្ថានភាព​នាំចេញ​សុទ្ធ​របស់​ទីក្រុង​ហាណូយ​កាន់តែ​យ៉ាប់យ៉ឺន​” ចាប់តាំងពី​ជម្លោះ​សេដ្ឋកិច្ច​បានចាប់ផ្តើម​។​

​ក្រុមអ្នកវិភាគ​ដែល​ដឹកនាំ​ដោយ​លោក សាន​ចាយ មូ​គីម (Sanjay Mookim) បាន​សរសេរ​នៅក្នុង​របាយការណ៍​ស្រាវជ្រាវ​មួយ​ថា បទពិសោធន៍​របស់​វៀ​ត​ណា​ម​មកទល់​ឥឡូវ​មាន​លក្ខណៈ​ច្របូកច្របល់​។ របាយការណ៍​នេះ​បានឱ្យដឹងថា​ទោះបីជា​ការនាំចេញ​បាន​កើនឡើង​ក៏ដោយ ក៏ប៉ុន្តែ​ការនាំ​ចូល​ពី​ចិន​មាន​ច្រើនជាង​ការទូទាត់​ផលចំណេញ​ពី​ការនាំចេញ ដែល​បង្ហាញថា​ការនាំចេញ​ថ្មីៗ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​បាន​បង្កើត​តម្លៃពិត​ប្រាកដ​តិចតួច​សម្រាប់​វៀតណាម​តាម​ទស្សនវិស័យ​ពាណិជ្ជកម្ម​៕ ដោយ៖ កញ្ញាដាលីស

ការនាំចេញ​របស់​វៀត​ណា​ម​ទៅកាន់​សហរដ្ឋ​អាម៉េរិក​កើនឡើង​៣៦​ភាគរយ​នៅ​៥​ខែ​ដំបូង​ឆ្នាំនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម