ធនាគារ MGN បង្ហាញ​ពី​ចក្ខុវិស័យ​ប្រែ​ក្លាយខ្លួនជា​ធនាគារ​ឌីជីថល ឈានមុខ​គេ​នៅ​កម្ពុជា​

1070
ចែករម្លែក

ដោយ​: រ៉ា​ម៉ន​
​ភ្នំពេញ​:
ធនាគារ MGN បានប្រកាស​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។ ការបើក​សម្ពោធ​ដំណើរការ​នេះ​ធ្វើឡើង ក្រោម​ការចូលរួម​ពី លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា និង​មានការ​ចូលរួម​ពី​លោក ឱម វិសាល អគ្គនាយក​ធនាគារ MGN រួមទាំង​ភ្ញៀវកិត្តិយស​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​ការឈាន​ជើង​ចូល​ទីផ្សារ​លើកដំបូង​របស់​ធនាគារ MGN នេះ​ធនាគារ​បានបង្ហាញ​ពី​សក្ដានុពល ក្នុងការ​ពង្រីក និង​ពង្រឹង​ខ្លួន​ឲ្យ​ក្លាយទៅជា​ធនាគារ​ឌីជីថល​ឈានមុខ​គេ នៅក្នុង​ប្រទេស​កម្ពុជា និង​មាន​ផែនការ​យុទ្ធសាស្ដ្រ​ច្បាស់លាស់ និង​ពង្រីក​សក្ដានុពល​សម្រាប់​តម្រង់ទិស ដើម្បី​សម្រេច​គោលដៅ​នានា​។​

​ក្នុង​ពិធី​នោះ​លោក ជា ចាន់តូ អគ្គ​ទេ​សារ​ភិ​បាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងថា «​ខ្ញុំ​សូម​ស្វាគមន៍ និង​អបអរ​សារ​ទរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​ភាគហ៊ុន​និក​ធនាគារ MGN ដែល​បាន​បំពេញ​លក្ខខណ្ឌ និង​ទទួល​បានការ​អនុ​ញ្ញ​ត​ពី ធនាគារជាតិ​នៃ​កម្ពុជា ឲ្យ​ចាប់ផ្ដើម​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​លោក​អគ្គទេសាភិបាល​ប​ន្ដ​ថា ៖​វត្តមាន​របស់​ធនាគា​រ MGN បាន​ឆ្លុះបញ្ចាំង​ពី​ជំនឿ​ទុកចិត្ត​, ការគាំទ្រ និង​ការចូលរួមចំណែក​កាន់តែច្រើន​ពី វិនិយោគិន​បរទេស​ម​កលើ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា ។ នេះ​ជា​ទិសដៅ​មួយ​លើ​ការ​អភិ​ឌ្ឍ​វិស័យ​ធនាគារ និង​ហិ​រញ្ញា​ត្ថុ​របស់​រាជរដ្ឋាភិបាល ក្នុង​ការជំរុញ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។​

​ក្នុងឱកាស​នោះ​លោក ជា ចាន់តូ បាន​បញ្ជាក់ថា «​វិស័យ​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា បាននិងកំពុង​បន្ដ​ការរីកចម្រើន ទាំង​ទំហំ និង​វិសាលភាព​ប្រកបដោយ​សុវត្ថិភាព និង​បរិ​យា​ប័ន្ន​។ គិត​ត្រឹម​ត្រីមាស​ទី​១​ឆ្នាំ​២០១៩ ប្រាក់​បញ្ញើ​ក្នុង​ប្រព័ន្ធ​ធនាគារ​បាន​កើនឡើង ដល់​ជិត​២៣​ប៊ី​លាន​ដុល្លារ​អាមេរិក ស្មើនឹង​១០៨% នៃ​ផលិតផល​ក្នុងស្រុក​សរុប ហើយ​សម្រាប់​ឥណទាន​លើ​វិស័យ​ឯកជន បាន​កើនឡើង​២៧​ប៊ី​លាន​ដុល្លារ​អាមេរិក​ស្មើ​១១៤% នៃ​ផលិតផល​ក្នុងស្រុក​សរុប​»​។​

​លោក​អគ្គទេសាភិបាល​ប​ន្ថែ​ម​ថា ដើម្បី​បន្ដរ​ក្សា​កំណើន​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងនាម​ជា​អាជ្ញាធរ​រូបិយវត្ថុ និង​ជា​អាជ្ញាធរ​អាណាព្យាបាល​លើ​ប្រព័ន្ធ​ធនាគារ និង​បន្ដ​រួមចំណែក​យ៉ាងសកម្ម ក្នុង​ការរក្សា​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​, សេ្ថ​រ​ភាព​ហិរញ្ញវត្ថុ តាមរយៈ​ការអនុវត្តន៍​គោលនយោបាយ​ហិរញ្ញវត្ថុ ប្រកបដោយ​ភាពទន់ភ្លន់ និង​ប្រុងប្រយ័ត្ន និង​ការបន្ដ​ពង្រឹង​ការត្រួតពិនិត្យ​បទ​បញ្ញា​ត្តិ​យ៉ាង​យកចិត្តទុកដាក់​។​

​ជាមួយគ្នា​នោះដែរ​លោក ឱម វិសាល អគ្គនាយក​ធនាគារ MG​បាន​ឲ្យ​ដឹងថា ៖​រយៈពេល​ប៉ុន្មាន​ទស្សវត្ស​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា​បាននិងកំពុង​បន្ដ ភាព​រីកចម្រើន​លូតលាស់​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​រា​រដ្ឋាភិបាល​កម្ពុជា​។ ទន្ទឹមនេះ​វិស័យ​ធនាគារ​ក៏​កំពុង​លូតលាស់ និង​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់​ផងដែរ​។​

