ជនជាតិ​អាម៉េរិក​២​នាក់​និង​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​ត្រូវ​គោ​វ័ធ​នៅក្នុង​ពិធីបុណ្យ​ព្រលែង​គោ​រត់​ដេញតាម​នៅ​ទីក្រុង​បុរាណ​របស់​អេ​ស្ប៉ា​ញ​

769
ចែករម្លែក

ពលរដ្ឋ​អាម៉េរិក​អាយុ ៤៦ ឆ្នាំ​ម្នាក់​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ បន្ទាប់ពី​គាត់​និង​មនុស្ស​ពីរ​នាក់​ទៀត ត្រូវ​គោ​វ័ធ​នៅ​ថ្ងៃទី​មួយ​នៃ​ពិធីបុណ្យ​ព្រលែង​គោ​រត់​ដេញតាម​នៅ​ភាគ​ខាងជើង​ទីក្រុង​ប៉ាំ​ផ្លូ​ណា (Pamplona) នៃ​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃអាទិត្យ​ទី​៧​កក្កដា​។​

​របាយការណ៍​វេជ្ជសាស្ត្រ​ពី​អាជ្ញាធរ​តំបន់​ណា​វ៉ា​រ៉ា​បានឱ្យដឹងថា ជនជាតិ​អាម៉េរិក​អាយុ ៤៦ ឆ្នាំ​នោះ​ស្ថិតនៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ បន្ទាប់ពី​ត្រូវ​គោ​វ័ធ​ចំក​។​

​ជនជាតិ​អាមេរិក​ម្នាក់ទៀត​អាយុ ២៣ ឆ្នាំ​និង​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​ក៏ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផងដែរ បន្ទាប់ពី​ត្រូវ​គោ​វ័ធ​ក្នុងអំឡុង​ពិធីបុណ្យ​ព្រលែង​គោ​រត់​ដេញតាម​នេះ ដែលជា​ព្រឹត្តិការណ៍​មាន​ប្រជាប្រិយ​បំផុត​ពេញ​មួយ​សប្តាហ៍ ដែល​គេ​ហៅថា​ពិធីបុណ្យ​សាន់​ហ្វើ​មីន (San Fermin)​។ បុរស​ទាំងពីរ​នាក់​នេះ​ត្រូវ​គោ​វ័ធ​ចំ​ភ្លៅ​ខាងឆ្វេង​ដូចគ្នា ប៉ុន្តែ​ស្ថានភាព​របស់​ពួកគេ​មិន​ធ្ងន់ធ្ងរ​ទេ​។​

​មនុស្ស​៣​នាក់​ទៀត​ជនជាតិ​អេ​ស្ប៉ា​ញ​ទាំងអស់ និង មាន​អាយុ​ចន្លោះ​ពី ១៨ ដល់ ៣៨ ឆ្នាំ​ក៏​រងរបួស​តិចតួច​ផងដែរ​អំឡុង​ពិធីបុណ្យ​នេះ តែ​មិនមែន​ដោយសារ​គោ​វ័ធ​នោះទេ​។​

​កាកបាទក្រហម​នៅ​អេ​ស្ប៉ា​ញ​បាន​ព្រមាន​ថា ព្រឹត្តិការណ៍​នេះ​នឹងមាន​គ្រោះថ្នាក់ ជាពិសេស​ដោយសារតែ​ចំនួន​មនុស្ស​ច្រើន​។​

​នៅ​រៀងរាល់​ព្រឹក​ព្រលឹម​នៃ​ពិធីបុណ្យ​នេះ​គឺ​នៅ​ម៉ោង​៨ គោ​៦​ក្បាល​ត្រូវបាន​ព្រលែង​ចេញពី​ក្រោល​ដើម្បី​រត់​ឆ្លងកាត់​តាមផ្លូវ​តូចចង្អៀត​នៃ​ទីក្រុង​បុរាណ​នេះ​។​

​មនុស្ស​រាប់រយ​នាក់​ពាក់អាវ​ស​និង​កន្សែង​បង់ក​ក្រហម​ព្យាយាម​រត់​នៅ​ពីមុខ​គោ​ឆ្ពោះទៅកាន់​សង្វៀន​គោ​នៃ​ទីក្រុង កន្លែង​ដែល​សត្វ​គោ​ទាំងនោះ​នឹងត្រូវ​សម្លាប់​ដោយ​ពួក​អ្នក​ចាក់​សម្លាក់​គោ នៅពេល​ល្ងាច​៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម