លំនៅស្ថាន​​ពលរដ្ឋជិត៣០​ខ្នង​រង​ការ​ខូ​ត​ខាត​ព្រោះតែ​ឥទ្ធិពល​ព្យុះភ្លៀង​នៅ​ខេត្តកោះកុង​

613
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​ផ្ទះ​ប្រជាពលរដ្ឋ​២៧​ខ្នង​នៅក្នុង​ក្រុង​ខេមរភូមិន្ទ​និង​ស្រុក​មណ្ឌលសីមា​បាន​រង​ការ​ខូចខាត ដោយសារតែ​ឥទ្ធិពល​ភ្លៀង និង​ខ្យល់​កន្ត្រក់​ខ្លាំង​។ បច្ចុប្បន្ន អាជ្ញាធរ​បន្ត​តាមដាន និង​ត្រៀម ជួយសង្គ្រោះ​បន្ទាន់​នៅពេល​ទទួលបាន​ព័ត៌មាន​ពី​ការរង​គ្រោះ​របស់​ពលរ​ដ្ឋ​។​

​លោក​ឈួន​យ៉ា​ដា​នាយក​សាខា​កាក​ក្រហម​កម្ពុជា​ខេត្តកោះកុង​បានឱ្យដឹង​នៅ​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ថា​អាកាសធាតុ​ភ្លៀង និង​ខ្យល់​កន្ត្រាក់​ខ្លាំង​២​ថ្ងៃ​មកនេះ ចាប់ពី​ថ្ងៃទី​២​ដល់ទី​៣ កក្កដា ២០១៩ បានធ្វើឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​២៧​គ្រួសារ​។​ក្នុងនោះ​៥​គ្រួសារ​រស់នៅ​ភូមិ​១​សង្កាត់​ស្មាច់មានជ័យ​ក្រុង​ខេមរភូមិន្ទ​និង​២២​គ្រួសារ​នៅ​ភូមិ​២​ឃុំ​ពាម​ក្រសោប​ស្រុក​មណ្ឌលសីមា​រង​ការខូចខាត​ដោយសារតែ​ខ្យល់​កន្ត្រាក់​បើ​ង​ដំបូង​ផ្ទះ​ធ្ងន់ និង​ស្រាល​។

​នាយក​សាខា​កាក​ក្រហម​កម្ពុជា​ខេត្តកោះកុង លើកឡើងថា រីឯ​នៅ​ស្រុក​ថ្មបាំង​វិញ មាន​បុរស​ម្នាក់ ឈ្មោះ​ឡា​ហួង​អាយុ​៣៧​ឆ្នាំ​ត្រូវ​រន្ទះបាញ់​ស្លាប់​អំឡុងពេល​ដកស្មៅ​លក់​តាម​វាល​ត្រង់ចំណុច​ភ្នំ​ត្រ​ង៉ោ​ល​មាន​រយៈ​ចម្ងាយ​៣​គីឡូម៉ែត្រ​ពី​ផ្ទះ ក្នុងភូមិ​ជី​ផាត ឃុំ​ជី​ផាត​។

ភ្លាមៗ​នោះដែរ ប្រធាន និង​សមាជិកា​អនុសាខា​ក្រុង និង​ស្រុក​នីមួយៗ ក៏បាន​ចុះសួរសុខទុក្ខ ព្រមទាំង​ផ្តល់​អំណោយ​ឧបត្ថម្ភ មាន​ជា​អង្ករ មី ទឹកត្រី ថវិកា ស័ង្កសី និង​តង់​កៅ​ស៊ី ដើម្បី​ដោះស្រាយ​ក្នុង​គ្រា​លំបាក​បណ្តុះ​អាសន្ន​។​
​បើតាម​លោក យ៉ា​ដា ចំពោះ​ស្រុក​ស្រែអំបិល ស្រុក​គិរីសាគរ ស្រុក​កោះកុង និង​ស្រុក​បូ​ទុម​សាគរ លោក​មិនទាន់​ទទួល​របាយការណ៍​ពី​អាជ្ញាធរ​ស្រុក​នៅឡើយ​ទេ​ថា​មាន​ពលរដ្ឋ​ជួប​គ្រោះធម្មជាតិ​នេះដែរ​ឬ​យ៉ាងណា​។

​ដោយឡែក លោក ឃឹម ច័ន្ទ​ឌី អភិបាលស្រុក​គិរីសាគរ និង​លោក ជា សូវី អភិបាលស្រុក​កោះកុង ថ្លែង​ស្រដៀង​គ្នា​ថា ប្រជា​នេសាទ និង​ពលរដ្ឋ​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​នៅក្នុង​មូលដ្ឋាន​របស់លោក មិន​ចេញទៅ​នេសាទ​រក​ក្តាម បង្គារ ត្រី មឹក ឬ​ទៅ​ថែ​ទាំង​ដំណាំ​ដូច​ពេល​មាន​អាកាសធាតុ​ល្អ​ឡើយ ដោយ​ពួកគាត់​ចតទូក​ច្រាំង​ស្នាក់នៅ​ក្នុងផ្ទះ​។

ការមិន​ចេញ​ទូក​នេសាទ មិន​ទៅ​បង្កបង្កើន​ផលដំណាំ ក៏ ព្រោះតែ​បានទទួល​ព័ត៌មាន​ការប្រែប្រួល​អាកាសធាតុ​។ តែ​ទោះយ៉ាងណា អាជ្ញាធរ​ត្រៀមកម្លាំង និង​សម្ភារៈ​ចុះ​សង្គ្រោះបន្ទាន់​នៅពេល​ទទួលដំណឹង​ពី​ពលរដ្ឋ​រង​ប៉ះពាល់ ឬ​គ្រោះថ្នាក់​នៅ​មូលដ្ឋាន​។

​ក្រៅពី​អ្នកនេសាទ និង​អ្នកធ្វើ​ស្រែចម្ការ ក្រុមអាជីវករ​លក់ដូ​រ​តាម​ផ្ទះ និង​នៅ​ផ្សារ​ឯណោះ ក៏​ដូចគ្នា​ដែរ ការលក់ដូរ​របស់​ពួកគាត់​មិនសូវ​ដាច់​ដូច​ពេល​មាន​អាកាសធាតុ​អំណោយផល​ដោយសារ​តែមាន​មនុស្សម្នា​ពុំ​ចេញពីផ្ទះ​មករក​ទិញ​ម្ហូបអាហារ ត្រី បន្លែ និង​ផែ​ឈើ​ជាដើម​។

បើតាម​ប្រជា​នេសាទ អ្នកធ្វើ​កសិកម្ម និង​អាជីវករ​លក់ដូរ​នៅ​ខេត្តកោះកុង តែង​នាំគ្នា​ត្អួ​ញ​ត្អែ​រថា ពួកគាត់​ខាតបង់​ចំណូល​ច្រើន​អំឡុង​រដូវវស្សា​មកដល់​។ ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ដើមខែ​មិថុនា មកដល់​ខែសីហា ប្រជាពលរដ្ឋ​ខេត្តកោះកុង តែង​ទទួលរង​ឥទ្ធិពល​ព្យុះភ្លៀង​ស្ទើរតែ​រាល់ថ្ងៃ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​២​ខែកក្កដា​២០១៩​បានប្រកាសថា​កម្ពុជា​នឹង​ទទួល​នូវ​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ដល់​ថ្ងៃទី​៨ ខែកក្កដា ដោយ​អូសបន្លាយ​ពី​ភាគ​ខាងជើង​ក្នុងប្រទេស​ថៃ ឡាវ និង​វៀតណាម ដោយ​ភ្ជាប់​នឹង​វិ​សម្ពាធ TD ដែល​ទើប នឹង​កើតឡើង​នៅ​ខាងកើត​កោះ​ហៃណាំ​។​

​សម្ពាធ​ទាប​នេះ ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ​ហក់​ងើបឡើង​បន្តិច និង​ខេត្ត​នៅ​តំបន់​សមុទ្រ​មាន ខេត្តកោះកុង ព្រះសីហនុ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ជា​បន្តបន្ទាប់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។ រីឯ​ខ្យល់​លើ​ផ្ទៃសមុទ្រ មាន​រលក​បក់បោក​ខ្លាំង​។​បើ​និយាយ​ពី​បណ្តា​ខេត្ត​តំបន់​ខ្ពស់​រាប​ភាគ​ខាងជើង​ប៉ែក​ឥ្ឍ​សាន​ជាប់​ប្រទេស​វៀតណាម​ភ្លៀង​នឹងមាន​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។​

​តំបន់​ទំនាប​កណ្តាល​និង​ពាយ័ព្យ​មាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ​។​បណ្តា​ខេត្ត​មាន​កំពង់ស្ពឺ​កណ្តាល​តាកែវ​កំពត​និង​រាជធានី​ភ្នំពេញ​អាចមាន​ភ្លើង​ពី​តិច​ទៅ​មធ្យម​ដោយ​ឥទ្ធិពល​។​ទន្ទឹម​នោះ​ក្រសួង​ធនធាន​និង​ឧតុនិយម​ប្រាប់​ដល់​ពលរដ្ឋ​ពិសេស​អ្នកនេសាទ​បង្កើន​ការ​ប្រុង​ប្រយ័ត​ចំពោះ​បាតុភូតធម្មជាតិ​ផ្គរ​រន្ទះ​ខ្យល់​កន្ត្រាក់​និង​រលក​សមុទ្រ​ខ្ពស់​មិនត្រូវ​ចេញទៅ​នេសាទ​ដើម្បី​ចៀសផុត​គ្រោះថ្នាក់​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