គម្រោង​កែលម្អ​បរិស្ថាន និង​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​ដែល​ប្រទេស​ចិន​ផ្តល់ជំនួយ​ដល់ ប្រទេស​កម្ពុជា​នោះ បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​

690
ចែករម្លែក

នៅ​ថ្ងៃទី ២៦ ខែមិថុនា គម្រោង កែលម្អ​បរិស្ថាន និង​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​ដែល​ប្រទេស​ចិន​ផ្តល់ជំនួយ​ដល់​ប្រទេស កម្ពុជា និង​ទទួលបន្ទុក​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​ទីក្រុង​ខេត្ត​យូ​ណាន​នោះ បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅ​ខេត្តកណ្តាល​នៃ​ប្រទេស​កម្ពុជា ។ គម្រោង​នេះ​នឹង​រួមចំណែក​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​អប់រំ​នៃ​ប្រទេស​កម្ពុជា និង​ជំរុញ​ការអភិវឌ្ឍ​បុព្វហេតុ​អប់រំ​នៃ​ប្រទេស​កម្ពុជា ។​

​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​លោក បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​នេះ ។​

តាម​ប្រភពព័ត៌មាន​ពាក់ព័ន្ធ​បានឱ្យដឹងថា គម្រោង​កែលម្អ​បរិស្ថាន និងហេដ្ឋារចនា សម្ព័ន្ធ​អប់រំ​នៃ​ប្រទេស​កម្ពុជា​នេះ​មាន​ទីតាំង​ស្ថិតនៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តកំពង់ចាម​នៃ​ប្រទេស​កម្ពុជា ដែល​បាន​គ្របដណ្តប់​លើ​សាលា​មធ្យមសិក្សា​ចំនួន ២៦ និង​សាលា​បណ្តុះបណ្តាល​គ្រូបង្រៀន​ចំនួន ១ ។ តាម​ផែន​ការដែល​បានកំណត់ ភាគី​ចិន​នឹង​ជួយ​ភាគី​កម្ពុជា​សាងសង់​អគារសិក្សា​ចំនួន ២៣ អគារ​ការិយាល័យ​និង​បន្ទប់ពិសោធន៍​ចំនួន ១៧ អគារ​ស្នាក់នៅ​សម្រាប់​សិស្ស​ចំនួន ១ តារាង​បាល់ទាត់ តារាង​បាល់បោះ និង​អណ្តូងទឹក​ជាដើម ។ គម្រោង​នេះ​មាន​ទំហំ​វិនិយោគ​សរុប ១៣៤ លាន​យាន់​ប្រាក់​ចិន ដែល​រដ្ឋាភិបាល​ចិន​ផ្តល់​ជំនួយឥតសំណង​ដល់​ប្រទេស​កម្ពុជា ។ គម្រោង​នេះ​ដំណើរការ​សាងសង់​តាម​រូបមន្ត​ដែល​សាងសង់​ដោយ​ភាគី​ទទួល​ជំនួយ ហើយ​ទទួលបន្ទុក​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​ទីក្រុង​ខេត្ត​យូ​ណាន ។​

ការអប់រំ​ជា​វិស័យ​សំខាន់​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ចិន និង​កម្ពុជា ។ ភាគី​ទាំងពីរ​បានទទួល​លទ្ធផល​ជា​ផ្លែផ្កា ។ តាម​ការ​ឧទ្ទេសនាម​បានឱ្យដឹងថា ក្រុមហ៊ុន​សំណង់​ទីក្រុង​ខេត្ត​យូ​ណាន​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​គម្រោង​“​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​”​របស់​ប្រទេស​ចិន​នៅ​ប្រទេស​តាម​បណ្តោយ​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” ។ អគារ​ការិយាល័យ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ទទួលបន្ទុក​សាង​សង់​ដោយ​ក្រុមហ៊ុន​សំណង់​ទីក្រុង​ខេត្ត​យូ​ណាន​នោះ បាន​ដំណើរការ​យ៉ាង​ល្អប្រសើរ​តាំងពី​ការបញ្ចប់​ការសាងសង់​នៅ​ឆ្នាំ ២០០៨ មក ហើយ​បានទទួល​ការកោតសរសើរ និង​ការវាយតម្លៃ​ខ្ពស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ។ នៅ​ឆ្នាំ ២០១០ សម្តេចអគ្គមហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​គ្រឿង​ឥស្សរិយយស​ដល់​គម្រោង​នេះ ៕ ​ដោយ យូ ជាំ​ង​នី​ង​

ទីតាំងផ្សាយពាណិជ្ជកម្ម