​ផ្លាស់ប្តូរ​ប្រធាន​តុលាការខេត្ត​មណ្ឌលគិរី​ទៅ​ស្ទឹងត្រែង​,​ឯ​ប្រធាន​ខេត្តព្រះវិហារ​មក​មណ្ឌល​គិរី​វិញ​

563
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​លោក​យ៉ាណា​រិ​ន​ប្រធាន​សាលាដំបូង​ខេត្តមណ្ឌលគិរី​ដែលមាន​គុណសម្បត្តិ​បំពេញ​កា​ងារ​ក្នុង​ខេត្ត​នេះ​រយៈពេល​ដល់​ទៅ​ដប់ឆ្នាំ​ត្រូវបាន​ថ្នាក់លើ​ផ្ទេរ​ទៅ​បម្រើកា​ងារ​និង​ជំនួស​តួនាទី​ថ្មី​ដោយ​លោក​ទៀង សុថា ប្រធាន​សាលាដំបូង​ខេត្តព្រះវិហារ​វិញ​។​

​ពិធី​ប្រកាស​ក្រោម​វត្តមាន​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​លោក​អង្គ វង្ស​វ​ឌ្ឍ​នា កាលពី​ថ្ងៃទី​៣​ខែកក្កដា​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាលខេត្ត​មណ្ឌលគិរី​លោក​ស្វាយ​សំ​អ៊ាង​និង​មន្ត្រីរាជការ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​លោក​អង្គ​វង្សវឌ្ឍានា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​មានប្រសាសន៍ថា​ការផ្ទេរ​មុខដំណែង​ប្រធាន​សាលាដំបូង​ខេត្តមណ្ឌលគិរី ធ្វើឡើង​បន្ទាប់ពី​បានធ្វើ​ការសម្រេច សម័យប្រជុំ​ពេញអង្គ ក្រុមប្រឹក្សា​អង្គចៅក្រម លើក​ទី​៣១​។​ការផ្លាស់ប្តូរ​និង​ផ្ទេរ​ភារកិច្ច​នាពេលនេះ​ក្នុង​គោលបំណង​ដើម្បី​ធានា​ឱ្យបាន​នូវ​ការបង្កើន​ពង្រឹង​កិច្ចការងារ​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

​ជាមួយគ្នានេះដែរ​លោករ​ដ្ឋ​មន្ត្រី​ក៏បាន​កោតសរសើរ​ដល់​លោក​យ៉ាណា​រិ​ន​ប្រធាន​សាលាដំបូង​ខេត្តមណ្ឌលគិរី​ដែល​បាន​បម្រើ​ការងារ​រយៈពេល​ជិត​១០​ឆ្នាំ​មកនេះ​។​ក្នុងការ​អនុវត្ត​ការងារ​យ៉ាងសកម្ម​នៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ប្រកបដោយ​ការយកចិត្តទុកដាក់​និង​ការទទួលខុសត្រូវ​ខ្ពស់​និង​ទទួលបាន​លទ្ធផល​ល្អ​គួរ​ឲ្យ​កក់​សម្គាល់​។​

​ដូច្នេះ​លោក​រដ្ឋមន្ត្រី បានស្នើ​ដល់​ប្រធាន​សាលាដំបូង​ខេត្ត​ថ្មី ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង អង្គចៅក្រម និង​មន្ត្រី​កាន់​ឲ្យ​បាន​ខ្ជ​ប់​ខ្ជួន​នូវ​មនសិកា​និង​ឧ​ត្ត​ម​គតិ​ខ្ពស់​ក្នុង​ការផ្តល់សេវា​យុត្តិធម៌​និង​ស្វែងរក​យុត្តិធម៌​ប្រកបដោយ​តម្លាភាព​សាមគ្គីភាព​និង​យុត្តិធម៌​ស្របតាម​ច្បាប់​ជូន​សាធារណៈជន ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​វិស័យ​យុត្តិធម៌​កាន់​តែមាន​ភាពល្អប្រសើរ​។

​ក្នុងនោះ​ផងដែរ​លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត បាន​ណែនាំ​បន្ថែម​ដល់​ប្រធាន​សាលាដំបូង​ខេត្ត ដែល​ទើប​ចូលកាន់​មុខដំណែង​ថ្មី​ត្រូវ​បន្ត​កិច្ច​ខំប្រឹងប្រែង​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ក្នុងនាម​អនុវត្ត​ច្បាប់​ឱ្យបាន​ល្អប្រសើរ​ជាពិសេស​។​ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​ទៅលើ​វិស័យ​យុត្តិធម៌​ក្នុង​គោលដៅ​រួមចំណែក​ការកសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​។​

លោក​អភិបាល​បាន​បន្ថែមថា ការបំពេញ​តួនាទី ភារកិច្ច ប្រធាន​សាលាដំបូង ព្រះរាជអាជ្ញា និង​ចៅក្រម ត្រូវធ្វើ​យ៉ាងណា​ឱ្យមាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​ក្នុងការ​សម្រេចការ​កាត់ក្តី​ណាមួយ​ត្រូវ​ពិនិត្យ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ស្ថិត​លើ​ភាពយុត្តិធម៌​ឬ​កាត់ក្តី​ទាំងឡាយ​ធ្វើយ៉ាងណា​ឲ្យ​ការកាត់ក្តី​នេះ​មាន​ភាពត្រឹមត្រូវ​ហើយ​អាច​ឲ្យ​គូរ​ភា​គ្គី​ទំនាស់​នេះ ទទួលយកបាន​ទាំងសងខាង​។​

​គួរបញ្ជាក់​ផងដែរ​ថា​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​ចូលកាន់​មុខដំណែង​ប្រធាន​សាលាដំបូង​ខេត្តមណ្ឌលគិរី ក្នុងនោះ​លោក​ទៀង​សុថា​ប្រធាន​សាលាដំបូង​ខេត្តព្រះវិហារ​ត្រូវ​ផ្ទេរ​មុខដំណែង​ឱ្យមក​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​ខេត្តមណ្ឌលគិរី​ជំនួស​លោក​យ៉ាណា​រិ​ន​ប្រធាន​សាលាដំបូង​ខេត្តមណ្ឌលគិរី​ត្រូវ​ផ្ទេរ​មុខដំណែង​ទៅ​បម្រើ​ការងារ​ជា​ប្រធាន​សាលាដំបូង​ខេត្តស្ទឹងត្រែង​វិញ​៕S/​