អាជ្ញាធរ​អប្សរា​បានរៀបចំ​បាឋកថា​ស្ដីពី «​ប្រវត្តិ​នៃ​ការស្រាវជ្រាវ​អង្គរធំ​៖ ករណី​សិក្សា​អំពី​កុលាលភាជន៍​»

577
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ​៖ កាលពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​ការសិក្សា​ពី​កុលាលភាជន៍ គឺ​ដើម្បី​ដឹង​ពី​ជីវភាព​រស់នៅ​របស់​ម​នុស្ស​បុរាណ នៅ​សាលសន្និសីទ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ការរៀបចំ​បាឋក​នេះ​ក្រោម​ប្រធានបទ​ស្ដីពី “ ប្រវត្តិ​នៃ​ការស្រាវជ្រាវ​អង្គរធំ​៖ ករណី​សិក្សា​អំពី​កុលាលភាជន៍​”​។

​ការរៀបចំ​បាឋក​នេះ គឺមាន​ការចូលរួម​ដោយមាន​លោក ហ្វី​លី​ព ហូ​ស៊ី (Philippe Husi) អ្នកស្រាវជ្រាវ​នៃ​សាលា​បារាំង​ចុង​បូព៌ា និង​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​អន្ដរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ ជា​វាគ្មិន​។ បាឋកថា​ដ៏​កម្រ​នេះ​មាន​អ្នកចូលរួម​ប្រមាណ​២០០​នាក់ ដែល​រួមមាន​មគ្គុទ្ទេសក៍​ទេសចរណ៍ សាស្ដ្រាចារ្យ អ្នកស្រាវជ្រាវ យុវជន​នៃ​គម្រោង​អប់រំ​បេតិកភណ្ឌ មន្ត្រី​និង​បុគ្គលិក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​
លោក ហ្វី​លី​ព ហូ​ស៊ី បាន​និយាយ​ពី​គម្រោង​ស្រាវជ្រាវ ម៉ូ​ដា​ធំ (ModAThom) ដែលជា​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាលា​បារាំង​ចុង​បូព៌ា​នៅ​ក្រុង​អង្គរធំ ធ្វើឡើង​ក្នុង​បំណង​ដើម្បី​ដឹង​ពី​ការវិវត្តន៍​ប្រវត្តិសាស្ដ្រ​របស់​អង្គរធំ​ផ្ទាល់ តើ​មាន​តាំង​កំណើត​ពី​ពេលណា​ជាដើម​។ ដើម្បី​ស្វែងយល់​នូវ​សំណួរ​ខាងលើ អ្នកស្រាវជ្រាវ​រូបនេះ​យល់ថា​ត្រូវ​សិក្សា​អំពី​កុលាលភាជន៍​ដែល​ប្រទះឃើញ​ពី​ការធ្វើ​កំណាយ​នៅ​ជុំវិញ​ក្រុង​អង្គរធំ​ព្រោះ​កុលាលភាជន៍​គឺជា​ប្រភព​ដ៏​សំខាន់​ដើម្បី​ដឹង​ពី​កាលបរិច្ឆេទ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​មនុ​ស្សនា​សម័យ​នោះ​។​

ម្យ៉ាងវិញទៀត កុលាលភាជន៍​ជា​បុរាណវត្ថុ​ដែល​មិន​ងាយ​នឹងរង​ការបំផ្លិចបំផ្លាញ អាច​នៅលើ​ដី​ក្នុង​រយៈពេល​យូរ​ឆ្នាំ ពិសេស​កុលាលភាជន៍​មានការ​វិវត្តន៍​មិន​ឈប់ ដែល​អាច​ឱ្យគេ​ដឹង​ពី​សកម្មភាព​មនុស្ស​បាន​យ៉ាង​ងាយស្រួល​។ បណ្ឌិត អ៊ា ដា​រិ​ទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​អន្ដរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អ្នកជំនាញ​ផ្នែក​កុលាលភាជន៍ បានឱ្យដឹងថា កុលាលភាជន៍​ខ្មែរ​មាន​២​ប្រភេទ គឺ​ប្រភេទ​រឹង​និង​ផុយ​។

​លោក ហ្វី​លី​ព ហូ​ស៊ី (Philippe Husi) បាន​ឲ្យ​ដឹង​ទៀតថា ចំណុច​ពិសេស​របស់​កុលាលភាជន៍​ខ្មែរ​គឺ​នៅត្រង់​ដី​និង​មាន​ស្រទាប់​រលោង​។ ក្នុងនោះដែរ ក្បាច់លម្អ​របស់​កុលាលភាជន៍​ខ្មែរ ក៏​កាន់តែ​ពិសេស​ជាង​កុលាលភាជន៍​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ការ​គូរ​ក្បាច់​វិញ ខ្មែរ​ជំនាន់​នោះ​ប្រើតែ​ឈើ​ឬ​ឫស្សី​តែប៉ុណ្ណោះ​។

​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ បន្ថែមថា​ការសិក្សា​ពី​រឿងនេះ​ពិត​ជាមាន​សារសំខាន់​ណាស់​ដើម្បី​ដឹង​ពី​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស​សម័យ​បុរាណ ក៏ដូចជា​ប្រភេទ​មនុស្ស​ដែល​ប្រើប្រាស់​កុលាលភាជន៍​ជាដើម​។ សម្រាប់​យើង​ជា​អ្នកជំនាន់ក្រោយ គួរ​សិក្សា​អំពី​កុលាលភាជន៍​ដែល​បាន​ប្រើ​នៅ​សម័យបុរាណ​ដើម្បី​យល់​ពី​អារ្យធម៌​ខ្មែរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​។

ជា​សរុប ការសិក្សា​ពី​កុលាលភាជន៍ គឺមាន​សារសំខាន់​ណាស់​ដើម្បី​ដឹង​ពី​ការរស់នៅ​របស់​មនុស្ស​សម័យបុរាណ ហើយ​ត្រូវបាន​ចាត់ទុកថា​ជា​វត្ថុ​ដ៏​មានតម្លៃ​មួយ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ពី​អតីតកាល​។ កន្លងមក អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​នៅ​តំបន់​អង្គរ​តាមរយៈ​កំណាយ​ច្រើន​កន្លែង​ដើម្បី​យល់​កាន់តែច្បាស់​ពី​បញ្ហា​នេះ​។ ជា​លទ្ធផល គឺ​នៅ​សម័យអង្គរ​មាន​ឡ​ដុត​កុលាលភាជន៍​ដែលមាន​ប្រវែង​វែង​ជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម