សហរដ្ឋ​អាម៉េរិក​លើក​ពាន​វើ​ល​ខាប់​ស្រី បន្ទាប់ពី​ឈ្នះ​ហូ​ឡង់ ២-០

641
ចែករម្លែក

​អ្នកនយោបាយ អត្ត​ព​លិ​ក និង សូម្បី​អវកាសយានិក បាន​អបអរសាទរ​ជ័យជម្នះ​របស់​អាម៉េរិក​នៅឯ​ការប្រកួត​វើ​ល​ខាប់​ស្រី​កាលពី​ថ្ងៃអាទិត្យ​ទី​៧​កក្កដា ហើយ​ចៅហ្វាយក្រុង​ញូវយ៉ក​បានប្រកាស​ការហែក្បួន​អមដោយ​កាំ​ជ្រួក​ក្រដាស​សម្រាប់​ជើងឯក​បាល់ទាត់​ស្រី​អាម៉េរិក​នេះ​។​

​ការ​ស៊ុត​ចូល​បាល់​ពិន័យ​១១​ម៉ែត្រ​ដោយ​កីឡាការិនី មេ​ហ្គា​ន រ៉ា​ពី​ណូ និង ការ​ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់​ពី​កីឡាការិនី រ៉ូ​ស ឡា​វែ​ល បាន​ជួយ​ឱ្យ​ក្រុមបាល់ទាត់​ស្រី​អាម៉េរិក​ឈ្នះ​លើ​ហូ​ឡង់ ២-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​លី​យ៉ុង​ប្រទេស​បារាំង​។​

​វា​គឺជា​ជ័យជម្នះ​លើក​ទី​២​ជាប់​គ្នា​របស់​ពួកគេ​នៅក្នុង​ការប្រកួត​វើ​ល​ខាប់​ស្រី និង ឈ្នះ​ពាន​នេះ​ច្រើនជាងគេ​បំផុត​ផងដែរ គឺ ៤ លើក​។​

​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅ​រដ្ឋ​ញូ​វ​ជើ​ស៊ីថា “​ខ្ញុំ​សូម​អបអរសាទរ​ក្រុមកីឡា​បាល់ទាត់​ស្រី​ចំពោះ​ការ​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​។ វា​ជា​សមិទ្ធផល​មិនគួរ​ឱ្យ​ជឿ​។ វា​គឺជា​កិត្តិយស​ដ៏​ធំធេង​ណាស់​ដែល​ពួកនាង​អាច​ដណ្តើមយក​ពាន​នេះ​សម្រាប់​សហរដ្ឋ​អាម៉េរិក​”​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ចៅហ្វាយក្រុង​ញូវយ៉ក​លោក ប៊ី​ល ដេ ប្លា​ស៊ីអូ បាន​និយាយថា “​ការជឿទុកចិត្ត ភាពរឹងមាំ និង ការតស៊ូ​របស់​ក្រុមកីឡា​បាល់ទាត់​ស្ត្រី​អាម៉េរិក​គឺជា​ការ​បំផុសគំនិត​ដល់​អ្នក​ដែល​បាន​មើល​ពួកគេ​” ហើយ​ពួកគេ​នឹង​ត្រូវបាន​ស្វាគមន៍​មកកាន់​ទីក្រុង​នេះ​ជាមួយ​ការហែក្បួន​នៅ​ថ្ងៃ​ពុធ ទី​១០ កក្កដា​។​

​ជម្រើសជាតិ​ស្រី​អាម៉េរិក​បានទទួល​កិត្តិយស​ស្រដៀង​គ្នា​នេះដែរ បន្ទាប់ពី​ជ័យជម្នះ​របស់​ពួកគេ​កាលពីមុន​នៅក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​ស្រី​ឆ្នាំ ២០១៥៕ ដោយ៖ កញ្ញាដាលីស

ជម្រើសជាតិ​ស្រី​អាម៉េរិក​លើក​ពាន​វើ​ល​ខាប់​បន្ទាប់ពី​ឈ្នះ​ហូ​ឡង់ ២-០ នៅ​ទីក្រុង​លី​យ៉ុង

ទីតាំងផ្សាយពាណិជ្ជកម្ម