សហរដ្ឋ​អាម៉េរិក ៖ ការចាប់​បាន​នាវា​ដឹក​ប្រេង​ឆៅ​របស់​អ៊ីរ៉ង់​ជា “​ដំណឹង​ល្អ​ក្រៃលែង​”

589
ចែករម្លែក

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​ លោក ច​ន បូល​តុ​ន បាន​អបអរសាទរ​ដល់​ការស្ទាក់ចាប់​ដោយ​ដែនដី​ហ្គី​ល​ប្រា​ល់តា (Gibraltar) របស់​អង់គ្លេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅលើ​នាវា​ដឹក​ប្រេង​ខ្នាត​ធំ​មួយ ដែល​គេ​ជឿថា​កំពុង​ដឹក​ប្រេង​ឆៅ​អ៊ីរ៉ង់​ទៅកាន់​ស៊ី​រី ដោយ​និយាយថា នាវា​នេះ​បាន​រំលោភ​ទណ្ឌកម្ម​អន្តរជាតិ​។​

​លោក​បូល​តុ​ន​បាន​និយាយថា “​ដំណឹង​ល្អ​ក្រៃលែង ៖ ចក្រភព​អង់គ្លេស​បាន​ចាប់​នាវា​ដឹក​ប្រេង​ឈ្មោះ Grace I ដែល​ផ្ទុក​ប្រេង​របស់​អ៊ីរ៉ង់​សម្រាប់​ដឹក​ទៅ​ប្រទេស​ស៊ី​រី​ ក្នុងការ​រំលោភ​លើ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​”​។​

​លោក​បូល​តុ​ន​និយាយថា “​អាម៉េរិក​និង​សម្ព័ន្ធមិត្ត​របស់​យើង​នឹង​បន្ត​រារាំង​របប​នៅក្នុង​ទីក្រុង​តេ​ហេ​រ៉ង់​និង​ដា​ម៉ាស​ពី​ការទទួលបាន​ផលប្រយោជន៍​ពី​ជំនួញ​ខុសច្បាប់​នេះ​”​។​

​ប្រទេស​អ៊ីរ៉ង់​បាន​ថ្កោលទោស​ចំពោះ​ការចាប់​នាវា​ដឹក​ប្រេង​នេះ​ថា​ជា “​ការស្ទាក់​ចាប់​ខុសច្បាប់​” ប៉ុន្តែ​នាយករដ្ឋមន្ត្រី​របស់​ហ្គី​ល​ប្រា​ល់តា លោក ហ្វា​បៀ​ន ពី​កាដូ (Fabian Picardo) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នាវា​ដឹកទំនិញ​នេះ​ត្រូវគេ​ជឿថា​នឹងធ្វើ​ដំណើរ​ទៅកាន់​រោងចក្រ​ចម្រាញ់​ប្រេង Banyas Refinery នៅក្នុង​ប្រទេស​ស៊ី​រី ដែល​ជាប់​ទណ្ឌកម្ម​រប​ស់​អឺរ៉ុប​។​

​លោក​បាន​និយាយថា “​រោងចក្រ​ចម្រាញ់​ប្រេង​នោះ​គឺជា​ទ្រព្យសម្បត្តិ​របស់​អង្គភាព​មួយ ដែលជា​ប្រធានបទ​នៃ​ការដាក់ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​ប្រឆាំងនឹង​ស៊ី​រី​”​។​

​នាវា Grace I ប្រវែង ៣៣០ ម៉ែត្រ​ត្រូវបាន​ចាប់​កាលពី​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​កក្កដា ​ដោយ​ប៉ូលិស​និង​ភ្នាក់ងារ​គយ​នៅក្នុង​ដែនដី​ហ្គី​ល​ប្រា​ល់តា ដែលជា​ដែនដី​ដ៏​តូច​របស់​ចក្រភព​អង់គ្លេស​នៅ​ចុង​ភាគខាងត្បូង​នៃ​ប្រទេស​អេ​ស្ប៉ា​ញ​។ ពួកគេ​ត្រូវបាន​ជួយ​ដោយ​កង​ម៉ា​រី​ន​អង់គ្លេស​៕ ដោយ៖ កញ្ញាដាលីស/Ha

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក ច​ន បូល​តុ​ន

ទីតាំងផ្សាយពាណិជ្ជកម្ម