​ជនសង្ស័យ​ចាក់​ប្លន់​ម៉ូតូ​ពី​បុរស​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់​យកទៅ​បាត់​

651
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់​ត្រូវបាន​ជនសង្ស័យ​យក​កាំបិត​ចាក់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុ​វត្តិភាព​។​ជនសង្ស័យ​ល្បួង​ជនរងគ្រោះ​ឱ្យ​ឌុប​ចេញពី​កំពង់ផែ​កាណូត​ដរ​ដល់​កន្លែង​ស្ងាត់​ក៏​ធ្វើ​សកម្មភាព​ចាក់​ប្លន់​តែម្តង​។​ហេតុការណ៍​ចាក់​ប្លន់​យក​ម៉ូតូ​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ព្រៃ​រណ្ដៅ​ថ្ម​ក្នុងភូមិ​ក្រាំង​តា​មុំ​ឃុំ​តាំងក្រសាំង​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​កាលពី​វេលា​ម៉ោងជាង​១០​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩ ។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​មានឈ្មោះ​ម៉ាត់​សូ​ហ្វី​យ៉ា​ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​អតីត​ជា​គ្រូបង្រៀន​ចូលនិវត្តន៍​។​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ឆ្នាំ​២០១១​បិទ​តែម​ឆ្នាំ​២០១៣​ពាក់​ស្លាក​លេខ​បាត់ដំបង​១K-៦០៤៣ ។​
​សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា​នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​រត់​ម៉ូតូឌុប​នៅ​ម្តុំ​កំពង់ផែ​កាណូត​ដរ នៅវេលា​ម៉ោង​ប្រមាណ​ជាង​៩ ជនសង្ស័យ​បាន​ហៅ​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ ដោយ​ប្រាប់ថា ទៅ​ចំការ​អំពៅ ស្ថិតនៅ​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ដោយ​គេ​ប្រាប់ថា​ទៅធ្វើ​ការ​នៅ​ទីនោះ ។

​បាន​ច​ចារ​គ្នា​ត្រូវ​ក្នុងតម្លៃ​២​ម៉ឺន​រៀល​។​ពេល​ដឹក​ទៅដល់​ចំណុច​ព្រៃ​រណ្ដៅ​ថ្ម​ដែលជា​កន្លែង​ស្ងាត់​ជនសង្ស័យ​បាន​ប្រាប់​ឱ្យ​ឈប់​រួច​បាន​ចាប់ទាញ​សក់​ក្បាល​ជនរងគ្រោះ​បម្រុង​អាករ​។​ពេលនោះ​ជនរងគ្រោះ​ដឹង​ក៏​រើ​បម្រាស់ ហើយក៏​ត្រូវ​ជនសង្ស័យ​ចាក់​ត្រូវ​ដៃ និង ភ្នែក រង​បួស​ធ្ងន់ រត់​ឱ្យគេ​ជួយ ។

ក្នុងពេលនោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​គេចខ្លួនបាត់​ដោយ​សុ​វត្តិភាព ។ ភ្លាមៗ​នោះ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម