ការអំពាវនាវ​ឱ្យធ្វើ​ពិ​ហ​ការ​ទំនិញ​ជប៉ុន​កើនឡើង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ខណៈ​ជម្លោះ​អំពី​ពលកម្ម​ដោយ​បង្ខំ​តាំងពី​សម័យ​សង្គ្រាម​រើប​ឡើងជា​ថ្មី​

562
ចែករម្លែក

​ការអំពាវនាវ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ឱ្យធ្វើ​ពហិការ​ទំនិញ​ជប៉ុន​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​រឹតត្បិត​របស់​ជប៉ុន​ចំពោះ​ការនាំចេញ​វត្ថុធាតុដើម​បច្ចេកវិជ្ជា​ខ្ពស់​ទៅកាន់​កូរ៉េខាងត្បូង​បាន​ផ្ទុះឡើង​នៅ​សប្តាហ៍​នេះ​ខណៈ​ជម្លោះ​លើ​សំណង​ចំពោះ​ពលកម្ម​ដោយ​បង្ខំ​នា​សម័យ​សង្គ្រាម​បានធ្វើឱ្យ​ល្អក់កករ​ដល់​ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​អាម៉េរិក​ទាំងពីរ​នេះ​។​

​ជម្លោះ​នេះ​គឺជា​ចំណុចក្តៅ​គគុក​បំផុត​នៅក្នុង​ទំនាក់ទំនង​ដែល​ស្ថិតក្រោម​ស្រមោល​ជា​យូរ​មកហើយ​នៃ​ការ​អន់ចិត្ត​របស់​កូរ៉េខាងត្បូង​ចំពោះ​ការកាន់កាប់​របស់​ជប៉ុន​លើ​ឧបទ្វីប​កូរ៉េ​ពី​ឆ្នាំ ១៩១០-១៩៤៥ ជាពិសេស​ការបង្ខំ​ស្ត្រី​កូរ៉េខាងត្បូង​ឱ្យធ្វើ​ការ​នៅក្នុង​ផ្ទះបន​របស់​យោធា​ជប៉ុន មុនពេល និង​អំឡុង​សង្គ្រាមលោកលើកទី​២​។​

​ភាពជូរចត់​ចុងក្រោយ​បំផុត​អំពី​ពលកម្ម​ដោយ​បង្ខំ​នេះ​អាច​រំខាន​ដល់​ការផ្គត់ផ្គង់​បន្ទះ​ឈី​ប​ម៉េ​ម​ម៉ូ​រី​លើ​សកលលោក​និង​ស្មា​ត​ហ្វូ​ន​ទូទាំង​ពិភពលោក​។ ក្រុមហ៊ុន Samsung Electronics Co និង​ក្រុមហ៊ុន SK Hynix Inc ដែលជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ម៉េ​ម​ម៉ូ​រី​កំពូល​របស់​ពិភពលោក​និង​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន Apple និង Huawei Technologies របស់​ចិន​អាច​ប្រឈម​នឹង​ការពន្យារពេល​។​

​លោក ឆ​យ ហ្គេ​យឹ​ន សកម្មជន​នៃ​ចលនា​កូរ៉េ​តែមួយ ដែល​បានធ្វើ​ការតវ៉ា​នៅមុខ​ហាង​លក់​រថយន្ត​របស់​ជប៉ុន​មួយ​និង​ហាង​លក់រាយ​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល​នៅ​សប្តាហ៍​នេះ​បាន​និយាយថា “​ការធ្វើ​ពហិការ​គឺជា​មធ្យោបាយ​បន្ទាន់​បំផុត​សម្រាប់​ប្រជាជន​ក្នុងការ​បញ្ចេញ​កំហឹង​របស់​ពួកគេ​។ មនុស្ស​ជាច្រើន​មានការ​ខឹងសម្បារ​ចំពោះ​ឥរិយាបថ​របស់​រដ្ឋាភិបាល​ជប៉ុន​”​។​

​ជម្លោះ​ជុំវិញ​ពលកម្ម​ដោយ​បង្ខំ​នេះ​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំមុន នៅពេលដែល​តុលាការ​កូរ៉េខាងត្បូង​បាន​បង្គាប់​ឱ្យ​ក្រុមហ៊ុន Nippon Steel & Sumitomo Metal Corp និង ក្រុមហ៊ុន Mitsubishi Heavy Industries Ltd របស់​ជប៉ុន​សង​ប្រាក់​រាប់ម៉ឺន​ដុល្លារ​ដល់​ដើមចោទ​កូរ៉េខាងត្បូង​ជាច្រើន​នាក់​។​

​ប្រទេស​ជប៉ុន​បាន​អះអាងថា បញ្ហា​នៃ​ពលកម្ម​ដោយ​បង្ខំ​ត្រូវបាន​ដោះស្រាយ​ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ ១៩៦៥ នៅពេលដែល​ប្រទេស​ទាំងពីរ​បាន​ស្តារ​ទំនាក់ទំនង​ការទូត​ឡើងវិញ ហើយ​បាន​ថ្កោលទោស​សេចក្តីសម្រេច​រប​ស់​តុលាការ​កូរ៉េខាងត្បូង​ថា “​ខ្វះ​ការគិតគូរ​”​។​

​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ខ្លួន​នឹង​រឹតបន្តឹង​លើ​ការនាំចេញ​វត្ថុធាតុដើម​បច្ចេកវិជ្ជា​ខ្ពស់​ដែល​បាន​ប្រើ​នៅក្នុង​អេក្រង់​ស្មា​ត​ហ្វូ​ន​និង​បន្ទះ​ឈី​ប​ម៉េ​ម​ម៉ូ​រី​ទៅ​កូរ៉េខាងត្បូង​ទាក់ទង​នឹង​ជម្លោះ​នេះ​។​

​ការ​រឹតបន្តឹង​នេះ​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​កក្កដា ដោយ​ជំរុញឱ្យមាន​ការអំពាវនាវ​ឱ្យ​សងសឹក​វិញ​នៅ​កូរ៉េខាងត្បូង​។​

​មនុស្ស​ប្រមាណ​ជិត ២៥.០០០ នាក់​បាន​ចុះហត្ថលេខា​លើ​ញត្តិ​មួយ​ដែល​បង្ហោះ​នៅលើ​វេ​ប​សាយ​របស់​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង ដោយ​អំពាវនាវ​ឱ្យធ្វើ​ពហិការ​ផលិតផល​ជប៉ុន​និង​កុំឱ្យ​ភ្ញៀវទេសចរ​ទៅលេង​នៅ​ជប៉ុន​។​

​រដ្ឋាភិបាល​ត្រូវតែ​ឆ្លើយតប​ចំពោះ​ញត្តិ​ដែល​ទទួលបាន​ហត្ថលេខា ២០០.០០០ ក្នុង​រយៈពេល​មួយខែ​។​

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​របស់​កូរ៉េ​មួយចំនួន​បាន​បង្ហោះ​សារ​សរសេរថា “​ធ្វើពហិការ​ជប៉ុន​” និង​បាន​ចែករំលែក​លីង​មួយ​ទៅកាន់​បញ្ជី​ឈ្មោះ​ម៉ាក​ផលិតផល​ជប៉ុន​ដែល​អាច​ត្រូវធ្វើ​ពហិការ​រួមមាន ក្រុមហ៊ុន Toyota Motor និង​ក្រុមហ៊ុន Fast Retailing’s Uniqlo​។​

​កូរ៉េខាងត្បូង​បាន​នាំចូល​ទំនិញ​តម្លៃ ៥៤,៦ ពាន់​លាន​ដុល្លារ​ពី​ជប៉ុន​ក្នុង​ឆ្នាំ ២០១៨ ខណៈ​បាន​ចំណាយ​ប្រាក់ ១១,៥ ពាន់​លាន​ដុល្លារ​លើ​សេវាកម្ម​របស់​ជប៉ុន​ផងដែរ​។​

​យោងតាម​ទិន្នន័យ​របស់​គយ​និង​ធនាគារកណ្តាល​បានឱ្យដឹងថា កូរ៉េខាងត្បូង​បាន​នាំចេញ​ទំនិញ​តម្លៃ ៣០,៥ ពាន់​លាន​ដុល្លារ​ទៅ​ជប៉ុន និង លក់​សេវាកម្ម​តម្លៃ ៨,៧ ពាន់​លាន​ដុល្លារ​ឱ្យទៅ​ជប៉ុន​៕ ដោយ៖ កញ្ញាដាលីស

កុងតឺន័រ​នៅ​កំពង់ផែ​មួយ​នៅ​ជប៉ុន

ទីតាំងផ្សាយពាណិជ្ជកម្ម