សម្តេច​ក្រឡាហោម សខេង ប្តឹង​ទណ្ឌិត សម រង្ស៊ី ពាក់ព័ន្ធ​មរណភាព​របស់លោក​ហុក ឡង់ឌី​

1036
ចែករម្លែក

ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់​ពាក្យបណ្ដឹង​ចូលទៅ​តុលាការ​ប្ដឹង​ទណ្ឌិត សម រង្ស៊ី ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ។ ការដាក់​ពាក្យបណ្ដឹង​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ ២០១៩ តាមរយៈ​លោក​ហាក់ សៀក​លី ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ។​

​នៅក្នុង​ពាក្យបណ្ដឹង​បាន​ជម្រាបជូន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ ឈ្មោះ សម រង្ស៊ី បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​អំពី​ការទទួល​មរណភាពរ​បស់​លោក​ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ ដែលមាន​ខ្លឹមសារ​ថា ” ឥឡូវនេះ​លោក​ឌី វិជ្ជា ដឹង​ច្បាស់​ពី​ឃាតកម្ម​លើ​បិតា​របស់លោក លោក​ឌី វិជ្ជា កំពុង​គិតគូរ​អំពី​ផែន​ការសង់​សប្តាហ៍​របស់លោក ផែនការ​នេះ​មានការ​គាំទ្រ​ពី​លោ​កស ខេង ពីព្រោះ​លោ​កស ខេង ដឹងខ្លួន​ថា លោក​ហ៊ុនសែន កំពុង​រៀបចំ​ផែនការ​ដកតំណែង​រប​ស់គា​ត់ ឬ​កម្ចាត់​គាត់​តែម្ដង ដើម្បី​ឲ្យ​កូនប្រុស​បង្កើត​របស់លោក​ហ៊ុន សែន គឺ​លោក​ហ៊ុន ម៉ា​ណែ​ត លោក ហ៊ុន ម៉ានិត និង​លោក​ហ៊ុន ម៉ា​នី មក​បន្តវេន​ពី​លោក​ហ៊ុន សែន ដោយ​មិនមាន​នរណា​អាច​រារាំង​បាន ចំពោះ​នយោបាយ​គ្រួសារនិយម​របស់លោក​ហ៊ុនសែន​នេះ​”​។ ក្រោយមកទៀត​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩ ឈ្មោះ​សម រង្ស៊ី បានផ្ដល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋអាម៉េរិក( VOA )ដោយ​ក្នុង​បទសម្ភាសន៍​នោះ​ឈ្មោះ​សម រង្ស៊ី បាន​និយាយ​នូវ​ខ្លឹមសារ​ហាត់​ប្រហែល​និង​សា​រលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែរ ។ ការ​ប្រឌិត​ព័ត៌មាន​ទម្លាក់កំហុស​និង​មួលបង្កាច់​របស់​ឈ្មោះ​សមរង្ស៊ី​ខាងលើនេះ​ដើម្បីឱ្យ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​មានការ​សង្ស័យ​គ្នា​នឹង​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ដែល​អាចធ្វើ​ឲ្យ​មាន​វិវាទ​ផ្ទៃក្នុង​របស់​រាជរដ្ឋាភិបាល​។ ទង្វើ​ទាំងនេះ​បញ្ជាក់​ច្បាស់​ថា ឈ្មោះ សម រង្ស៊ី មាន​ចេតនា​ទុច្ចរិត​ក្នុងការ​ញុះញង់​បំផុសបំផុល​ធ្វើ​ឲ្យ​មានការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​រាជរដ្ឋាភិបាល​ក៏ដូចជា​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ឲ្យ​មាន​ចេតនា​និង​ភាពវឹកវរ​យ៉ាងធ្ងន់ធ្ង​រ​ដល់​សន្តិសុខ​សង្គម​បំភ្លេច​បំផ្លាញ​ដល់​ស្ថិរភាព​នយោបាយ​និង​សន្តិភាព​របស់​ជាតិ​ទាំងមូល​។


​សម្ដេច​ក្រឡាហោម​សខេង​បាន​ប្ដឹង​សុំ​ឲ្យ​តុលាការ​ចោទប្រកាន់ និង​ផ្ដន្ទាទោស​លើ​ឈ្មោះ សម រង្ស៊ី ឲ្យ​បាន​ធ្ងន់ធ្ងរ​តាមច្បាប់ និង​ទាមទារ​ឲ្យ​ឈ្មោះ សម រង្ស៊ី សង​សំណង​ជំងឺ​ចិត្តជា​ប្រាក់​បួន​ពាន់ លាន​រៀល និង​សុំ​លោក​រាជអាជ្ញា​មេត្តា​ពិនិត្យ​និង​សម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ឈ្មោះ​សមរង្ស៊ី​តាមច្បាប់​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម