លំនៅស្ថាន​ពលរដ្ឋ​ជិត​៥០​គ្រួសារ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​

685
ចែករម្លែក

ដោយ​បូកគោ​/​កែបៈ​លំនៅស្ថាន​ប្រជាពលរដ្ឋ​ក្រុងកែប​និង​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​ប្រមាណ​ជិត​៥០​ខ្នង​បាន​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩ ។​
​មន្ត្រី​សាខា​កាកបាទក្រហម​ខេត្ត​កែប​បាន​ប្រាប់​ឱ្យដឹងថា​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣ ខែកក្កដា​ឆ្នាំ​២០១៩​ក្នុងភូមិ​សាស្ត្រ​មួយចំនួន​នៃ​ខេត្ត​កែប​មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​អូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ម៉ោង​។​បាតុភូតធម្មជាតិ​នេះ​បាន​បណ្តាលឱ្យ​លំនៅស្ថាន​ប្រជាពលរដ្ឋ​ចំនួន​៤៨​ខ្នង​រង​ការខូចខាត​។

​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា​ក្នុងចំណោម​នោះ ៤៥​ខ្នង​ស្ថិតនៅ​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ដោយ​ផ្ទះ​១២​ខ្នង​មហន្តរាយ​ធ្ងន់ធ្ងរ ប្រាំពីរ​ខ្នង​ខូចខាត​មធ្យម និង​២៦​ខ្នង​ផ្សេងទៀត​ប៉ះពាល់​តិចតួច​។ ចំណែក​បី​ខ្នង​ស្ថិតនៅ​សង្កាត់​អូរ​ក្រសារ និង​សង្កាត់​កែប ក្រុងកែប​ខូចខាត​កម្រិត​មធ្យម​។​

​សូមបញ្ជាក់ថា​ជាមួយនឹង​គ្រោះមហន្តរាយ​នេះ នា​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩ លោក​កែន ស​ត្ថា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ​គ្រួសារ​រងគ្រោះ​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​និង​នាំយក​អំណោយ​មួយចំនួន​ប្រគល់ជូន​បំណង​សម្រាល​ការលំបាក​សម្រាប់​រយៈពេល​កំពុង​ជួប​គ្រោះអាសន្ន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម