តុលាការ​កោះហៅ​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​ចូល​បំភ្លឺ​ រឿង​ធ្វេសប្រហែស​បណ្តាល​ឲ្យ​កុមារ​ស្លាប់​

1083
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស ត្រូវបាន​តុលាការ​ចេញ​ដីកាកោះ​ឲ្យ​ចូល​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃទី​១៧ ខែកក្កដា ខាងមុខនេះ ពាក់ព័ន្ធ​ករណី​ធ្វេសប្រហែស​បណ្តាល​ឲ្យ​កុមារ​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​។ នេះ​បើ​យោងតាម​ដីកាកោះ​របស់លោក​អ៊ុ សុភ​ក្តិ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩​។


​យោងតាម​ដីកាកោះ​បាន​បញ្ជាក់ថា ការកោះអញ្ជើញ​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ ឲ្យ​ចូលមក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨:៣០​ព្រឹក ដើម្បី​មក​បំភ្លឺ​អំពី​ដំណើររឿង​បណ្តឹង​របស់​ឈ្មោះ ហៃ ឡុង និង​ឈ្មោះ ចោម ស្រី​ពៅ (​ជា​អាណាព្យាបាល​កុមារ​រងគ្រោះ ឈ្មោះ ឡុង ឌី​ណា​) ចុះ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ ពីបទ​ធ្វេសប្រហែស​ឲ្យ​កុមារ​ស្លាប់​។​


​ចំណែក​លោក​វេជ្ជបណ្ឌិត សរ ច័ន្ទ​ចិ​ត្រា​ ដែល​បម្រើការ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ក៏ត្រូវ​កោះ​ឲ្យ​ចូលខ្លួន​ឆ្លើយ​នៅ​ថ្ងៃទី​ថ្ងៃ​១៧ ខែកក្កដា ផងដែរ​។​

សូមជម្រាបថា ឪពុកម្តាយ​របស់​កុមារ​រងគ្រោះ កាលពី​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ បានដាក់​ពាក្យបណ្តឹង​ប្តឹង​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ និង​វេជ្ជបណ្ឌិត សរ ច័ន្ទ​ចិ​ត្រា ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ពីបទ​ធ្វេសប្រហែស​ឲ្យ​កុមារ​ស្លាប់​។​


​យោងតាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ មានឈ្មោះ ហៃ ឡុង ជា​ឪពុក និង​ឈ្មោះ ចោម ស្រី​ពៅ ជា​ម្តាយ របស់​កុមារ​ឈ្មោះ ឡុង ឌី​ណា ភេទ​ប្រុស អាយុ ១៦​ខែ បាន​រៀបរាប់ថា កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ពួកគាត់ បាន​យក​កូនប្រុស ដែល​ក្តៅខ្លួន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យកុមារ​ជាតិ​។ នៅ​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល គ្រូពេទ្យបាន​ចាក់​ថ្នាំ និង​ព្យួរសេរ៉ូម ឲ្យ​កូនប្រុស​ពួកគាត់ ព្រោះ​ក្រោយ​ពិនិត្យ​ឈាម​ទៅ​ឃើញថា ជា​ជំងឺគ្រុនឈាម​កម្រិត​ស្រាល​។ ស្រាប់តែ​ដល់​ម៉ោង ៥:៥៥​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ កូនប្រុស​ពួកគាត់​បាន​ស្លាប់​។​


​ក្រោយពី​កូនប្រុស​របស់​ពួកគាត់​ស្លាប់ ស្រាប់តែលោក​វេជ្ជបណ្ឌិត សរ ច័ន្ទ​ចិ​ត្រា និង​គ្រូពេទ្យ​ចំនួន ៤​នាក់​ទៀត មក​សម្រួល​និង​សន្យាថា​មន្ទីរពេទ្យ​នឹង​ដោះស្រាយ​។​ដូច្នេះ​ទើប​ពួកគាត់​ព្រមយក​កូន​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​ឯ​ខេត្តព្រៃវែង​៕​សរន​/Ha

កុមារដែលបាត់បង់ជីវិត

ទីតាំងផ្សាយពាណិជ្ជកម្ម