បុរស​ឥណ្ឌូនេស៊ី​ព្យាយាម​លក់​ក្រលៀន​ដើម្បី​បាន​លុយ​សម្រាប់​ថ្លៃ​វះកាត់​ដុំ​សាច់​ក្នុង​ខួរក្បាល​កូន​របស់​គាត់

626
ចែករម្លែក

​ក្រដាស​មួយ​ផ្ទាំង​ដែល​បុរស​ជា​ឪពុក​ឈ្មោះ Eli Kristianto ព្យួរ​នៅ​នឹង​ក​របស់​គាត់ សរសេរថា ” លក់​ក្រលៀន​។ ខ្ញុំ​លក់​ក្រលៀន​របស់ខ្ញុំ​ដើម្បី​យក​លុយ​សម្រាប់​ព្យាបាល​​ជំងឺ​ដុំ​សាច់​ខួរក្បាល​របស់​កូនប្រុស​របស់ខ្ញុំ​” ។​

​ដោយ​ចង់​ប្រមូល​ប្រាក់​សម្រាប់​ការវះកាត់​កូនប្រុស​របស់​គាត់ ឪពុក​អាយុ​៥៩​ឆ្នាំ​នេះ​បាន​សំរេចចិត្ត​លក់​ក្រលៀន​របស់គាត់​។ ដោយសារ​មិន​ដឹង​ថា​ត្រូវ​រក​អ្នក​ចង់​ទិញ​យ៉ាងណា​នោះ​​គាត់​បាន​ឈរ​ជាមួយនឹង​ក្រដាស​សរសេរ​នេះ នៅ​ច្រក​ទ្វារ​នៃ​កំពង់​Tanjung Balai Karimun​នៅ ខេត្ត​រី​អាវ​។​

​រូបភាព​និង​វីដេអូ​ដ៏​រំជួលចិត្ត​អំពី​ការ​ឈរ​លក់​ក្រលៀន​របស់​ឪពុក​ម្នាក់នេះ ត្រូវ​បាន​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​និង​រឿងរ៉ាវ​ដ៏​លំបាក​របស់​គាត់ ត្រូវ​បាន​ចុះផ្សាយ​​លើ​បណ្តាញ​សារព័ត៌មាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​សប្តាហ៍​មុន​។​

​កូនប្រុស​របស់​លោក Eli Kristianto ឈ្មោះ​Elandra Wiguna​អាយុ​២៣​ឆ្នាំ​បាន​ទទួល​ការព្យាបាល នៅ​មន្ទីរពេទ្យ Muhammad Sani (RSUD) ប៉ុន្តែ​ត្រូវបាន​បញ្ជូន​ទៅ​ផ្ទះ​វិញ​​ដោយសារ​តែ​គ្រួសារ​នេះ មិន​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ការចំណាយ​។ នេះ​បើ​យ​យោងតាម​សារព័ត៌មាន​Kumparan​។​

​ប៉ុន្តែ បន្ទាប់​ពី​រឿងរ៉ាវ​របស់ Eli Kristianto​បាន​ចុះផ្សាយ​លើ​ប្រព័ន្ធ​អន​ឡាយ​មក​នោះ​មន្ទីរពេទ្យ Muhammad Sani (RSUD) នេះ​បាន​ប្រកាសថា ពួកគេ​នឹង​វះកាត់​​កូនប្រុស​ឈ្មោះ Elandra Wiguna នេះ​ដោយ​ឥតគិតថ្លៃ​។ ពួកគេ​(​មន្ទីរពេទ្យ​នេះ​)​ក៏​បាន​និយាយ​ផងដែរ​ថា​ផែនការ​ពី​ដំបូង​របស់​ពួក​អំពី​ការបញ្ជូន​កូនប្រុស​ឈ្មោះ Elandra Wiguna នេះ​ទៅ​មន្ទីរពេទ្យ​មួយ​ទៀត​នៅ​ទីក្រុង​Batam ត្រូវ​បាន​លុបចោល​។​

​វេជ្ជបណ្ឌិត​៨​នាក់ បាន​វះកាត់ Elandra Wiguna កាលពី​ថ្ងៃទី​១​ខែកក្កដា​។ ក្រុម​វេជ្ជបណ្ឌិត​បាន​និយាយប្រាប់​បណ្តាញសារព័ត៌មាន​ឥណ្ឌូនេស៊ី​ថា​ការវះកាត់​នេះ បាន​ដំណើរការ​ទៅ​​យ៉ាង​ល្អ​ហើយ ថា Elandra Wiguna ក្នុងស្ថានភាព​ធម្មតា​មិន​ការប្រែប្រួល​។​

​លោក Zulhadi​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​នេះ បាន​និយាយថា មន្ទីរពេទ្យ នឹង​ផ្តល់​ការព្យាបាល​ឥតគិតថ្លៃ​ផងដែរ នៅពេល​អនាគត​សម្រាប់ Elandra Wiguna ។​

​ការលក់​សរីរាង្គ ជា​ការ​ខុស​ច្បាប់​នៅ​ឥណ្ឌូនេស៊ី ៕​ដោយ​៖​សុខា​/sn

​​ក្រដាស​មួយ​ផ្ទាំង​ដែល Eli Kristianto ព្យួរ​នៅ​នឹង​ក សរសេរថា ” លក់​ក្រលៀន​។ ខ្ញុំ​លក់​ក្រលៀន​របស់ខ្ញុំ​ដើម្បី​យក​លុយ​សម្រាប់​ព្យាបាល​ជំងឺ​ដុំ​សាច់​ខួរក្បាល​របស់​កូនប្រុស​​របស់ខ្ញុំ​”

ទីតាំងផ្សាយពាណិជ្ជកម្ម