ចាប់ខ្លួន​៣​នាក់​ជាមួយ​ថ្នាំញៀន​១០​គី​ឡូ នៅ​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម​

876
ចែករម្លែក

​ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​៣​នាក់​ចំពោះ​ការ​លួច​ដឹកជញ្ជូន​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​១០​គីឡូក្រាម ពី​ព្រំដែន​កម្ពុជា​ទៅ​កាន់​ទីក្រុង​ហូជីមិញ​។​

​យោង​តាម​សារព័ត៌មាន​វៀតណាម​vnexpress សន្តិសុខ​ព្រំដែន​នៅ​ខេត្ត​ដុង​ថាប​ភាគ​ខាងត្បូង​បាន​ឃាត់​រថយន្ត​មួយ​ដែល​ទើប​ចេញ​ពី​ច្រកទ្វា​ព្រំដែន​កាលពី​យប់​ថ្ងៃ​ពុធ​ទី​០៣​កក្កដា ។​នៅក្នុង​រថយន្ត​មាន​បុរស​ឈ្មោះ​Pham Van Huy, Duong Van Hoang និង Nguyen Thanh Han​និង​ថ្នាំញៀន​នៅក្នុង​វ៉ា​លី​ស​មួយ​។​

Huy​បាន​និយាយថា បុរស​ម្នាក់​នៅ​កម្ពុជា​បាន​ជួល​ខ្លួន​អោយ​នាំ​ថ្នាំញៀន​នេះ​ទៅ​កាន់​ទីក្រុង​ហូជីមិញ ក្នុង​តំលៃ​ឈ្នួល​៥​លាន​ដុង​(២១៥​ដុល្លា​)​។​

​ទោះជា​យ៉ាងណា​ប៉ូលិស​មិន​បាន​ជឿ​ទាំងស្រុង​ទេ និង​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​។​

(​ពី​ឆ្វេង​) Pham Van Huy, Duong Van Hoang និង Nguyen Thanh Han​នៅ​ប៉ុស្ត​ប៉ូលិស​ក្នុង​ខេត្ត​ដុងថាប ប្រទេស​វៀតណាម​ខាងត្បូង​

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​២៩​មិថុនា បុរស​២​នាក់​ក៏​ត្រូវ​សមត្ថកិច្ច​វៀតណាម​ចាប់​ខ្លួន​ជាមួយនឹង​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​១០​គីឡូក្រាម នាំ​ទៅ​ពី​កម្ពុជា​ដូច​គ្នា​នៅក្នុង​ខេត្ត​តៃនិញ​​ភាគ​ខាងត្បូង​ជាប់​កម្ពុជា​។​ថ្នាំញៀន​នោះ​ក៏​ត្រូវ​នាំ​ទៅ​កាន់​ទីក្រុង​ហូជីមិញ​ដូចគ្នា​។​

​ការប្រើប្រាស់​ក៏ដូចជា​ការជួញដូរ​ថ្នាំញៀន​នៅ​វៀតណាម​កំពុង​កើន​ឡើង​នៅ​វៀតណាម ដែល​ឥឡូវ​បាន​ក្លាយជា​មជ្ឈមណ្ឌល​ប្រើប្រាស់ ជួញដូរ​និង​ចំណុច​ឆ្លងកាត់​ថ្នាំញៀន​ពី​តំបន់​​ផលិត​ថ្នាំញៀន​ត្រីកោណ​មាស ដែល​ជា​កន្លែង​ផលិត​ថ្នាំញៀន​ធំ​បំផុត​ទី​២​ក្នុង​លោក​។​

​វៀតណាម​មាន​ច្បាប់​ថ្នាំញៀន​តឹងរឹង​បំផុត​ក្នុងចំណោម​ច្បាប់​ប្រឆាំង​ថ្នាំញៀន​តឹងតែង​បំផុត​នៅក្នុង​លោក​។​ជន​ណា​មាន ឬ​លួច​ដឹកជញ្ជូន​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីនឬ​កូកាអ៊ីន​ចាប់ពី​៦០០​ក្រាម​ឡើង ឬ​មេតំ​ហ្វេ​តា​មីន​២,៥​គីឡូក្រាម​ឡើង​ប្រឈម​ទោស​ប្រហារជីវិត​។​រីឯ​ការផលិត​ឬ​លក់​ហេ​រ៉ូ​អ៊ីន​ចាប់ពី​១០០​ក្រាម ឬ​ថ្នាំ​ញៀន​ផ្សេង​ទៀត​ចាប់ពី​៣០០​ក្រាម​ទៅ ក៏​ប្រឈម​ទោស​ប្រហារជីវិត​ផងដែរ​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម