ចំនួន​មេដាយ​ស៊ី​ហ្គេម​កម្ពុជា​បន្ត​នៅ​ចំណាត់ថ្នាក់​លេខ​៨

1097
ចែករម្លែក
ការ​ត្រឡប់មកវិញ​របស់​អ្នក​ប្រដាល់​សាកល​កម្ពុជា (​រូប​៖ រ៉ូ​ហ្សា​)

(​ភ្នំពេញ​): កីឡាប្រដាល់​សាកល​កម្ពុជា​ចំនួន ៥​រូប បាន​ត្រឡប់​មកពី​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​វិញ​ហើយ ដោយ​មានតែ​អ្នក​ប្រដាល់ ណាត សៀក​និ​ន ហៅ ពេជ្រ​ម្ទេសខ្មាំង​មួយរូប​គត់ ដែល​ដណ្ដើមបាន​មេដាយសំរិទ្ធ​។​

​ជាមួយនឹង​ការ​ត្រឡប់មកវិញ​នេះ គេ​សង្កេតឃើញថា ចំណាត់ថ្នាក់​របស់​កម្ពុ​ជា នៅក្នុង​ស៊ី​ហ្គេម គឺ​បន្ត​នៅ​លំដាប់​ទី​៨ ជា​បណ្ដោះអាសន្ន​ដដែល ក្នុងខណៈដែល​ម្ចាស់​ផ្ទៈ​ម៉ាឡេស៊ី បន្ត​ឈរ​នៅ​លំដាប់​ទី​១ ដោយមាន​មេដាយ​សរុប​ចំនួន​១៥៩​គ្រឿង គឺ​មាស​៦៨ ប្រាក់ ៤៦ និង សំរិទ្ធ​៤៥ ។​

​វៀតណាម​បន្ត​នៅ​ចំណាត់ថ្នាក់​ទី ២​ដោយមាន​មេដាយ​សរុប​ចំនួន​១០៦​គ្រឿង គឺ​មាស​៤៣​ប្រាក់​២៩ និង​សំរិទ្ធ ៣៤ ។ សឹង្ហ​បុរី​ចំណាត់ថ្នាក់​ទី ៣​ដែលមាន​មេដាយ​សរុប​ចំនួន​១១១​គ្រឿង​គឺ​មាស​៣៩ ប្រាក់ ៣៣​និង សំរិទ្ធ ៣៩ ។ ថៃ​នៅ​លំដាប់ថ្នាក់​ទី ៤​ដែលមាន​មេដាយ​សរុប​ចំនួន​១៤០​គ្រឿង​គឺ​មាស​៣៥ ប្រាក់​៥០ និង សំរិទ្ធ ៥៥​គ្រឿង ។ ឥណ្ឌូនេស៊ី​នៅ​លំដាប់ថ្នាក់​ទី​៥ ដែលមាន​មេដាយ​សរុប​ចំនួន​១០២​គ្រឿង គឺ​មេដាយមាស​ចំនួន​២២ ប្រាក់​៣៥ និង សំរិទ្ធ​៤៥​គ្រឿង​។​

​ហ្វីលីពីន​នៅ​ចំណាត់ថ្នាក់​ទី​៦ ដែលមាន​មេដាយ​សរុប​ចំនួន​៧២​គ្រឿង ក្នុងនោះ មេដាយមាស​ចំនួន​១៥ ប្រាក់​២១ និង​សំរិទ្ធ​៣៦​គ្រឿង​។ មី​យ៉ាន់​ម៉ា នៅ​ចំណាត់ថ្នាក់​ទី​៧ ដែលមាន​មេដាយ​សរុប​ចំនួន​២៦​គ្រឿង គឺ​មេដាយមាស​៦ ប្រាក់​៨ និង​សំរិទ្ធ​១២​គ្រឿង​។ កម្ពុជា​បន្ត​នៅ​ចំណាត់ថ្នាក់​លេខ​៨ ដោយមាន​មេដាយ​សរុប​ចំនួន​៧​គ្រឿង គឺ​មាស​១ និង​សំរិទ្ធ ៦​គ្រឿង​។​

​ប្រ៊ុយណេ​នៅ​ចំណាត់ថ្នាក់​ទី​៩ ដែលមាន​មេដាយ​សរុប​ចំនួន​៩​គ្រឿង គឺ​ប្រាក់​២ និង​សំរិទ្ធ​៧​គ្រឿង​។ ឡាវ នៅ​ចំណាត់ថ្នាក់​ទី​១០ ដែលមាន​មេដាយ​សរុប ៨​គ្រឿង គឺ​ប្រាក់​១​សំរិទ្ធ ៧ ឯ​ទី​ម័​រ​ខាងកើត​មិនទាន់​រកបាន​មេដាយ​នៅឡើយ​ទេ​៕ L ដោយ​៖ រ៉ូ​ហ្សា​