ខេ​ម ចាន់ គ្រង​តំណែង​ជើងឯក ពានរ​បស់ TV5

566
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍ Tv5 Boxing Knock-Out Serie by K-Cement សម្រាប់​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម បានបញ្ចប់​ហើយ នា​យប់​ថ្ងៃទី​៦ កក្កដា​។​

​ក្នុងចំណោម អ្នក​ប្រដាល់ ចំនួន ៣២ រូបនោះ អ្នក​ប្រដាល់ ខេ​ម ចាន់ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ គឺ​ពិតជា​អ្នកខ្លាំង​មែន ដោយសារ​មួយ​ព្រឹត្តិការណ៍​នេះ គេ​មិន​ស្គាល់​ចាញ់​សោះឡើយ ។ ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ គេ​បាន​យកឈ្នះ អ្នក​ប្រដាល់ ជី ឆៃលី ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នៃ​ក្រសួងការពារជាតិ ដោយ​ពិន្ទុ​ដាច់​តែម្ដង ។​

ទិដ្ឋភាព​​ប្រកួត​ផ្ដាច់ព្រ័ត្រ

​ចៅក្រម​ទាំង ៥ រូប សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ ខេ​ម ចាន់ ឈ្នះ ឆៃលី ដូចៗ​គ្នា ។ ឆៃលី ក៏​ខ្លាំង​ដែរ គឺ​មួយ​ព្រឹត្តិការណ៍​នេះ គេ​ចាញ់​តែមួយ​ប្រកួត ចុងក្រោយ គឺ​ចាញ់ ខេ​ម ចាន់ នេះ​តែម្ដង ។ ខេ​មចាន់ បាន​ក្លាយជា​ម្ចាស់​ពាន ដែលមាន​ទឹកប្រាក់​អម ចំនួន ៤.០០០​ដុល្លារ ។ ចំពោះ ជី ឆៃលី បានជា​ជើងឯក​រង ដែលមាន​ទឹកប្រាក់ ជា​រង្វាន់​ចំនួន ២.០០០ ដុល្លារ ។​

​ចំពោះ​ការប្រកួត​ដណ្ដើម ចំណាត់ថ្នាក់​លេខ​៣ វិញ​នោះ ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ដ​កីឡា ផ្ដួល លី តក់ មកពី​ក្លិប​ប្រកួត​គុន​ខ្មែរ នៅ​ទឹក​ទី​១ ។​

​លី តក់ ត្រូវ​អាជ្ញាកណ្ដាល​រាប់ ៨ នៅ​ទឹក​ទី​១ បន្ទាប់ពី​ត្រូវ​មួយ​ជើង របស់ ណង​សៅ នោះ ។ ទោះបី​គេ នៅ​បន្ត​ការប្រកួត​បាន​ទៀត ក៏ពិតមែន តែ​នៅ​ចុង​ទឹក​ទី​១ លី តក់ សន្លប់ ដោយសារ​កណ្ដាប់ដៃ របស់ ណង​សៅ ។ ឡុង ណង​សៅ ដែល​បាន​ចំណាត់ថ្នាក់​លេខ​៣ នោះ បានទទួល​ប្រាក់រង្វាន់ ចំនួន ១.០០០ ដុល្លារ រីឯ លី តក់ ដែល​ទទួល​បរាជ័យ​នោះ បានទទួល​ប្រាក់​លើកទឹកចិត្ត ចំនួន ៥០០ ដុល្លារ​ដែរ ។

ទិដ្ឋភាព​ប្រគល់​ពាន​ ក្រោយពេលប្រកួត​ផ្ដាច់ព្រ័ត្រ

​​ចំពោះ​ការប្រកួត​ជា​មិត្តភាព​អន្តរជាតិ រវាង​កម្ពុជា និង​ថៃ​វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា វង្ស ណ​យ មកពី​ក្លិប​កុលបុត្រ​គុន​ខ្មែរ បាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ ក្វាន់ ឆៃ (Kwan Chhai) ដោយ​ពិន្ទុ ។​

​វង្ស ណ​យ បានទទួល​ជ័យជំនះ ក្នុងការ​ប្រកួត​នេះ​មែន តែ វង្ស ណ​យ ត្រូវ​អ្នក​ប្រដាល់​ថៃ​រូបនេះ វាយ​ឲ្យ​មាន​របួស​លើ​ភ្នែក​ស្ដាំ នៅ​ទឹក​ទី​២ ។ សូមបញ្ជាក់ថា ស្ថានភាព​នៅក្នុង​ការប្រកួត វង្ស ណ​យ មានប្រៀប​ស្ទើរតែ​ពេញ ទាំង​៥ ទឹកតែ​ម្ដង ។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ អេ​លី​ត កែវ​ឡុង ក្លិប​ឆ្មា ស សែន​សុខ សន្លប់​នៅ​ទឹក​ទី​២ ដោយសារ​ទម្ងន់​ជើង ទាត់​ផ្កាប់​ចាន របស់​អ្នក​ប្រដាល់ សេក ចៅ​ជូត របស់​ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ៕v

ទិដ្ឋភាព​ប្រគល់​ពាន​ ក្រោយពេលប្រកួត​ផ្ដាច់ព្រ័ត្រ

ទីតាំងផ្សាយពាណិជ្ជកម្ម