ការប៉ះទង្គិច​ហិង្សា​ផ្ទុះឡើង​សាជាថ្មី​នៅ​ហុងកុង ខណៈ​បាតុករ​ហែ​ក្បួន​ទៅកាន់​ស្ថានីយ​រថភ្លើង​ឆ្ពោះទៅ​ចិន

765
ចែករម្លែក

​អំពើហិង្សា​នយោបាយ​សាជាថ្មី​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​ហុងកុង​ កាលពី​យប់​ថ្ងៃអាទិត្យ​ទី​៧​កក្កដា​ ខណៈដែល​ប៉ូលិស​ប្រឆាំង​កុបកម្ម​បាន​យក​ដំបង​វាយ​ហ្វូង​បាតុករ​ប្រឆាំងនឹង​រដ្ឋាភិបាល​ដែល​បន្ត​ដាក់​សម្ពាធ​មកលើ​ពួក​មេដឹកនាំ​គាំទ្រ​ប៉េកាំង​របស់​ទីក្រុង​នេះ បន្ទាប់ពី​មានការ​ប្រមូលផ្តុំ​ដ៏​ធំ​នៅ​ខាងក្រៅ​ស្ថានីយ​រថភ្លើង ដែល​ត​ភ្ជាប់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​ទៅ​ចិនដីគោក​។

​ទីក្រុង​ហុងកុង​បាន​រង​ការ​រង្គោះរង្គើ​ដោយ​ការដើរ​ក្បួន​តវ៉ា​ដ៏​ធំ​ពេញ​មួយខែ​និង​ការប្រឈមមុខ​ដាក់គ្នា​ដោយ​ហិង្សា​ដាច់ដោយឡែក​ជាមួយ​ប៉ូលិស​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមអ្នកតវ៉ា​ក្បាលរឹង​មួយចំនួន ដែល​បង្កឡើង​ដោយសារ​ច្បាប់​មួយ​ដែល​នឹង​អនុញ្ញាត​ឱ្យធ្វើ​បត្យាប័ន​ទៅកាន់​ចិនដីគោក​។​

​ការប៉ះទង្គិច​កាលពី​ថ្ងៃ​អាទិត្យ ​បានកើត​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការធ្វើ​បាតុកម្ម​លើកដំបូង​ចាប់តាំងពី​ពួក​អ្នក​តវ៉ា​វ័យក្មេង​បាន​សម្រុកចូល​រដ្ឋសភា​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន ដោយ​ធ្វើឱ្យ​ទីក្រុង​នេះ​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​មិន​ធ្លាប់មាន​ពីមុនមក​។ សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន​នោះ​ត្រូវបាន​ផ្អាក​ក្រោយពី​ការតវ៉ា​ដ៏​ធំ​សម្បើម​។​

​ប៉ុន្តែ​ការផ្អាក​នេះ​បាន​ជួយ​តិចតួច​ណាស់​ដើម្បី​សម្រាល​កំហឹង​សាធារណៈ ដែល​បាន​វិ​វត្ត​ទៅជា​ចលនា​ទូលំទូលាយ​មួយ ដែល​អំពាវនាវ​ឱ្យមាន​កំណែទម្រង់​ប្រជាធិបតេយ្យ​និង​បញ្ឈប់​ការធ្លាក់ចុះ​សេរីភាព​នៅក្នុង​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​មួយ​នេះ​។​

​កាលពី​ព្រឹក​ថ្ងៃអាទិត្យ មនុស្ស​រាប់ម៉ឺន​នាក់​បាន​ដើរ​តាមផ្លូវ​ក្នុង​សង្កាត់​ស៊ីម​សា​ស៊ុយ ដែលជា​តំបន់​កំពង់ផែ​ដ៏​មាន​ប្រជាប្រិយភាព​ជាមួយនឹង​ភ្ញៀវទេសចរ​ចិន ដោយ​បញ្ចប់​ការហែក្បួន​របស់​ពួកគេ​នៅឯ​ស្ថានីយ​រថភ្លើង​ល្បឿន​លឿន​ដែល​ភ្ជាប់​ទៅ​ចិនដីគោក​។​

​ការហែក្បួន​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​ឱកាស​មួយ​ដើម្បី​ពន្យល់​ដល់​ជនជាតិ​ចិនដីគោក​នៅក្នុង​ទីក្រុង​នេះ​ថា​តើ​ចលនា​ការតវ៉ា​របស់​ពួកគេ​ចង់​និយាយ​ពីអ្វី​ដោយហេតុថា​ ប៉េកាំង​កាន់កាប់​ការត្រួតពិនិត្យ​យ៉ាង​សម្បើម​មកលើ​ហុងកុង​។ ក្បួន​ដង្ហែ​នេះ​បាន​ធ្វើឡើង​យ៉ាង​រលូន​ដោយ​គ្មាន​ឧបទ្ទវហេតុ​ទេ​។​

​ប៉ុន្តែ​នៅ​យប់​ថ្ងៃអាទិត្យ ប៉ូលិស​ដែល​ប្រដាប់​ដោយ​ដំបង​និង​ខែល បាន​វាយ​លើ​បាតុករ​ដើម្បី​បណ្តេញ​បាតុករ​ប៉ុន្មាន​រយ​នាក់ ដែល​មិន​ព្រម​ត្រឡប់ទៅផ្ទះ​វិញ​។ បាតុករ​មួយចំនួន​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន និង​វាយ​ជាមួយ​ខ្នោះ​ជ័រ​ស្វិត​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៨​កក្កដា​នេះ បាតុករ​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​បាន​បន្ត​ស្ថិតនៅ​ស្ថានីយ​រថភ្លើង ជាមួយ​ប៉ូលិស​កាន់កាប់​ផ្លូវ​ប្រសព្វ​ជាច្រើន​នៅ​ជុំវិញ​តំបន់​តវ៉ា​នេះ​៕ ដោយ៖ កញ្ញាដាលីស/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម