​ចុះ​ពិនិត្យ​មើលផ្លូវ​បេតុង​៧​ខ្សែ​និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ដែល​បានធ្វើ​រួច​ក្នុង​ក្រុង​សិរីសោភ័ណ

697
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​កាលពី​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៩​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​និង​ក្រុង​បាន​ចុះ​ពិនិត្យ​មើលផ្លូវ​បេតុង​ចំនួន​៧​ខ្សែ​ប្រវែង​២.៦៧២​ម៉ែត្រ​និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ដែល​បាន​ស្ថាបនា​និង​ដាក់​រួចរាល់​ក្នុង​សង្កាត់​នានា​នៃ​ក្រុង​សិរីសោភ័ណ​។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​អមដំណើរ​ដោយ​ក្រុមការងារ​បច្ចេកទេស​សាលាខេត្ត​និង​ភាគី​ពាក់ព័ន្ធ​នៃ​គម្រោង​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើលផ្លូវ​បេតុង​ជាច្រើន​ខ្សែ​និង​ភ្លើង​បំភ្លឺ​សាធារណៈ​ដែលជា​គម្រោង​អភិវឌ្ឍន៍​ខេត្ត​ឆ្នាំ​២០១៩​ដែល​បាន​ស្ថាបនា​និង​បំពាក់​រួចរាល់ ក្នុងភូមិ នៃ​សង្កាត់​កំពង់ស្វាយ .​សង្កាត់​អូរ​អំបិល និង​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

​មន្ត្រី​សាលាខេត្ត​បានដឹងថា​:​គម្រោង​ផ្លូវ​និង​បង្គោល​ភ្លើងគោម​ដែល​បាន​ស្ថាបនា​រួមមាន​:១.​ការរៀបចំ​បង្គោល​ភ្លើង​សាធារណៈ​ស្ថិតក្នុង​សង្កាត់​ព្រះ​ពន្លា​ចំនួន​១៣២​ដើម​និង​សង្កាត់​កំពង់ស្វាយ​២៩​ដើម​។​២.​ផ្លូវ​បេតុង​ឆ្អឹង​ដែក​កម្រាស់​១៥​សង់ទីម៉ែត្រ​ចំនួន​២​ខ្សែ​១.២៤២​ម៉ែត្រ​ទទឹង​៦​ម៉ែត្រ​ពី​ផ្លូវ​ជាប់​របង​សាលាខេត្ត​ដល់​មុខ​សាកលវិទ្យាល័យ​CUS​ក្នុង​សង្កាត់​កំពង់ស្វាយ​។

​៣.​ផ្លូវ​បេតុង​កម្រាស​១៥​សង់ទីម៉ែត្រ​ចំនួន​២​ខ្សែ​ជាប​របង​ខាងជើង​វិទ្យាល័យ​សិរីសោភ័ណ​សង្កាត់​ព្រះ​ពន្លា​ប្រវែង​២២០​ម៉ែត្រ​ទទឹង​៥​ម៉ែត្រ​។​.៤.​ផ្លូវ​បេតុង​ត​ភ្ជាប់​ពី​ផ្លូវភ្លោះ​ទៅក្នុង​ភូមិ គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល ២១០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ ។​៥.​ផ្លូវ​បេតុង​ចំនួន​២​ខ្សែ​សរុប​ប្រវែង​១.០០០​ម៉ែត្រ​ទទឹង​៦​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៥៦​ឡើងទៅ​កាន់​មណ្ឌល​សុខភាព​កំពង់ស្វាយ និង​ពី​ផ្លូវ​លេខ​៥៦ ឡើងទៅ​កាន់​អង់​តែ​ទូរស័ព្ទ​ភ្នំ​ខ្លា​កូន ។​

ក្នុងឱកាស​នោះ លោក អ៊ុ រាត្រី បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​និង​ទទួល​ការសាងសង់​ដែល​បាន​យកចិត្ត​ទុក​អនុវត្តន៍​ទៅតាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ល្អ ពិនិត្យឃើញ​មានគុណ​ភាពត្រឹមត្រូវ​តាម​កិច្ចសន្យា ។​​ជាមួយគ្នា​នោះ លោក​ក៍បាន​បានធ្វើការ ណែនាំ និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវមាន​យកចិត្តទុកដាក់​ខ្ពស់​ថែរក្សា​ផ្លូវ​បេតុង​ផ្លូវ​ក្រាល​កៅស៊ូ​ក្រាល​ក្រួស​ក្តី​ដែល​បាន​ស្ថាបនា​និង​ជួសជុល​ហើយ ដើម្បី​មាន និរន្តរភាព​ប្រើប្រាស់​បានយូរ​អង្វែង​៕S/

​រូបថត​:​លោក​អ៊ុ​រាត្រី​និង​ក្រុមការងារ​បច្ចេកទេស​សាលាខេត្ត​និង​ភាគី​ពាក់ព័ន្ធ​នៃ​គម្រោង​បាន​ចុះ​ពិនិត្យ​មើលផ្លូវ​បេតុង​ជាច្រើន​ខ្សែ​និង​ភ្លើង​បំភ្លឺ​សាធារណៈ​ដែលជា​គម្រោង​អភិវឌ្ឍន៍​ខេត្ត​ឆ្នាំ​២០១៩​ក្នុង​សង្កាត់​ព្រះ​ពន្លា​និង​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ (​រូប​: ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម