ធី តុង​ហ៊ី និង ន​ន់ ជំនិត ឆ្លង​ផុត​ជុំ​ទី​១ ឬទេ ?

831
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍ Boostrong Gold Medal Fighter on Fire សម្រាប់​ថ្ងៃទី​៧ កក្កដា ខាងមុខនេះ គឺជា​ការប្រកួត បញ្ចប់​ជុំ​ទី​១ ហើយ​។​

​អ្នក​ប្រដាល់​កម្ពុជា ២ រូប​គឺ ធី តុង​ហ៊ី ក្លិប​ពន្លឺ​វិបុល និង ន​ន់ ជំនិត ក្លិប​ស្វាយ​រលំ​ឫទ្ធិ​ជ័យ អាច​ឆ្លង​ផុតពី​កណ្ដាប់ដៃ អ្នក​ប្រដាល់​បរទេស​ឬទេ ? ធី តុង​ហ៊ី ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​អូស្ត្រាលី ដា​រី​ន ចិន (Darin Chen) សម្រាប់​អ្នកចាញ់ គឺ​ត្រូវ​ហាលអាវ ឯ​អ្នកឈ្នះ ឡើងទៅ​ប្រកួត​បន្ត នៅ​ជុំ​ទី​២ ទៀត​។​

ធី តុង​ហ៊ី និង ដា​រី​ន ចិន​

​អ្នក​ប្រដាល់​អូស្ត្រាលី​រូបនេះ ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ​ម្ដង​ហើយ គេ​ប្រកួត​ចាញ់ អ្នក​ប្រដាល់​កម្ពុជា វង្ស វិឆ័យ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ដោយ​ពិន្ទុ​។ ការប្រកួត កាលនោះ មាន​លក្ខណៈ តឹងតែង​គ្រាន់បើ​ដែរ ។ គេ​ជា​អ្នក​ប្រដាល់ ដែលមាន​កណ្ដាប់ដៃ​រហ័ស ទាត់​ចេញ​បាន​លឿន ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​២៧​ដង ឈ្នះ​២០​ដង ចាញ់​៧​ដង ។​

​ចំពោះ តុង​ហ៊ី វិញ គេ​ជា​អ្នក​ប្រដាល់ ដែល​ចូលចិត្ត​ប្រើ​កែង និង ជង្គង់ ដើម្បី​ផ្ដួល​គូប្រកួត ។ នៅលើ​សង្វៀន អ្នក​ប្រដាល់​កម្ពុជា​រូបនេះ វ៉ៃ​ដោយ​របៀប​ឆេវឆាវ និង អំណួត ហើយ​វ៉ៃ​ចូលចិត្ត​បន្លំ​វាយ​បន្ថែម លើ​គូប្រកួត នៅ​ខណៈដែល​អាជ្ញាកណ្ដាល ឃាត់​ហើយ ឬ​គូប្រកួត​ដួល ទៅហើយនោះ ។​

​តុង​ហ៊ី មាន​ប្រវត្តិ​ប្រកួត ចំនួន​៩២​ដង ឈ្នះ​៦៧​ដង ចាញ់​២២​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ ជំនួប​នេះ ទាំងសងខាង សុទ្ធតែ​ត្រូវការ​ឈ្នះ ដើម្បី​ទទួលបាន​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២ ទៀត ។ នរណា សំណាងល្អ ?​។​

ន​ន់ ជំនិត និង ផេ​ត ណាំ​នឹង​

​ចំពោះ ន​ន់ ជំនិត វិញ ត្រូវ​តស៊ូ​ជាមួយ អ្នក​ប្រដាល់​ថៃ ផេ​ត ណាំ​នឹង (Phat Namneung) ដែល​នេះ​ជា​គូប្រកួត ដ៏​តឹងតែង​ហើយ សម្រាប់​ជំនិត​។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កលល្បិច​វ៉ៃ​ល្អ​រហ័ស មាន​ចលនា​ចល័ត ចេញចូល​បាន​លឿន និង​ការពារ​បាន​មាំ​ទៀតផង ។ ចំពោះ ជំនិត មាន​កណ្ដាប់ដៃ​ធ្ងន់ តែ​កម្លាំង​របស់គេ ឆាប់​ធ្លាក់ចុះ​ណាស់ ប្រសិនបើ​គូប្រកួត វាយលុក​ខ្លាំង​នោះ តែត្រឹម ៣ ទឹក កម្លាំង​គេ​ស្រុតចុះ ខ្លាំង​តែម្ដង ។​

​ជំនិត មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៨​ដង ឈ្នះ​៦០​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ​២ ដង ។ ចំពោះ​ផេ​ត ណាំ​នឹង​វិញ​គេ មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៥​ដង ឈ្នះ​៦៦​ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ​១ ដង ។ នរណា ជា​ម្ចាស់​កៅអី សម្រាប់​ជុំ​ទី​២ ?​។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ប៊​ន ពន្លឹក ក្លិប​នាគរាជ​ចតុមុខ ប្រកួត​ជាមួយ ប៊ុន ប៉ាវ ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ រិ​ទ្ធ ប្រា​ក់បិន ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ ម៉ន វ៉ា​ន្នី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើង គោក ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ ឡុង សុធា ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ អេ​លី​ត វិចិត្រ ក្លិប​ឆ្មា ស សែន​សុខ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v

ជើង​ខ្លាំងៗ ដែល​ត្រូវ​ប្រកួត​

ទីតាំងផ្សាយពាណិជ្ជកម្ម