​បន្ទាប់ពី​មាន​បណ្តឹងៈ បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ករណី​ឧ​ត្ត​ម​សេនីយ៍ សៀក សុជាតិ​-​សុខ សាកល​

1606
ចែករម្លែក
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀក សុជាតិ (​រូប​ថ​តៈ​ឯកសារ​)

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បានសម្រេច​បង្កើត​គណៈ​កម្ម​ការ​ការងារ​ចំពោះ​កិច្ច ត្រួតពិនិត្យ អង្កេត​ស្រាវជ្រាវ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀក សុជាតិ នាយរង​សេនាធិការ​ចម្រុះ នាយក​ទីចាត់ការ​ព្រំដែន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សាកល អតីត​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​ជា​មេបញ្ជាការរង​យោធភូមិភាគ​ទី​៣​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ ចុះហត្ថលេខា​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​រស្មី​កម្ពុជា ទទួលបាន​កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩​។​


​ប្រភព​ច្បាស់​ការណ៍ និង​ជឿ​ទុកចិត្តបាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​៤ ខែកក្កដា ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀក សុជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សាកល គឺពាក់ព័ន្ធ​ភាពមិនប្រក្រតី​មួយចំនួន និង​ជាពិសេស​ពាក់ព័ន្ធ​ករណី​លុយកាក់ ដែលមាន​បណ្តឹង​ប្តឹងទៅ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​។​


​យោងតាម​សេចក្តី​សម្រេចបាន​ឲ្យ​ដឹងថា គណៈកម្មការ​ការងារ​ចំពោះ​កិច្ច​មាន​សមាសភាព​ចំនួន​ប្រាំ​បួនរូប ក្នុងនោះ​មាន​ប្រធាន​មួយរូប អនុប្រធាន​មួយរូប និង​សមាជិក​ចំនួន​ប្រាំ​ពីររូប​។ នាយ​ឧ​ត្ត​ម​សេនីយ៍ គឹម ប៊ុន​ថា​ន ជា​ប្រធាន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គឹម សំអាន អនុប្រធាន​។​


​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី​៤ ខែកក្កដា ថា ការបង្កើត​គណៈកម្មកា​រ​ការងារ​ចំពោះ​កិច្ច ត្រួតពិនិត្យ អង្កេត​ស្រាវជ្រាវ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀក សុជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សាកល គឺ​បន្ទាប់ពី​មាន​បណ្តឹង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្តឹង​ចូលមក​ក្រសួងការពារជាតិ​។ លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្តឹង​ចូលមក​ក្រសួងការពារជាតិ ហើយ​ក្រសួងការពារជាតិ​បាន​បញ្ជូន​កិច្ចការងារ​នេះ​មក​ឲ្យ​អគ្គបញ្ជាការ ហើយ​មនុស្ស​ទាំងពីរ​នា​ក់​នឹង​ស្ថិតនៅក្នុង​ការងារ​រប​ស់អគ្គ​បញ្ជាការ​គ្រប់គ្រង​។​អ៊ីចឹង​អគ្គបញ្ជាការ​បង្កើត​គណៈ​កម្ម​ការ​ចំពោះ​កិច្ច​មួយ​ដើម្បី​ត្រួតពិនិត្យ និង​ដើម្បី​ឆ្លើយតប​ទៅ​និង​ខាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​វិញ ហើយ​ការរកឃើញ​ហេតុផល​យ៉ាងម៉េច​ជា​រឿង​របស់គេ​”​។​


​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​បន្តថា គណៈកម្មការ​ការងារ​ចំពោះ​កិច្ច​កំពុងតែ​រៀបចំ​ធ្វើ​កិច្ចការងារ​នេះហើយ​។

ទាក់ទង​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀក សុជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សាកល មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​៕SRN/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម