គូប្រជែង​នយោបាយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បញ្ចប់​ការចរចា​រយៈពេល​២​ថ្ងៃ​ស្តីពី “​ផែនទី​បង្ហាញផ្លូវ​សម្រាប់​សន្តិភាព​”

560
ចែករម្លែក

ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដ៏​មាន​ឥទ្ធិពល​រាប់សិប​នាក់​បានបញ្ចប់​កិច្ចចរចា​រយៈពេល​ពីរ​ថ្ងៃជា​មួយ​ពួក​តា​លី​បង់​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​កក្កដា​ក្នុង​ទីក្រុង​ដូ​ហា ដោយ​កសាង​មូលដ្ឋានគ្រឹះ​សម្រាប់​ការចរចា​ជាថ្មី​រវាង​សហរដ្ឋ​អាម៉េរិក​និង​ពួក​សកម្មប្រយុទ្ធ​។​

​ការជួបគ្នា​នេះ​បានបញ្ចប់​ទៅជា​មួយ​សេចក្តីថ្លែងការណ៍​រួមមួយ​ដែល​សន្យាថា​នឹងមាន “​ផែនទី​បង្ហាញផ្លូវ​សម្រាប់​សន្តិភាព​” ដោយ​ផ្អែកលើ​ការបើក​ដំណើរការ​សន្តិភាព​ដែលមាន​ការពិនិត្យ​តាមដាន ការវិល​ត្រឡប់មកវិញ​របស់​ប្រជាជន​ផ្លាស់​ទីលំនៅ និង ការមិន​ជ្រៀតជ្រែក​ពី​មហាអំណាច​តំបន់​ក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

“​ការធានា​សិទ្ធិ​ស្ត្រី​ក្នុង​កិច្ចការ​នយោបាយ សង្គម សេដ្ឋកិច្ច ការអប់រំ និង​វប្បធម៌ នៅក្នុង​ក្របខ័ណ្ឌ​តម្លៃ​អ៊ីស្លាម​” ក៏បាន​បង្ហាញ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ផងដែរ​។​

​ប្រតិភូ​មួយរូប​ឈ្មោះ ម៉ា​រី អាក្រា​មី (Mary Akrami) នាយក​ប្រតិបត្តិ​នៃ​បណ្តាញ​នារី​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​វា​មិនមែនជា​កិច្ចព្រមព្រៀង​នោះទេ វា​គឺជា​មូលដ្ឋានគ្រឹះ​ដើម្បី​ចាប់ផ្តើម​ការពិភាក្សា​។ ផ្នែក​ដ៏​ល្អ​គឺថា​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​”​។​

​លោក អា​មៀរ ខាន់ មូ​តា​គី (Amir Khan Mutaqi) អតីតរដ្ឋមន្ត្រី​មួយរូប​របស់​ក្រុម​តា​លី​បង់​ក្នុងអំឡុងពេល​នៃ​ការគ្រប់គ្រង​របស់​តា​លី​បង់​ក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ឆ្នាំ ១៩៩៦-២០០១ បាន​អាន​សេចក្តីថ្លែងការណ៍​ជា​ភាសា Pashto ដែលមាន​ប្រហែល ៧០០ ពាក្យ​។​

​លោក ហា​ប៊ី​បា សា​រ៉ា​ប៊ី (Habiba Sarabi) អនុប្រធាន​ក្រុមប្រឹក្សា​សន្តិភាព​ជាន់ខ្ពស់​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បង្កើតឡើង​ដោយ​អតីត​ប្រធានាធិបតី ហា​មី​ដ កា​ហ្សៃ ដើម្បី​ធ្វើឱ្យមាន​ការចូលរួម​ពី​ក្រុម​តា​លី​បង់ បាន​អាន​សេចក្តីថ្លែងការណ៍​ជា​ភាសា Dari​។​

​ប្រតិភូ​ប្រហែល ៧០ នាក់​បាន​ចូលរួម​ការជួប​ជុំគ្នា​នៅ​សណ្ឋាគារ​ប្រណីត​នៅ​ទីក្រុង​ដូ​ហា​ហើយ​បន្ទប់​ប្រជុំ​ដ៏​ធំ​បាន​ផ្ទុះ​ការអបអរសាទរ បន្ទាប់ពី​សេចក្តីថ្លែងការណ៍​រួម​ត្រូវបាន​អាន​ចប់​នៅមុន​ម៉ោង ២១:០០ ម៉ោង​សកល​។​

​បេសកជន​ពិសេស​ប្រឆាំង​ភេរវកម្ម​របស់​កាតា​លោ​កមូត​ឡាក់ អាល់​កាតា​នី (Mutlaq al-Qahtani) បាន​និយាយថា “​ការខ្វែងគំនិត​គ្នា​គឺ​ស្ទើរ​តែមាន​តិច​បំផុត​…​យើង​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​របៀប​ដែល​ភាគី​ទាំងសងខាង​យកចិត្តទុកដាក់​ខ្លាំង ហើយ​ពួកគេ​ពិតជា​មានការ​ប្តេជ្ញាចិត្ត​ជាខ្លាំង​ដើម្បី​បញ្ចប់​ជម្លោះ​”​។​

​កិច្ចប្រជុំ ដែល​គេ​ហៅថា​កិច្ចចរចា​ផ្ទៃក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន ធ្វើឡើង បន្ទាប់ពី​កិច្ចចរចា​រវាង​អាម៉េរិក​និង​ពួក​តា​លី​បង់​ដោយផ្ទាល់​រយៈពេល​៦​ថ្ងៃ ដែល​ត្រូវ​ផ្អាក​សិន​សម្រាប់​សន្និសីទ​អា​ហ្វ​ហ្គា​នី​ស្ថាន​រយៈពេល​ពីរ​ថ្ងៃ​។​

​ការចរចា​គ្នា​ជាច្រើន​ទៀត​នឹង​បន្តធ្វើ​ឡើងវិញ​ជាមួយ​ការបន្ត​ការទាក់ទង​គ្នា​ដោយផ្ទាល់​រវាង​អាម៉េរិក​និង​តា​លី​បង់​នៅ​ទីក្រុង​ដូ​ហា​នៅ​ថ្ងៃ​អង្គារ​ទី​៩​កក្កដា​នេះ ខណៈដែល​ភាគី​ទាំងពីរ​សម្លឹងមើល​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ដែលមាន​រយៈពេល ១៨ ឆ្នាំ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា​ខ្លួន​ចង់​សម្រេចបាន​កិច្ចព្រមព្រៀង​នយោបាយ​មួយ​ជាមួយ​ពួក​តា​លី​បង់ មុនពេល​ការបោះឆ្នោត​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ខែកញ្ញា ដើម្បី​អនុញ្ញាតឱ្យ​កងកម្លាំង​បរទេស​ចាប់ផ្តើម​ដកចេញ​៕ ដោយ៖ កញ្ញាដាលីស

ពួក​តា​លី​បង់​និយាយ​អំពី​តួនាទី​របស់​ស្ត្រី​ក្នុងការ​ដោះស្រាយ​ជម្លោះ​នាពេល​អនាគត

ទីតាំងផ្សាយពាណិជ្ជកម្ម