ផលិតករ​ហូលីវូត លោក Riza Aziz ត្រូវបាន​ចាប់ខ្លួន​នៅ​ម៉ាឡេស៊ី​ជុំវិញ​រឿងអាស្រូវ​មូលនិធិ​1MDB

721
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​ថា​ផលិតករ​ខ្សែភាពយន្ត​ម៉ាឡេស៊ី លោក Riza Aziz ដែល​ផលិត​រឿង​The Wolf Of Wall Street ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​ខែកក្កដា​​ដោយ​សង្ស័យថា​បាន​លាង​សម្អាត​លុយ​ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​លើ​រឿងអាស្រូវ​នៃ​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ម៉ាឡេស៊ី​1MDB​។​

​លោក​Latheefa Koya ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​និយាយថា លោក Riza Aziz​ត្រូវបាន​ឃុំខ្លួន​នៅ​ម៉ាឡេស៊ី បន្ទាប់ពី​ត្រូវ​បាន​សាកសួរ​ដោយ​ក្រុម​អ្នក​ស៊ើបអង្កេត​​លើ​អំពើពុករលួយ ហើយ​នឹង​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃ​សុក្រ​ទី​៥​ខែកក្កដា​នេះ ដើម្បី​ប្រឈម​ការចោទប្រកាន់​។​

​លោក Riza Aziz​ជា​កូន​ចុង​របស់​អតីត​មេដឹកនាំ​របស់​ម៉ាឡេស៊ី លោក​Najib Razak និង​ជា​កូនប្រុស​របស់​លោកស្រី Rosmah Mansor អតីត​ជំទាវ​ទី​មួយ​នៃ​ប្រទេស​នេះ ។ ទាំង លោក​Najib Razak និង​លោកស្រី Rosmah Mansor ត្រូវបាន​ចោទប្រកាន់​ពី​បទ​កិបកេង​បន្លំ​យកប្រាក់​ពី​គម្រោង​មូលនិធិ​រដ្ឋ​1MDB​នេះ​។​

​លោក Latheefa Koya បាន​និយាយប្រាប់​សារព័ត៌មាន​AFP ថា ” លោក Riza Aziz ត្រូវបាន​ចាប់ខ្លួន​នៅថ្ងៃនេះ​(​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​ខែកក្កដា​) ប៉ុន្តែ​ត្រូវបាន​ដោះលែង​ឱ្យ​​នៅ​ក្រៅ​ឃុំ ។ លោក​នឹង​ត្រូវ​ប្រឈម​មុខ​ការចោទប្រកាន់​ក្រោម​ច្បាប់​ដែល​ទាក់ទង​នឹង​អំពើ​លាង​លុយ​”​។​

​មន្ត្រី​ម្នាក់​ទៀង​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នេះ បាន​និយាយ​ផងដែរ​ថា ការចាប់ខ្លួន​នេះ​គឺ​ជាប់​ទាក់ទង​នឹង​ការស៊ើបអង្កេត​លើ​រឿងអាស្រូវ​មូលនិធិ​1MDB​នេះ​៕​ដោយ​៖​សុខា​/sn

​​លោក Riza Aziz​ត្រូវបាន​ចាប់ខ្លួន​នៅ​ម៉ាឡេស៊ី ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​មូលនិធិ​1MDB

ទីតាំងផ្សាយពាណិជ្ជកម្ម