​លោក​ឲ្យ​ដឹង​ទៀតថា «​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ធនាគារ​មាន​ចក្ខុ​វិ​ស័​ជាក់លាក់​ចំពោះ​ទីផ្សារ និង​មាន​ផែនការ​ទីផ្សារ​ច្បាស់លាស់ ក្នុងការ​អភិវឌ្ឍ និង​ពង្រីក​សក្ដានុពល​របស់​ខ្លួន ដោយ​ឈរលើ​ស្មារតី​រួម​គឺ រួម​គិត​រួម​ធ្វើ សម្រាប់​តម្រង​ទិសលើ​រាល់​ការធ្វើ​សេចក្ដីសម្រេចចិត្ត ដើម្បី​សម្រេច​គោលដៅ​នានា​»​។​

​លោក​អគ្គនាយក​ធនាគា​រ​បន្ថែមថា ៖​ធនាគារ MGN មាន​ចក្ខុវិស័យ​ខ្ពស់​ក្នុងការ​ប្រែ​ក្លាយខ្លួនជា ធនាគារ​ឌីជីថល​ឈានមុខ​គេ​នៅ​កម្ពុជា ប៉ុន្ដែ​ដំបូង​ឡើយ​ធនាគារ​នឹង​ផ្ដល់នូវ​សេវា​ផ្សេងៗ​ដូចជា​៖ ការទទួលប្រាក់​បញ្ញើ​ជា​សាធារណៈ​, ការផ្ដល់​ឥណទាន​, ការផ្ទេរ​ប្រាក់ និង​សេវាកម្ម​ផ្សេងៗ​ជាច្រើន​ទៀត​។​

​លោក អគ្គនាយក​បន្ដទៀតថា ធនាគារ MGN ផ្ដោត​សំខាន់​លើ​សហគ្រាស​ធុន​តូច និង​មធ្យម​ជា​ចម្បង ហើយ​បច្ចុប្បន្ននេះ​ធនាគារ MGN ទើបតែ​មាន​១​សាខា​ប៉ុណ្ណោះ​នៅ​កម្ពុជា ប៉ុន្ដែ​គ្រោង​នឹង​ពង្រីក ទៅតាម​រាជធានី​-​ខេត្ត និង​ពង្រីក​ទៅ​តំបន់​អាស៊ាន​ដូចជា​៖ អាហ្វ្រិក​, អាមេរិក និង​អឺរ៉ុប​ជាដើម​។​

​ក្នុងនោះដែរ​លោក​បញ្ជាក់​ថា ធនាគារ MGN បាន​ផ្ដោតលើ​គោលដៅ​អាទិភាព​មួយចំនួន​ដូចជា​៖
១៖ បំពាក់​ម៉ាស៊ីន​ដាក់ និង​ដក​ប្រាក់​ស្វ័យប្រវត្តិ (​ម៉ាស៊ីន ATM) ដែល​ប្រើ​បច្ចេកវិទ្យា សម្គាល់​ភិនភាគ​ផ្ទៃមុខ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ខ្ពស់ សម្រាប់​អតិថិជន​។​
២៖ បង្កើត Emperor Banking Center សម្រាប់​បម្រើ​អតិថិជន ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​សេវា One-Stop-Service​។​
៣៖ វិនិយោគ​បន្ថែមទៀត​ព្រមទាំង​ធ្វើការ​សហប្រតិបត្តិការ ជាមួយ​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ (Fintech) ដើម្បី​បង្កើត​មូលដ្ឋានគ្រឹះ​ទិន្នន័យ ឌីជីថល​សម្រាប់​ការវាយតម្លៃ​ហានិភ័យ​ឥណទាន និង​ការផ្ដល់​ប្រឹក្សា​ហិរញ្ញវត្ថុ​ជូន ដល់​អតិថិជន​ជា​គោលដៅ​។​

គួរ​បញ្ជាក់ដែរថា ៖​ធនាគារ MGN មាន​ទីតាំង​ស្ថិតនៅលើ​មហាវិថី ព្រះ​នរោត្តម (​ផ្លូវ​លេខ​៤១), ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។ ធនាគារ MGN បាន​ប្ដេជ្ញាចិត្ត​បម្រើ​ជូន​អតិថិជន​រាល់​តម្រូវការ និង​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​ការងារ​ដូចជា​៖
១៖ រក្សា​ការសម្ងាត់​ព័ត៌មាន​របស់​អតិថិជន និង​ធនាគារ​។​
២៖ រក្សា​ភាពត្រឹមត្រូវ​កំណត់ត្រា​ឯកសារ និង​ប្រតិបត្តិការ​ធនាគារ​។​
៣៖ ជៀសវាង​ជម្លោះ​ផលប្រយោជន៍​។​
៤៖ ជៀសវាង​ការប្រើប្រាស់​តួនាទី និង​ព័ត៌មាន​ខុស​គោលការណ៍ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។​
៥៖ បម្រើ​ជូន​អតិថិជន​ដោយ​ស្មើភាព និង​សមភាព​។​
៦៖ រក្សា​ទំនាក់ទំនង​ល្អ​រវាង​ថ្នាក់​គ្រប់គ្រង បុគ្គលិក និង​អតិថិជន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម