ជួសជុល​ស្ពាន​យោល​ចំនួន​បី​កន្លែង​ស្រុក​កងមាស​ប្រយោជន៍​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​

823
ចែករម្លែក

ដោយ​:គង់​ហេង/​កំពង់ចាម ​: អន្តរក្រសួង​ផ្តល់​ថវិកា​ជួយ​ជួសជុល​ស្ពាន​យោល​ចំនួន បី កន្លែង​នៅ​ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម ដើម្បី​សម្រួល​ដល់​ការធ្វើ់ដំណើរ​ឆ្លងកាត់​ព្រែក​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ចំនួន បី ភូមិ​ពោល គឺ​សម្រាប់​សិស្សានុសិស្ស​ទៅកាន់​សាលារៀន និង​ប្រជាពលរដ្ឋ​ដឹក​ជ​ញ្ជួ​ន​កសិផល​ពី​ចម្ការ​មកកាន់​ទីផ្សារ​។​

លោក អ៊ី កុក​គង់ មេឃុំ​ព្រែក​ក្របៅ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ​២០១៩​ថា តាមរយ​:​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បង្កើតជា​ក្រុមការងារ​អន្តរក្រសួង គឺ​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​នាយកដ្ឋាន​ផ្លូវលំ​ជនបទ បាន​ឧបត្ថម្ភ​ថវិកា​ជួយ​ជួសជុល​ស្ពាន​យោល​ប្រើប្រាស់​ខ្សែ​កា​ប្ល កម្រាល​ឈើ​ប្រភេទ​ផ្ចឹក​ចំនួន បី កន្លែង​ប្រវែង​សរុប ៨៨,៥០​ម៉ែត្រ និង​ទទឹង ១,៨០​ម៉ែត្រ​។​

លោក​មេឃុំ​បានដឹង​ទៀតថា ស្ពាន​យោល​ទាំងបី​កន្លែង​ដែល​អន្តរក្រសួង​បានផ្តល់​ថវិកា​ជួសជុល​ឡើងវិញ​នេះ គឺ​ឆ្លង​ព្រែក​ពាមជីកង​ចំនួន​ពីរ​កន្លែង ស្ថិតក្នុង​ភូមិ​ពោធិ​សាលា​ទី​១ ចំនួន មួយ កន្លែង ,​ភូមិ​ពោធិ​សាលា​ទី​២ ចំនួន មួយ កន្លែង និង​មួយកន្លែង​ទៀត​ឆ្លងកាត់​ព្រែក​ចម្ការឪឡឹក​ក្នុងភូមិ​ចម្ការឪឡឹក ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។​

លោក កុក​គង់ បាន​បន្ថែមថា បច្ចុប្បន្ន​ខាង​ក្រុម​ជាង​បាន​ប្រើប្រាស់​រយ​:​ពេល​មួយ​សប្តាហ៍ ជួស​ជុស​រួចរាល់​បាន​មួយកន្លែង​អាច​ឆ្លងកាត់​បាន​ហើយ​នៅ​ភូមិ​ពោធិ​សាលា​ទី​២​។ បន្ទាប់​ជួសជុល​រួចរាល់​ទាំងបី​កន្លែង​នោះ គឺ​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទាំងបី​ភូមិ​ខាងលើ ដែលមាន​ចំនួន​គ្រួសារ​សរុប ៨១៤​គ្រួសារ ពិសេស​គ្រួសារ​ទាំងនោះ​ស្ទើរ​១០០​ភាគរយ នឹង​បាន​ដឹក​ជ​ញ្ជួ​ន​កសិផល​តាម​ម៉ូតូ​ពី​ចម្ការ​ទៅកាន់​ទីផ្សារ និង​សិស្សានុសិស្ស​ប្រមាណ ២៧៨​នាក់ នឹង​បានធ្វើ​ដំណើរ​កាន់​សាលារៀន​ដូច​ប្រក្រតី​ឡើងវិញ​ហើយ​។​

លោក​បាន​បន្តថា ស្ពាន​យោល​ទាំងបី​កន្លែង​ខាងលើនេះ​បាន​ផ្តួចផ្តើម​ស្ថាបនា​តាំងពី​លោក ម៉ៅ ភា​រុណ នៅ​ជា​អភិបាលរង​ខេត្តកំពង់ចាម ដោយ​ប្រើប្រាស់​ឈើ​កម្រាល​ស្ពាន​ជា​ប្រភេទ​ឈើ ឈើទាល​បាន​ពុកផុយ​មិនអាច​ធ្វើដំណើរ​ឆ្លងកាត់​។ ប៉ុន្តែ​លើក​នេះ​ជាង​ជួស​ជុ​សបាន​ផ្លាស់ប្តូ​រដាក់​ជា​កម្រាល​ប្រភេទ​ឈើ​ផ្ចឹក ជា​ឈើ​ធុន​នឹង​ទឹក និង​ផ្លាស់ប្តូរ​ខ្សែ ដែក​រនុក គឺអាច​ធានា​គុណភាព​ប្រើប្រាស់​ប្រហែល ២០​ឆ្នាំ​។​

លោក មឿ​ន ផា អភិបាលស្រុក​កងមាស​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ស្រុក​កងមាស​មាន​ប្រភេទ​ស្ពាន​យោល​ចំនួន បីកន្លែង​នៅ​ឃុំ​ព្រែក​ក្របៅ​នេះ គឺមាន​ចំនួនពីរកន្លែង​ផ្សេងទៀត មួយកន្លែង​ឆ្លងកាត់​ព្រែកកុយ រវាង​ភូមិ​គង​ជ័យ ឃុំ​ព្រែកកុយ ស្រុក​ង​មាស ខេត្តកំពង់ចាម និង​ស្រុក​មុខកំពូល ខេត្តកណ្តាល និង​មួយកន្លែង​ទៀត​ឆ្លងកាត់​ព្រែក​ពាមជីកង រវាង​ភូមិ​ដំណាក់​ជ្រៃ និង​ភូមិ​ដំណាក់​ល្អិត ឃុំ​រកា​គយ ស្រុក​កងមាស​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម