​យុគ យក្ស​ផ្លែ ទៅរួច​ជាមួយ យ៉យ វណ្ឌី ឬទេ ?

812
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​ថៃ យ៉​ត វណ្ឌី (Yorth Vandy) ដែល​មួយរយៈ​នេះ គេ​ចាញ់​ងើបមុខ​លែងរួច​នោះ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​កម្ពុជា យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ លើស​ង្វៀន Wurkz របស់​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃទី​៧ កក្កដា ខាងមុខនេះ​។ នេះ​ជាការ​ប្រកួត សម្រាប់​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​វណ្ឌី ជា​អ្នក​ប្រដាល់ ដែលមាន​កណ្ដាប់ដៃ​ធ្ងន់ ហើយ​កណ្ដាប់ដៃ​នេះ គេ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​កម្ពុជា ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជសីហ៍ ឲ្យ​សន្លប់​នៅ​ទឹក​ទី​១ ។ បន្ទាប់ពី​ជ័យជំនះ​ដ៏​អស្ចារ្យ​នោះមក អ្នក​ប្រដាល់​ថៃ​រូបនេះ ជួប​បរាជ័យ​ញឹកញាប់​ណាស់ ។​

​ចំពោះ យក្ស​ផ្លែ ជា​អ្នក​ប្រដាល់ ពូកែ​ឌឺដង ឲ្យ​គូប្រកួត ។ គេ​ជា​អ្នក​ប្រដាល់​ចិត្តធំ តែ​ភាព​អំណត់​របស់គេ មិនជា​អស្ចារ្យ​ឡើយ ។ មួយរយៈ​នេះ អ្នក​ប្រដាល់​រូបនេះ ក៏​ជួប​បរាជ័យ​ញឹកញាប់​ដែរ ។ សម្រាប់​ការប្រកួត​មួយ​នេះ ទំនងជា​គេ​ត្រៀមខ្លួន បានល្អ​ប្រសើរ​ជាង​លើក​មុន ហើយ​មើលទៅ ។​

​យក្ស​ផ្លែ មាន​ប្រវត្តិ​ប្រកួត ចំនួន​១៦៨​ដង ឈ្នះ​១៣៥​ដង ចាញ់​២៧​ដង និង​ស្មើ​ពិន្ទុ​៦​ដង ។ ចំពោះ យ៉​ត វណ្ឌី វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៦​ដង ឈ្នះ​៥៨​ដង និង​ចាញ់​១៨​ដង ។ ពួកគេ​ពុំ​ធ្លាប់​ប្រកួត​គ្នា ពីមុនមក​ទេ ចាំមើល​ការប្រកួត​នេះ នរណា​ឈ្នះ នរណា​ចាញ់ ?​។​

​លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ខេត្តបន្ទាយមានជ័យ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ឈ្មោះ នួន ថា​វ៉ា​ត់ (Noun Thawath) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​នេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់​ថៃ​រូបនេះ ឆ្លងដែន​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ។ មិនមាន​នរណា​ដឹងថា គេ​ខ្លាំង ឬ​ខ្សោយ​ឡើយ តែ​កំណត់ត្រា​ប្រកួត របស់គេ ល្អ​គ្រាន់បើ ។ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៨​ដង ឈ្នះ​៦០​ដង និង​ចាញ់​ចំនួន​៨​ដង ។​

​ចំពោះ រដ្ឋា គេ​ស្ទើរ​កំពស់ ក៏ពិតមែន តែ​ការ​វ៉ៃ​ចេញ​របស់គេ ធ្ងន់ ហើយ​គេ​វ៉ៃ មិនសូវ​ចេះ​ដកថយ​ឡើយ ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៥​ដង ឈ្នះ​៥០​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ ២​ដង ។ ជំនួប​នេះ មិនដឹងថា អ្នក​ប្រដាល់​រូប​ណា ជួប​សំណាងល្អ​ឡើយ ។​

​ការប្រកួត​រវាង អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ រឿន សុខលី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ម៉ូ ណារ៉ាក់ ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង ដោយ​ប្រកួត ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ ចៅ ផល​ឌឿ ក្លិប​សំរោង​កោង ខេត្តបាត់ដំបង ប្រកួត​ជាមួយ លួ​ន សុខ​ខេង ក្លិប​ពុទ្ធ​សេរី​វង្ស ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៩ គីឡូក្រាម ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម