សម្តេច​ប្រធានរដ្ឋសភា​ជំរុញ​សមាជិក​រដ្ឋសភា ចុះ​ស្វែងយល់​សុខទុក្ខ​ម្ចាស់ឆ្នោត ពេល​វិស្សមកាល​

1014
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ ​៖ ​នៅក្នុង​ឱកាស​វិស្សម​កាលពី​សម័យប្រជុំ​រដ្ឋ​សភា ពីថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ទៅ ក្នុង​រយៈពេល ៣​ខែ​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បានធ្វើការ​អំពាវនាវ​ដល់​សមាជិក​សមាជិកា​រដ្ឋសភា ចុះ​សិក្សា​ស្វែងយល់​ពី​ការលំបាក និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជាប់​ជាប្រចាំ ហើយ​រួមគ្នា​ដោះស្រាយ ឆ្លើយតប​កង្វល់​របស់​ម្ចាស់ឆ្នោត​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ សម្តេច​ប្រធានរដ្ឋសភា​បាន​លើកឡើងថា ក្រៅពី​បាន​បំពេញ​តួនាទី​សំខាន់ៗ ខាង​នីតិកម្ម ភាពជា​តំណាង​ពលរដ្ឋ និង​ការឃ្លាំមើល​ការអនុវត្ត​ច្បាប់ ដែលជា​ការងារ​ស្នូល​របស់​រដ្ឋសភា សមាជិក​សមាជិកា​រដ្ឋ​សភា បាន​ចូលរួម​ការងារ​សង្គម កសាង​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​នានា​ជាមួយ​រាជរដ្ឋាភិបាល ដូចជា​វត្ត​អារាម សាលា ផ្លូវ ស្ពាន ប្រឡាយទឹក មន្ទីរពេទ្យ ដើម្បី​សម្រួល​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង​។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គូសបញ្ជាក់ថា “​នេះ​ការទទួលខុសត្រូវ​រប​ស់​យើង ហើយក៏​ជា​វប្បធម៌​សាមគ្គី រួមសុខ​រួមទុក្ខ​ជាមួយគ្នា ដែល​យើង​បាន​អនុវត្ត​តាំងពីដើម​មក​”​។

សូមជម្រាបថា រដ្ឋសភា​បានបញ្ចប់​សម័យប្រជុំរ​ដ្ឋ​សភា​លើក​ទី​២ នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩ ម្សិលមិញ បន្ទាប់ពី​បាន​ដំណើរការ​រយៈពេល​៣​ខែ តាមច្បាប់​កំណត់​មក​។

ក្នុងសម័យ​ប្រជុំ​លើក​ទី​២ ដែល​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩​មក​នោះ រដ្ឋសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​១០ ដែល​ស្នើឡើង​ដោយ​រាជរដ្ឋាភិបាល​ បានសម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​លោកស្រី​គឹម សុ​ណ្ណា តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​លោក សុខ ផេង តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ បាន​បោះឆ្នោត​ជ្រើសតាំង​បំពេញបន្ថែម លោក ប្រាជ្ញ ចន្ទ ជា​សមាជិក​គណៈកម្មកា​រ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​លោក ច័ន្ទ សុផល ជា​សមាជិក​គណៈកម្មកា​រ​មហាផ្ទៃ ការពារជាតិ និង​មុខងារ សាធារណៈ​នៃ​រដ្ឋសភា និង​បោះឆ្នោត​ជ្រើសតាំង​លោកស្រី លី វួ​ច​ឡេង​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់​អាណត្តិ​ឆ្នាំ (២០១៩-២០២៨) និង​បាន​កោះអញ្ជើញ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មក​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៦ និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ លើ​វិស័យ​យុត្តិធម៌ ផងដែរ​៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម