អាជ្ញាធរ​សង្កាត់​ចោមចៅ​៣​ចុះ ផ្អាក​សំណង់​ចិន សង់​រំលោភ​លើ​ចំណីផ្លូវ ហើយ​គ្មាន​ច្បាប់

579
ចែករម្លែក

​ដោយៈ​ចាន់តូ​/ភ្នំពេញ ៖ សំណង់​អាជីវករ​ចិន​មួយកន្លែង ស្ថិតនៅ​តាមផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ មិន​ត្រឹមតែ​សាងសង់​រំលោភ​មកលើ​ចំណីផ្លូវ​ប៉ុណ្ណោះ​ទេ ថែមទាំង​មិន​សុំច្បាប់​ទៀត ត្រូវបាន អាជ្ញាធរ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ដឹកនាំ​ដោយ លោក វ៉ា សាវឿន ជា​ចៅសង្កាត់ ក្រោម​ការអនុញាតិ បញ្ជា​ពី​លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ ចុះ​ផ្អាក​ជា​បណ្តោះអាសន្ន រងចាំ​ជំនាញ​ចុះ​ពិនិត្យ និង​ឲ្យ​សុំច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុនសិន ។​

​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ទីតាំង​ខាងលើ អាជីវករ​ចិន បាន​ជួល ពី​ឧកញ៉ា វិញ ហួរ មក​បើក​ការដ្ឋាន​សំណង់ សង់​ថ្មី ធ្វើជា​តូប​លក់ដូរ​ទំនិញ ក៏ប៉ុន្តែ ការសាងសង់ របស់​ក្រុមហ៊ុន​ចិន​ខាងលើ មិនមាន​ច្បាប់​អនុញាតិ ហើយ ថែមទាំង​សាងសង់​រំលោភ​មកលើ​ចំណីផ្លូវ​សាធារណៈ ទើប​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៩ នេះ កម្លាំង​អាជ្ញាធរ ដឹកនាំ​កម្លាំង​ចុះទៅ ផ្អាក​សកម្មភាព​សាងសង់​ជា​បណ្តោះអាសន្ន រងចាំ ជំនាញ​ចុះ​ពិនិត្យ ។​

​តាម​មេជាង​កម្មករ បាន​ឲ្យ​ដឹងថា គាត់​មិនដឹងថា ថៅកែ​ចិន បាន​សុំច្បាប់ ឬ​មិនទាន់​នោះទេ ពួកគាត់ ធ្វើជា​កម្មករ​សុ​ី​ថ្ងៃ​ទេ ហើយ​សំណង់​នោះ​ទៀតសោត ថៅកែ​ចិន ឲ្យ​សង់​ជា​តូប ជុំវិញ អគារ​ចាស់​មាន​ស្រាប់ សរុប​ចំនួន​២៩​តូប ធ្វើជា​តូប​លក់ដូរ របស់​អាជីវករ​ចិន ។​

​ទោះជា​យ៉ាងណាក្តី សំណង់​ខាងលើ​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន រងចាំ​ជំនាញ​ចុះ​ពិនិត្យ និង ឲ្យ​ម្ចាស់​សំណង់​សុំច្បាប់​ជាមុនសិន៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម